ប្រទេសចិនផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២លានដូសដល់ប្រទេសមីយ៉ាន់ម៉ានៅសប្តាហ៍នេះ ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងនឹងករណីឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ នៅតាមតំបន់ព្រំដែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រទេសមីយ៉ាន់ម៉ា មានការកើនឡើងនៃការឆ្លងជំងឺរាតត្បាតមួយនេះ គិតចាប់តាំងពីខែមិថុនា ខណៈដែលករណីឆ្លងថ្មីមានចំនួន៦ ៧០១ករណី និងស្លាប់ចំនួន៣១៩នាក់ ត្រូវបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់ប្រសាសន៍អគ្គរដ្ឋទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា លោក Chen Hai ដែលបានផុសលើទំព័រហ្វេសប៊ុករបស់ស្ថានទូតមកចុះផ្សាយថា៖ «បច្ចុប្បន្ននេះ ចំនួនអ្នកឆ្លងថ្មីកំពុងតែមានការកើនឡើងខ្លាំងនៅតាមតំបន់ព្រំដែនរវាងប្រទេសចិននិងមីយ៉ាន់ម៉ា»។
ទោះជាយ៉ាងណា លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ប្រទេសទាំងពីរនឹងអាចសហការគ្នាប្រកបដោយប្រសិទ្ធភាពលើការការពារនិងគ្រប់គ្រងករណីឆ្លងរីករាលដាលនៃវីរុសនេះនៅតាមព្រំដែន។
អង្គការសហប្រជាជាតិ ក៏បានឱ្យដឹងនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងគួរឱ្យព្រួយបារម្ភនៃវីរុសកូវីដ-១៩ ហើយរំពឹងថា ប្រទេសមីយ៉ាន់ម៉ានឹងទទួលបានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់២០ភាគរយនៃចំនួនប្រជាជនរបស់ខ្លួន តាមរយៈយន្តការ COVAX នៅឆ្នាំនេះ។
ជាមួយគ្នានេះផងដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលមីយ៉ាន់ម៉ា លោក Thet Khaing Win បានថ្លែងថា អាទិភាពនៃការទទួលបានវ៉ាក់សាំងនឹងត្រូវផ្ដល់ជូនដល់អ្នកដែលរស់នៅតំបន់ជាប់ព្រំដែនជាមួយប្រទេសចិន ដើម្បីធានាបាននូវរំហូរពាណិជ្ជកម្មយ៉ាងរលូននៅក្នុងតំបន់។
លោករដ្ឋមន្រ្តីបន្ថែមថា ប្រទេសចិនបានផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២លានដូសជាបីដំណាក់កាលក្នុងសប្តាហ៍នេះ ខណៈដែលការបញ្ជាទិញចំនួន៤លានដូសបន្ថែមទៀតនឹងមកដល់នៅក្នុងចន្លោះខែកក្កដានិងសីហាខាងមុខនេះ៕









