អាជ្ញាធរខេត្តកំពង់ស្ពឺហាមពលរដ្ឋកុំឱ្យទិញដីឡូត៍ពីក្រុមហ៊ុន អ៊ុក ឃុន ដែល​ធ្វើ​ខុស​ពីនី​តិវិធី

លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឱ្យប្អូនៗយុវជនមួយចំនួនចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំ ដើម្បីចូលរួមក្នុងការប្រកួតប្រជែងអនុវត្តគម្រោង «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» នៅសាលប្រជុំសាលាខេត្ត (អគារ ខ) នាព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាល ខេត្តកំពង់ស្ពឺ Page)

អាជ្ញាធរខេត្តកំពង់ស្ពឺ ហាមប្រជាពលរដ្ឋមិនឱ្យទិញដីឡូត៍ពីក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្មដែលកំពុង​​ធ្វើសកម្មភាពលក់ទិញលក់ដីឡូត៍ ស្ថិតនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដោយថា ក្រុមហ៊ុននោះ​បាន​ទិញលក់ដីខុសនីតិវិធី។

ក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ដែល វីអូឌី ទើបទទួលបាននៅថ្ងៃនេះ រដ្ឋបាលឃុំត្រែង​ត្រយឹង​ បានឱ្យដឹងថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ មានករណីទិញលក់ដីដែលបានធ្វើឡើងដោយតំណាងក្រុមហ៊ុន​អភិវឌ្ឍន៍ដំណាំឧស្សាហកម្ម អ៊ុក ឃុន ក្រោមរូបភាព​នៃការពុះបំបែកក្បាលដីជាឡូត៍ៗលក់​ជូនប្រជាពលរដ្ឋ ហើយកាត់ប្លង់ត្រឹម​ក្រុមហ៊ុន។

រដ្ឋបាល​ឃុំត្រែងត្រយឹង បន្តថា ទីតាំងដែលក្រុមហ៊ុនកំពុងធ្វើសកម្មភាពទិញលក់ដីឡូត៍នោះ មិនមែនជាទីតាំងដែលក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគទេ និងជាទីតាំងដីដែលកំពុងមានជម្លោះ។ រដ្ឋបាលឃុំបាន​បន្តទៀត​ ដំណើរការ​នៃការកាត់ប្លង់ដី​របស់​ក្រុមហ៊ុននេះ ​ក៏ធ្វើឡើងខុសពីនីតិវិធីច្បាប់ ដោយពុំមានការដឹងឮពី​អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញភូមិបាលស្រុកឡើយ។

អាជ្ញាធរឃុំបញ្ជក់ថា ដីដែលក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្ម អ៊ុក ឃុន ទទួលបានសិទ្ធិវិនិយោគជាប្រភេទដីសម្បទានសេដ្ឋកិច្ចមានតែ៥២ហិកតាប៉ុណ្ណោះ ដែលមានទីតាំង​​ស្ថិតក្នុងភូមិទី១ និង​ភូមិ​ពាមទុង  ក្នុង​ឃុំ​ត្រែងត្រយឹង។

សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ដើម្បីធានាបានភាពស្របច្បាប់ និងចៀសវាងចាញ់បោកជនខិលខូច សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវធ្វើការទិញដីនៅទីតាំងខាងលើដែលរៀបចំដោយតំណាងក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្ម អ៊ុក ឃុន ឡើយ»

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បញ្ជាក់បន្ថែមលើ​សេចក្តីជូនដំណឹងនៅថ្ងៃសុក្រនេះ​ថា ក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្ម អ៊ុក ឃុន ដែល​កំពុងធ្វើសកម្មភាពពុះដីឡូត៍លក់ឱ្យប្រជាពលរដ្ឋនេះ ជារឿងមិនត្រឹមត្រូវនិងខុសច្បាប់។ លោកថា ទីតាំងដីដែលក្រុមហ៊ុនកំពុងផ្សព្វផ្សាយលក់នោះ ជាដីឯកជនមានម្ចាស់រួចទៅហើយ។

ប៉ុន្តែពេលដែល វីអូឌី សួរថា រដ្ឋបាលខេត្ត​នឹងមានវិធានការឬចំណាត់ការយ៉ាងណាទៅលើក្រុមហ៊ុនទេ លោក វ៉ី សំណាង​ បានបដិសេធឆ្លើយ​តប។

លោក​ថា៖ «ឥលូវសំខាន់ឱ្យប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរសិន ដោយកុំទៅទិញដីដែលគេពុះឡូត៍លក់​ខុស​ច្បាប់ ព្រោះអាហ្នឹងវាជារឿងខុសច្បាប់ បើអ្នកហ្នឹងមិនមកសុំយើងពុះឡូត៍អីណា! អ៊ីចឹង​ជួយផ្សព្វ​ផ្សាយកុំ​ឱ្យប្រជាជន​គាត់​ទៅ​ទិញ»

វីអូឌី មិនអាចរកការឆ្លើយតបពីតំណាងក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្ម អ៊ុក ឃុន បានទេ ចំពោះការចោទប្រកាន់នេះ។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី មានប្រសាសន៍ថា ប្រសិនបើក្រុមហ៊ុនពិតជាបាន​ពុះដីឡូត៍លក់ដោយខុសច្បាប់មែន គឺអាជ្ញាធរពាក់ព័ន្ធត្រូវបង្ហាញឬផ្សព្វផ្សាយឯកសារ​ថា ដីនោះស្រប​ច្បាប់ឬមិនស្របច្បាប់ និងមាន​ជាប់ពាក់ព័ន្ធជាមួយអ្នកណាខ្លះ ដើម្បី​ឱ្យប្រជាពលរដ្ឋបានដឹង ហើយត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹង ដើម្បីកុំឱ្យខាតបង់ផលប្រយោជន៍ប្រជាពលរដ្ឋនៅថ្ងៃក្រោយ។

លោកបន្ថែមថា៖ «ខេត្តត្រូវតែបង្ហាញពីភាពជាក់លាក់មួយឱ្យប្រជាពលរដ្ឋបានដឹងច្បាស់ ហើយបើសិនគាត់អត់មានអ្វី​មួយដែលបង្ហាញទៅដល់ប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ទេ ប្រជាពលរដ្ឋម៉េច​ដឹង​ថាដីហ្នឹង​នៅកន្លែងណា​ឱ្យពិតប្រាកដ អ៊ីចឹង​ត្រូវមានប្លង់​ទីតាំងប​ង្ហាញ! ហើយមួយទៀត ប្រសិនបើក្រុមហ៊ុនលក់ដីហ្នឹងទៅឱ្យប្រជាពលរដ្ឋមែន ហើយប្រជាពលរដ្ឋណាហ៊ានទិញដីហ្នឹង គេទុកជាមោឃៈដដែលហ្នឹង»

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាដកហូតដីព្រៃឈើចំនួន២៦៦,៣១​​ហិកតា ស្ថិតនៅ៩ទីតាំង​ផ្សេងៗគ្នា ក្នុងភូមិសាស្ត្រឃុំតាសាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ មកធ្វើជាសម្បត្តិរដ្ឋវិញ ក្រោយពីមានជនខិលខូចមួយចំនួនបានទៅទន្ទ្រាន​យក​ធ្វើជាកម្មសិទ្ធិដោយ​ខុសច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ