អ្នកជំងឺចំនួន២៥នាក់បន្ថែមទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈអ្នកឆ្លងថ្មីមានជាង៦០០នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសជាង២០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន២៥នាក់ និងករណីឆ្លងថ្មីមានចំនួន៦៦៨នាក់ ក្នុងនោះ ក្រសួងបានរកឃើញករណីឆ្លងនាំចូលពីក្រៅប្រទេសចំនួន២៤០នាក់។ ចំពោះអ្នកជាសះស្បើយវិញ ក្រសួងថា មានចំនួន៨១២នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៧៦ ៥៨៥នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយសរុបចំនួន៦៩ ១៩៨នាក់ ខណៈករណីនាំចូលពីក្រៅប្រទេសបានកើនដល់១០ ២៨៩នាក់៕









