គ្រោះ​​ទឹក​ជំនន់​និង​បាក់​ដី​​នៅ​បង់ក្លាដែស​បាន​ឆក់​យក​ជីវិត​មនុស្ស​៦​នាក់

ជំរុំជនភៀសខ្លួនជាតិ​ភាគ​តិច ​«មូស្លីម​រ៉ូហ៊ីងយ៉ា» ស្ថិតនៅក្នុងតំបន់ Cox’Bazar ក្នុងស្ថានភាពទឹកជំនន់ជន់លិចក្រោយមានភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់ នាចុងខែកក្កដា ឆ្នាំ២០២១។ (ធ្វីតទ័រ៖ UNICEF Bangladesh)

យ៉ាងហោចណាស់​មានជន​ជាតិ​ភាគ​តិច ​«មូស្លីម​រ៉ូហ៊ីងយ៉ា» ចំនួន៦នាក់ ក្នុងនោះមានទាំងកុមារផង បាន​ស្លាប់​បាត់​បង់​ជីវិត និង​មនុស្សជាច្រើននាក់ផ្សេង​ទៀតរងរបួស បន្ទាប់ពីមានភ្លៀងមូសុងដែលបានបង្កឱ្យមានការរអិលបាក់ដី និងទឹកជំនន់នៅក្នុងជំរុំជនភៀសខ្លួននៅភាគខាងត្បូងប្រទេសនេះ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានដកស្រង់សម្ដីមន្ត្រីរដ្ឋាភិបាលបង់ក្លាដែសទទួលបន្ទុកជនភៀសខ្លួន លោក Mohammad Shamsud Douza មកចុះផ្សាយថា មនុស្ស៥នាក់បានស្លាប់​បាត់បង់ជីវិតដោយសារការរអិលបាក់ដី ខណៈដែលកុមារម្នាក់​បានបាត់ខ្លួនដោយសារទឹកជំនន់ បន្ទាប់ពីមាន​ភ្លៀង​ធ្លាក់​ខ្លាំង។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា (Rohingya) ជិត១លាននាក់ កំពុងរស់នៅក្នុងជំរុំដែលមានមនុស្សច្រើនកុះករ​នៅក្នុងតំបន់ Cox’Bazar ដែលជាកន្លែងតាំងទីលំនៅរបស់ជនភៀសខ្លួនធំជាងគេនៅលើពិភពលោក បន្ទាប់ពីពួកគេបានរត់គេចពីការបង្ក្រាបរបស់យោធានៅក្នុងប្រទេសជិតខាងមីយ៉ាន់ម៉ាកាលពីឆ្នាំ​២០១៧ ។

លោក Kasim ជាជនភៀសខ្លួនមួយរូបនៅក្នុងតំបន់រងគ្រោះខ្លាំងបំផុតមួយ បាននិយាយ​ថា៖ «ខ្ញុំបានឃើញពីស្ថានភាពដ៏គួរឱ្យភ័យខ្លាចជាច្រើននៅក្នុងជំរុំ ខណៈដែលជម្រកត្រូវបានជន់លិច ហើយស្រ្តីជាច្រើនបាននាំកូនៗរបស់ពួកគេរត់គេចជាមួយនឹងសំឡេង​ស្រែកយំ»។

ជាមួយគ្នានេះផងដែរ លោក Onno van Manen នាយកនៃអង្គការ Save the Children ប្រចាំនៅប្រទេសបង់ក្លាដែស បានថ្លែងថា កុមារ២​នាក់​បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃអង្គារ បន្ទាប់​ពី​មានការ​រអិល​បាក់​ភ្នំ​មួយ​លើ​ទី​ជម្រករបស់ពួកគេ។

លោកបន្តថា៖ «ក្រៅពីការស្លាប់ទាំងនេះ ភ្លៀងធ្លាក់ខ្លាំងក៏បានធ្វើឱ្យខូចខាតដល់ជម្រកបណ្តោះអាសន្នរាប់រយកន្លែង ដែលបានបង្ខំឱ្យក្រុមគ្រួសារនានាស្វែងរកទីជម្រកផ្សេងទៀតនៅក្នុងវិហារសាសនានិងសាលារៀន» ។

ការិយាល័យអាកាសធាតុប្រទេសបង់ក្លាដែស ឱ្យ​ដឹង​ថា ភ្លៀងធ្លាក់ខ្លាំង​អាចនឹងបន្តអូសបន្លាយសម្រាប់រយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។

លោក Onno van Manen បន្ថែមថា៖ «បញ្ហាភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ក្នុងតំបន់ Cox’Bazar បច្ចុប្បន្ន បង្ហាញឱ្យ​ឃើញ​សារជាថ្មីម្តងទៀតពីការរងគ្រោះរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាពិសេស​កុមារដែល​រង​ផល​ប៉ះពាល់​ពីការ​ប្រែប្រួលអាកាស​ធាតុ»។

លោកបន្ថែមថា៖ «ជំរុំទាំងនេះមិនមែនជាទីកន្លែងសមស្រប​សម្រាប់កុមាររស់នៅនិងអភិវឌ្ឍន៍​ខ្លួននោះទេ។ ទាក់ទិននឹងករណីនេះ សហគមន៍អន្តរជាតិត្រូវតែដាក់ចេញនូវដំណោះស្រាយនយោបាយរយៈពេលវែងណាមួយជាបន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ