មន្រ្តីនាំពាក្យគណបក្សគ្រប់គ្រងអំណាច បានប្រតិកម្មទៅនឹងការចោទប្រកាន់របស់អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដោយហៅការរិះគន់រឿងទិញវ៉ាក់សាំងនោះថា ជាចេតនាទុច្ចរិតនិងបំពុលបរិយាកាសនយោបាយ។
ការថ្លែងដូច្នេះរបស់លោក សុខ ឥសាន មន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាច ធ្វើឡើងបន្ទាប់ពីអតីតតំណាងរាស្រ្តបក្សប្រឆាំង លោក ម៉ែន សុថាវរិន្រ្ទ បានបន្តរិះគន់ជាថ្មីម្តងទៀតចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ។
នៅក្នុងសារនយោបាយដ៏វែងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក ម៉េន សុថាវរិន្ទ្រ បានថ្លែងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបគ្រោះអាសន្នធំនៅចុងឆ្នាំ២០២១នេះ និងថា ការប្រកាសរបស់លោក ហ៊ុន សែន ឱ្យមន្រ្តីតូចធំនិងឧកញ៉ា បរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ-១៩នេះ គ្រាន់តែជាការធ្វើតេស្ត ដើម្បីរកមើលថាតើនៅមានមន្រ្តីណាខ្លះនៅគាំទ្រនិងមានភក្តីភាពទៀតចំពោះការដឹកនាំរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ។ លោកថា ត្រឹមលុយ៤០លាន ឬ១០០លានដុល្លារ ដើម្បីទិញវ៉ាក់សាំង សម្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺមិនខ្វះទេ។
លោក ម៉ែន សុថាវរិន្ទ្រ បន្តទៀតថា មិនតែប៉ុណ្ណោះ ប្រសិនបើមេដឹកនាំបក្សកាន់អំណាចរូបនេះរកឃើញថា មិនមានអ្នកបញ្ចេញសាច់ប្រាក់ទេ មានន័យថា អ្នកនោះហើយជាអ្នកមិនពេញចិត្តចំពោះរូបលោកនិងមិនជួយដោះបន្ទុកក្នុងគ្រាមានអាសន្ន។
ប្រតិកម្មតបទៅនឹងការវាយប្រហារនេះ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅការរិះគន់នេះថា ជាគំនិតស្មោកគ្រោក និងជានយោបាយ ដែលគ្មានតម្លៃអ្វីឡើយសម្រាប់ពិចារណា។ លោកបន្តថា ចំពោះវ៉ាក់សាំងដែលកំពុងដាក់ឱ្យប្រើប្រាស់នេះ គឺរដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់ជូនពលរដ្ឋរបស់ខ្លួន។
លោកបានគូសបញ្ជាក់ថា៖ «ខ្ញុំមិនចាប់អារម្មណ៍ចំពោះឧបាយកលពិសពុលរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលតែងតែនិយាយមួលបង្កាច់ហើយនិងលាបពណ៌មកលើគណបក្សប្រជាជនកម្ពុជាទេ។ ហើយតាមរយៈនេះ ខ្ញុំក៏សូមផ្តាំផ្ញើទៅបងប្អូន ហើយជាពិសេសក្មួយៗដែលជាសារព័ត៌មានហ្នឹង កុំយកចិត្តទុកដាក់ការដែលបង្កើតល្បិចកលពិសពុលផ្សេងៗ ហើយដាក់កំហុសមកលើគណបក្សប្រជាជនកម្ពុជា។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកបានប្រកាសហើយថា វ៉ាក់សាំងប្រឆាំងកូវីដនៅកម្ពុជា មានរហូតដល់ជាង៣០លានដូសឯណោះ»។
យ៉ាងនេះក្តី សម្រាប់អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា មិនឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់អតីតតំណាងរាស្រ្តបក្សប្រឆាំងនោះទេ។ ចំណុចដែលលោកយល់ឃើញមិនពេញលេញ នៅត្រង់ថា ថ្វីត្បិតមន្ត្រីនិងសមាជិកនៅក្នុងបក្សកាន់អំណាចមួយចំនួនមិនគាំទ្រនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែអ្នកទាំងនោះក៏មិនបែកខ្ញែកទៅណាដែរ។
លើសពីនេះទៀត លោក ឯម សុវណ្ណរ៉ា ក៏មិនយល់ស្របដែរចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដែលថា មានលទ្ធភាពក្នុងការបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩នោះ ដោយលោកថា បើសិនជារដ្ឋាភិបាលពិតជាមានសមត្ថភាពពេញលេញមែន ប្រហែលឈានទៅប្រើវ៉ាក់សាំងដែលថ្លៃនិងមានគុណភាពខ្ពស់របស់ប្រទេសមហាអំណាចលោកសេរីហើយ។
លោកបន្តថា៖ «វាក៏មិនត្រូវទាំងស្រុងដែរ ព្រោះរដ្ឋាភិបាល បើយើងនិយាយទៅ បើមានលុយ រដ្ឋាភិបាលទិញ Pfizer and Mondial មកហើយ! មិនទិញ Sinovac and Sinofam ហ្នឹងទេ! អាហ្នឹងយើងអាចមើលទៅ ឃើញទូទៅ ហើយពលរដ្ឋទូទៅក៏អាចមើលឃើញដែរ»៕









