ប្រទេសចិនបានរាយការណ៍ពីការឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន៧១ករណីកាលពីថ្ងៃចន្ទម្សិលមិញ ខណៈការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួនថ្មីប្រភេទ ដែលតា (Delta) កំពុងតែគំរាមកំហែងដល់តំបន់ភាគខាងកើតនៃទីក្រុងណានជីង (Nanjing)។
គណៈកម្មាធិការសុខាភិបាលជាតិចិន បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់យកមកចុះផ្សាយថា ក្នុងចំណោមករណីឆ្លងថ្មីដែលត្រូវបានរកឃើញនេះ ក្នុងនោះ ការឆ្លងក្នុងសហគមន៍មានចំនួន៣១ករណី ហើយសុទ្ធសឹងតែកើតឡើងនៅភាគខាងកើតនៃខេត្តជាំងស៊ូ (Jiangsu) ដែលមានទីក្រុងណានជីងគឺជារដ្ឋធានី។
ទាក់ទិននឹងករណីនេះដែរ មន្រ្តីរដ្ឋាភិបាលទីក្រុងណានជីងមួយរូប បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះថា ផ្អែកលើលទ្ធផលនៃការធ្វើតេស្តទៅលើអ្នកជំងឺ មន្រ្តីជំនាញបានរកឃើញថា វីរុសបំប្លែងខ្លួនថ្មីប្រភេទ Delta គឺជាហេតុផលដែលបណ្តាលឱ្យមានការផ្ទុះឡើងនៃការឆ្លងក្នុងទីក្រុងណានជីង។
គួរបញ្ជាក់ថា ទីក្រុងណានជីង បច្ចុប្បន្នបានកំណត់តំបន់ហានិភ័យខ្ពស់ចំនួន៤ និងតំបន់ហានិភ័យមធ្យមជាង៣០ នៅក្នុងទីក្រុង ដែលនាំឱ្យមានការរឹតបន្តឹងកាន់តែខ្លាំងបន្ថែមទៀតលើវិធានគម្លាតសង្គមសម្រាប់អ្នកដែលរស់នៅក្នុងតំបន់នោះ។
គិតរហូតមកដល់ពេលនេះ ប្រទេសចិនដីគោកមានករណីឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ សរុបចំនួន៩២ ៦៧៦ករណី ខណៈដែលអ្នកស្លាប់មានចំនួន៤ ៦៣៦នាក់៕









