អ្នកជំងឺកូវីដ-១៩ចំនួន ២៤ នាក់ទៀត បានស្លាប់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់ជាង ១០០០ នាក់។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ចំនួន ២៤ នាក់ទៀតបានស្លាប់ កាលពីម្សិលមិញ ខណៈអ្នកឆ្លងថ្មីចំនួន ៨៣៦នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២៧៩ នាក់។ ក្រៅពីរកឃើញអ្នកឆ្លង និងស្លាប់នោះ ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន៩២៨នាក់ ជាសះស្បើយផងដែរ។
បើតាមក្រសួងសុខាភិបាលឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៦៦,៣៣៦ នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេស ចំនួន ៦០០០ នាក់ ខណៈអ្នកជាសះស្បើយ ៥៧,៩៥៥ នាក់ និងស្លាប់សរុប ១០៧៦នាក់។
កាលពីថ្ងៃទី១៦ ខែកក្កដា ម្សិលមិញ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានព្រមានជាថ្មីថា កម្ពុជាកំពុងប្រឈមការឆ្លងហួសពីបន្ទាត់ក្រហមហើយ។ ទន្ទឹមគ្នានេះ សោកនាដកម្មនៃសុខភាពសាធារណៈនៅកម្ពុជា អាចនឹងកើតឡើងក្នុងពេលខាងមុខនេះ។
ការព្រមានរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នេះ គឺស្របពេលដែលក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកដំណើរចូលមកកម្ពុជាចំនួន ៣៧ នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃចូលមកកម្ពុជា ឆ្លងជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ B.1.617.2 (Delta) ដែលប្រភពពីប្រទេសឥណ្ឌា។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ជំងឺកូវីដ-១៩ ឈ្មោះ «ដែលតា (Delta)» នេះ ជាវីរុសបំប្លែងខ្លួនថ្មី មានភាពសាហាវជាងវីរុសបំប្លែងខ្លួនមុនៗចំនួនដល់ទៅ១៥ដង៕









