សង្គម​ស៊ីវិល​ថា​ កម្ពុជា​គួរ​បង្កើន​សមត្ថ​ភាព​បន្សាំ​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​​ធាតុ

ប្រជានេសាទម្នាក់នៅឃុំកំពង់ភ្លុក បង់សំណាញ់នេសាទត្រីនៅផ្នែកមួយតាមដងទន្លេមេគង្គ ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកបាគង ខេត្តសៀមរាប ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។

មន្ត្រីសង្គមស៊ីវិលមើលឃើញថា សមត្ថភា​ព​បន្សាំខ្លួ​នរបស់​ពលរដ្ឋ​ចំពោះការប្រែប្រួលអាកាសធាតុនៅមានកម្រិត ដែលទាមទារឱ្យរដ្ឋាភិបាលគប្បីធ្វើយ៉ាងណាបង្កើនសមត្ថភាពបន្សាំខ្លួននេះបន្ថែមទៀត។

ការលើកឡើងនេះ ក្រោយពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសផ្តល់ជំនួយបច្ចេកទេសថ្នាក់តំបន់រយៈ​ពេល​៦ឆ្នាំ ដើម្បីបង្កើនសមត្ថភាព ប្រព័ន្ធសុខាភិបាល នៅប្រទេសកម្ពុជា ឡាវ និងវៀតណាម ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងលើបញ្ហាសុខភាពដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ប្រាប់ វីអូឌី កាលពីថ្ងៃ​ម្សិលមិញ​ថា ​ការផ្តល់ជំនួយបច្ចេកទេសដើម្បីឆ្លើយតបពាក់ព័ន្ធការប្រែប្រួលអាកាសធាតុនេះ វាជាបញ្ហាមួយសំខាន់ណាស់។

លោកបន្តថា ​រដ្ឋាភិបាលកម្ពុជា​ធ្លាប់បានប្តេជ្ញាចិត្តក្នុងការកាត់បន្ថយបម្រែបម្រួលអាកាសធាតុជាហូរហែរួចមក​ហើយ ​ ប៉ុន្តែលោកមើលឃើញថា នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ​ ជាពិសេសសមត្ថភាពក្នុងការបន្សាំខ្លួនដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុនៅមានកម្រិត ហើយការកាប់ព្រៃឈើដែលជាផ្នែកដ៏សំខាន់មួយ​ធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ ​ក៏នៅតែបន្តកើតមានឥតឈប់ឈរ។  ​

លោកបន្តថា៖ «ជាធម្មតា ការប្រែប្រួលអាកាសធាតុ យើងមិនអាចធ្វើតាមអ្នកណាម្នាក់ទេ វាសំខាន់បំផុតការប្តេជ្ញាចិត្តជាសកល ហើយកម្ពុជាយើងក៏ជាប្រទេសមួយដែលចូលរួមប្តេជ្ញាចិត្តជាមួយគេជាមួយឯងក្នុងការកាត់បន្ថយបម្រែបម្រួលអាកាសធាតុហ្នឹងដែរ។ ហើយធ្វើម៉េចបង្កើន​សមត្ថភាពបន្សាំរបស់ប្រជាពលរដ្ឋខ្លួនហ្នឹងឱ្យ​​មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្សាំបម្រែបម្រួលអាកាសធាតុហ្នឹងដែរ»។

សេចក្តីប្រកាសព័ត៌មានរបស់ ADB កាលពីថ្ងៃចន្ទ បានឱ្យដឹង​ថា ការ​​ពង្រឹងភាពធន់និងការប្រែប្រួលអាកាសធាតុដល់វិស័យសុខាភិបាលក្នុងគម្រោងមហាអនុតំបន់មេគង្គ (GMS) បានជួយប្រទេសទាំង២៣ ឱ្យអនុម័តផែនការបន្សាំសម្រាប់ផ្នែកសុខាភិបាលជាតិ ដើម្បីដោះស្រាយហានិភ័យបណ្តាលមកពីអាកាសធាតុ រួមមាន កម្តៅ និងជំងឺឆ្លងផ្សេងៗដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ ភាពតានតឹងអារម្មណ៍ដោយសារកម្តៅ និងជំងឺរាករូស ជាដើម។

ADB អះអាងថា គម្រោងនេះបានជួយដល់រដ្ឋាភិបាលទាំង៣ប្រទេស ក្នុងការកំណត់ការវិនិយោគដែលមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយអត្រាមរណភាព និងជំងឺបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ការជួយទាំងនោះ រួមមាន ការបង្កើតប្រព័ន្ធប្រកាសអាសន្នកម្ដៅបឋម និងការកែលម្អបរិក្ខារសុខាភិបាលឱ្យមានភាពធន់នឹងអាកាសធាតុ ពិសេសនៅក្នុងតំបន់ដាច់ស្រយាលនិងសហគមន៍ដែលមិនទាន់ទទួលបានការគាំទ្រ។

លើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ នាយិកាផ្នែកអភិវឌ្ឍន៍មនុស្ស និងសង្គម នៃនាយកដ្ឋានប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី អ្នកស្រី Ayako Inagaki មានប្រសាសន៍ថា គម្រោងនេះ​បានជួយកាត់បន្ថយភាពងាយរងគ្រោះរបស់កម្ពុជា ឡាវ និងវៀតណាម ចំពោះការគំរាមកំហែងផ្នែកសុខាភិបាលដែលបង្កឡើងដោយអាកាសធាតុ។

អ្នកស្រី Ayako Inagaki បន្តថា៖ «ជាពិសេសក្នុងចំណោមក្រុមជនងាយរងគ្រោះ រួមមាន ពលរដ្ឋក្រីក្រ ពលរដ្ឋចំណាកស្រុក និងជនជាតិដើមភាគតិច»។

ដោយឡែក នាយិកាប្រចាំកម្ពុជារបស់ ADB អ្នកស្រី Sunniya Durrani-Jamal មានប្រសាសន៍ថា ជាមួយផែន​ការ​ជាតិ​ដែលបានបញ្ចប់ទៅថ្មីៗនេះ សំដៅធ្វើឱ្យប្រព័ន្ធសុខាភិបាលកាន់តែធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងសមត្ថភាពដែលត្រូវបង្កើនឡើងដល់មន្ត្រីសុខាភិបាល ហើយ​ប្រទេសកម្ពុជាក៏កាន់តែរឹងមាំក្នុងការការពារសហគមន៍ងាយរងគ្រោះ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ចំពេលដែលមានការរាតត្បាតជំងឺកូវីដ-១៩។

យ៉ាងណា កន្លងមក រដ្ឋាភិបាល​កម្ពុជា​ធ្លាប់បានទទួល​ស្គាល់​​​ពីផលប៉ះពាល់នៃបម្រែបម្រួល​អាកាសធាតុ និង​បានចាត់ទុក​បញ្ហាបម្រែបម្រួល​អាកាសធាតុជា​រឿងអាទិភាព​ចម្បង​មួយ​នៅក្នុង​ផែនការ​អភិវឌ្ឍ​ន៍យុទ្ធសាស្ត្រ​ជាតិ ​ឆ្នាំ២០១៤-២០១៨ និង​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​ផ្នែក​បម្រែបម្រួល​អាកាសធាតុ​កម្ពុជា ​ឆ្នាំ២០១៤-២០២៣ ថែមទៀតផង​។​

ADB បញ្ជាក់ថា គម្រោងជំនួយបច្ចេកទេសថ្នាក់តំបន់នេះ ត្រូវបានអនុម័តនៅឆ្នាំ២០១៥ ជាមួយថវិកាជាង៤លានដុល្លារ (៤,៤លានដុល្លារ) ពីមូលនិធិអភិវឌ្ឍន៍ Nordic (Nordic Development Fund) និងហិរញ្ញប្បទាន​សមភាគីពីរដ្ឋាភិបាលប្រទេសទាំង៣។ គម្រោងនេះជាការផ្តួចផ្តើមដំបូងរបស់ ADB នៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការឆ្លើយតបរបស់រដ្ឋាភិបាលទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុចំពោះការថែទាំសុខភាព។

របាយការណ៍សិក្សាមួយរបស់អង្គការក្រៅរដ្ឋាភិបាល NGO-Forum សហការជាមួយដៃគូពាក់ព័ន្ធ ​ស្តីពី​ការវាយតម្លៃ​លើ​ការ​បន្សាំនឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា ដែលចេញផ្សាយកាលពីខែ​មករា ឆ្នាំ២០១៩ បង្ហាញថា បញ្ហា​ប្រឈម​នៅក្នុង​ការលើកកម្ពស់ភាពបន្សាំនឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា ​រួមមាន ការសម្រេចចិត្ត​របស់​អាជ្ញាធរ​នៅមានកម្រិត បញ្ហាកង្វះ​ប្រតិបត្តិការ​ដោយ​ស្វ័យភាព បញ្ហាកង្វះ​គណនេយ្យភាពក្នុងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល និង​ការទទួលខុសត្រូវ​នៅមាន​កម្រិត​ទាប៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ