អ្នក​​ទោស​​នយោ​បាយ​​មីយ៉ាន់ម៉ា​មួយ​រូប​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​វីរុស​កូវីដ-១៩

លោក Nyan Win មន្ត្រីជាន់ខ្ពស់មួយរូបក្នុងជួររដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំ២០១៦។ (myanmar-now.org)

អ្នកទោស​នយោបាយមីយ៉ាន់ម៉ាមួយរូប លោក Nyan Win បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីបានឆ្លងវីរុសកូវីដ-១៩នៅក្នុងពន្ធនាគារ។ នេះបើតាមការឱ្យដឹងពីគណបក្សរបស់លោក។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សេចក្តីថ្លែងការណ៍របស់«​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ» (NLD) មកចុះផ្សាយ​ថា លោក Nyan Win អាយុ៧៨ឆ្នាំ ជា​ទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់មេ​ដឹកនាំ​​ដែល​ត្រូវ​បាន​បណ្ដេញ​​ចេញ​ពី​តំណែង ​លោកស្រី ​អ៊ុង​សាន ស៊ូជី ដែល​ត្រូវបានក្រុម​យោធា​​ឃុំខ្លួននៅក្នុងពន្ធនាគារ Insein ក្នុងទីក្រុង​យ៉ាំងហ្គោន កាលពីអំឡុង​ខែកុម្ភៈ។ ប្រភព​ដដែល​បន្ត​ថា លោក​ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីសប្តាហ៍មុន ក្រោយពីបាន​ឆ្លងជំងឺ​កូវីដ-១៩។

ស្របពេលដែលចូលរួមរំលែកទុក្ខដល់គ្រួសាររបស់បុរសម្នាក់ដែលធ្លាប់ជាមេធាវីរបស់លោកស្រី ​អ៊ុងសាន ស៊ូជី នោះ សេចក្តីថ្លែងការណ៍ដដែល បន្ត​ថា៖ «យើងសន្យាថា នឹងបន្តធ្វើកិច្ចការទាំង​ឡាយ​ណាដែល​​មិនទាន់សម្រេចបាន ដើម្បីបញ្ចប់របបផ្តាច់ការនៅក្នុងប្រទេស និងដើម្បីបង្កើតសហភាពសហព័ន្ធប្រជាធិបតេយ្យ [Federal Democratic Union]»។

គួរបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងក្នុងការទប់ទល់​ការកើនឡើងនៃរលកចម្លងក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានធ្លាក់ចូលក្នុងភាពវឹកវរ គិតចាប់តាំងពីក្រុមយោធាបានដណ្តើម​យកអំណាចមកគ្រប់គ្រងនិង​បាន​ផ្តួល​រំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី។

យោងតាមក្រសួងសុខាភិបាលមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយរបបយោធា បានឱ្យ​​ដឹងថា ក្នុងចំណោម​ប្រជាជនចំនួន៥៤ លាននាក់ មានប្រមាណតែ១,៦លាននាក់ប៉ុណ្ណោះដែលបាន​ចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩។ នេះបើតាមការរាយការណ៍របស់សារព័ត៌មានក្នុងស្រុក។

ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV ដែលបានដកស្រង់តួលេខរបស់ក្រសួងសុខាភិបាល បានឱ្យដឹងដែរ​ថា ប្រទេសមីយ៉ាន់ម៉ា មានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ ចំនួន២៨១នាក់ និងឆ្លងថ្មីចំនួន៥ ១៨៩ករណីកាលពីថ្ងៃចន្ទ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ