សង្គម​ស៊ីវិល​បារម្ភ​ថា​ ពលករ​ខ្មែរ​អាច​ជួប​គ្រោះថ្នាក់​សុខភាព​ក្រោយ​ថៃ​ផ្អាក​តេស្ត​កូវីដ-១៩

ពលករខ្មែរបម្រើការផ្នែកសាងសង់ រស់នៅនិងធ្វើការក្នុងខេត្តផាធំថានី ប្រទេសថៃ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។ (ផ្តល់ឱ្យ)

សង្គមស៊ីវិលបារម្ភពីគ្រោះថ្នាក់សុខភាពចំពោះពលករខ្មែរ បន្ទាប់ពីរដ្ឋាភិបាលថៃប្រកាសផ្អាកយុទ្ធនាការធ្វើតេស្តសំណាករកក​រណីវិជ្ជមានកូវីដ-១៩លើពលករបរទេសនៅតាមតំបន់និងសហគមន៍​ពួកគេរស់នៅកាលពីសប្តាហ៍មុន ខណៈករណីឆ្លងក្នុងប្រ​ទេស​​នេះ​កើនឡើងខ្លាំង។

អាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩កើនដល់ជាង១ម៉ឺនករណីក្នុង​រយៈពេល៦ថ្ងៃចុ​ងក្រោយ គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីកើនដល់ជាង៥ពាន់ករណី​ក្នុងមួយថ្ងៃចាប់ពីដើមខែ ដោយភាគច្រើនកើតលើព​ល​ករអន្តោប្រវេសន៍រស់នៅនិងធ្វើការតាមជាយក្រុងបាងកក និងតាមបណ្តាខេត្តជុំវិញ។

រដ្ឋាភិបាលទីក្រុងបាងកក បានប្រកាសបិទខ្ទប់តំបន់ទាំងអស់រយៈពេលមួយខែ ដើម្បីកាត់​ផ្តាច់​​ការ​ចម្លង​ទៅសហគមន៍ខាងក្រៅ ដែ​លវិធានការនេះធ្វើឱ្យពលករខ្មែរមួយចំ​​នួន ពិសេសអ្នកធ្វើការផ្នែកសាងសង់ និងអ្នកដែលមិនមានឯកសារការងារគ្រប់គ្រាន់ ប្រឈមនឹងបញ្ហាឆ្លងជំងឺកូវីដ-១៩ បាត់បង់ការងារ និងការខ្វះស្បៀង

មន្រ្តីគម្រោងនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ប្រចាំប្រទេសថៃ លោក លឹង សុផុន ប្រាប់ វីអូឌី ​នៅ​ថ្ងៃ​ទី​២២ ខែកក្កដានេះថា រដ្ឋាភិបាលថៃបានបញ្ឈប់វិធានការរុករក​អ្នកជំងឺកូវីដ-១៩នៅតាមតំបន់រស់នៅរបស់ពលករអន្តោប្រវេសន៍ដែលសង្ស័យមានការរីករាលដាលជំងឺ កាលពីសប្តាហ៍មុន។ លោកថា សេចក្តីសម្រេចនេះ គឺក្រោយការរុករកឃើ​ញ​មា​នព​លករឆ្លងច្រើន ហើយស្របពេលករណីឆ្លងថ្មីផ្ទុះឡើង​នៅទូទាំងប្រទេស ធ្វើឱ្យមន្ទីរពេទ្យនៅតាមទីក្រុងនិងបណ្តា​​ខេត្តផ្សេងៗពេញទៅដោយអ្នកជំងឺ។

មន្រ្តីសង្គមស៊ីវិលរូបនេះបន្ថែមថា បញ្ហានេះធ្វើឱ្យពលករមួយចំនួន ជា​ពិសេស​អ្នកដែលថៅកែរបស់ពួកគេ​មិនយកចិត្តទុកដាក់ និងអ្នកដែលធ្វើការនៅក្រុមហ៊ុនតូចៗ ដូចជានៅតាមការ​ដ្ឋាន​សំ​ណង់​រស់នៅប្រមូលផ្តុំគ្នា ងាយ​ប្រឈមគ្រោះថ្នាក់សុខភាព បើពួកគេ​​ឆ្លងជំងឺកូវីដ-១៩ដោយមិនដឹងខ្លួន ហើយមិនអាចទៅរកពេទ្យព្យាបាលបាន។ 

លោក លឹង សុផុន និយាយថា៖ «បងប្អូនខ្មែរយើងខ្លះ គាត់អត់មានថៅកែទទួលខុសត្រូវ ហើយមិនមានឯកសារគ្រប់គ្រាន់ដើម្បីនឹងទៅមន្ទីរពេទ្យ។ ហើយណាមួយទៀត ឧបសគ្គ បញ្ហារបស់ពួកគាត់ គឺការប្រើភាសាអ៊ីចឹងឯង! ហើយមិនដឹងថា នៅពេលគាត់ឈឺ គាត់អត់ហ៊ានទៅពេទ្យ។ វាហាក់បីដូចជាទុកគាត់ចោល មិនបានព្យាបាល អ៊ីចឹងរឹងរឹតតែធ្វើឱ្យពួកគាត់ប្រឈមនិងភ័យខ្លាចកា​ន់តែខ្លាំង»។

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបជុំវិញបញ្ហានេះពីស្ថានទូតប្រទេសថៃប្រចាំនៅកម្ពុជា​បានទេនៅថ្ងៃនេះ។

យ៉ាងណា ស្ថាតទូតបានប្រាប់ វីអូឌី តាមសារអ៊ីម៉ែលកាលពីថ្ងៃពុធម្សិលមិញថា ជុំវិញបញ្ហាពលករ​ចំណាកស្រុកកម្ពុជា​ក្នុងប្រទេសថៃនេះ រដ្ឋាភិបាលកម្ពុជានិងថៃ​កំពុងរួមគ្នាដោះស្រាយ​​បញ្ហាលំបាករបស់ពលរដ្ឋប្រទេសទាំងពីរដែលកើតឡើងដោយសារ​ការរាតត្បាតនៃវីរុសបំប្លែងខ្លួនថ្មីប្រភេទ”ដែលតា”។

ប្រភពដដែលបន្ថែមថា វីរុសនេះកំពុងធ្វើឱ្យប្រព័ន្ធសុខាភិបាលក្នុងប្រទេសរងសម្ពាធយ៉ាងធ្ងន់ធ្ងរ ហើយអាជ្ញាធរកំពុងបន្តតាមដានតំបន់ហានិភ័យផ្សេងៗ និងចាត់វិធានការធ្វើតេស្តរកករណីវិជ្ជមាន ក៏ដូចជាការចាក់វ៉ាក់សាំងជូនដល់អ្នកស្រុក និងរៀបចំគ្រែបន្ថែមនៅតាមមន្ទីរពេទ្យ។

ស្ថានទូតបន្ថែមថា៖ «ដរាបណាការទទួលបានការថែទាំសុខភាពមានការព្រួយបារម្ភ កម្មករចំណាកស្រុកទាំងអស់អាចទទួលបានការធ្វើតេស្តរកជំងឺកូវីដ-១៩ និងការព្យាបាល ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះក្នុងមធ្យោបាយរួមគ្នាតែមួយ»

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង លើកឡើងថា ថៃបានដាក់ចេញនូវយន្តការឱ្យអ្នកជំងឺកូវីដ-១៩ស្រាល ចុះឈ្មោះតាមប្រព័ន្ធ Scan QR Code ដើម្បីព្យាបាលនៅផ្ទះ ក្រោមការផ្តល់ប្រឹក្សា តាមដាន និងព្យាបាលពីក្រុមគ្រូពេទ្យពីចម្ងាយតាមវីដេអូខល ហើយបើមានអាការធ្ងន់ធ្ងរ អាចនឹងស្នើសុំសិទ្ធិទៅព្យាបាលនៅមន្ទីរពេទ្យ។

លោកបន្ថែមថា ស្ថានទូតកម្ពុជាកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ និងបានអន្តរាគមន៍ច្រើន ជាពិសេសពាក់ព័ន្ធនឹងវិធានការព្យាបាលតាមផ្ទះ ដូចជា ទូរសព្ទផ្ទាល់ទៅមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ​កូវីដ-១៩នៅថៃ ជាដើម។

លោក កុយ គួង បន្ថែមថា៖ «ជាគោលការណ៍ យើងឃើញកន្លងមកនេះ ថៃបានផ្ដល់សេវាគាំពារ ពិនិត្យ ព្យាបាល និងចាក់វ៉ាក់សាំង ជូនទាំងជនជាតិថៃ និងពលករបរទេសយ៉ាងសកម្ម។ ក៏ប៉ុន្តែការខ្វះខាតតិចតួច វាអាចចៀសមិនរួចទេ ដោយសារថាភាពប្រឈមកំពុងកើតឡើងជាទូទៅ។ ខ្ញុំយល់ថា យើងគួរតែជឿជាក់និងផ្តល់ឱកាសឱ្យ​​ម្ចាស់ផ្ទះ ហើយយើងមិនគួរព្រួយបារម្ភពេកទេ»។ 

បើតាមមន្រ្តីអ្នកនាំពាក្យដដែល ពលករខ្មែរប្រមាណ១លាននាក់កំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃ។ តួលេខនេះ គឺទាបជាងរបាយកា​រណ៍ពីអង្គការ«សង់ត្រាល់» ដែល​ថា ពលករខ្មែរចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសនេះទាំង​ស្របច្បា​ប់និងមិនស្របច្បាប់ គឺមានប្រមាណ១លាន៦សែននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ