លោក​ រ៉ុង ឈុន​ បាត់​ឱកាស​សំណូម​ពរ​ចុង​ក្រោយ​ដោយ​ចៅក្រម​​ថា​ «មិនមែន​ជា​សំណូមពរ​ធម្មតា»

លោក រ៉ុង ឈុន ក្រោយ​ចេញពី​សវនាការ​នៅ​តុលាការ​កំពូល ពាក់ព័ន្ធ​នឹង​បទ​ចោទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ RONG CHHUN​)

លោក រ៉ុង ឈុន  អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានបាត់បង់ឱកាសសំណូមពរចុងក្រោយរបស់ខ្លួននៅក្នុងសវនាការកាត់ទោសនៅថ្ងៃ​នេះ ដោយសារ​ចៅក្រមជំនុំជម្រះបាន​ចាត់​ទុកសំណូមពររបស់លោកថា មិនមែនជាសំណូមពរធម្មតាឡើយ។

ប្រធាន​សហភាពសហជីពកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន បាន​ជម្នះលើកឡើងពី​សំណូមពររបស់ខ្លួន ដោយសំណូមពរ​ឱ្យចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ កាត់សេចក្តីសំណុំរឿងរបស់លោកប្រកបដោយវិជ្ជាជីវៈនិងសុឆន្ទៈ ដូចពាក្យស្បថ​ស្បែរបស់ចៅក្រមនៅមុនពេលចូលកាន់តំណែង។ លើសពីនេះ លោកក៏បានសំណូមពរឱ្យចៅក្រមកាត់ក្តីលោកដោយឈរលើភាពមិនលម្អៀង ចាកចេញពីអគតិទាំងបួន។

ប៉ុន្តែចៅក្រមជំនុំជម្រះ លោក លិ សុខា បានគោះតុ ដោយចាត់ទុកថា ចំណុចដែលលោក រ៉ុង ឈុន លើកឡើងមិនមែនជាសំណូមពរឡើយ។

ក្រោយពីចៅក្រមបានគោះតុច្រើនដង លោក រ៉ុង ឈុន បានលើកឡើងថា បើសិនជាតុលាការយល់ថា ការឃុំខ្លួនលោកបន្តទៀតបានផលចំណេញនោះក៏បន្តធ្វើទៀតទៅ​ ដោយសារ​លោកឈប់សំណូមពរ ហើយចង់យកលោកទៅធ្វើអី​ធ្វើទៅ។

ភាពចម្រូងចម្រាសនេះបានកើតឡើងនៅក្នុង​អំឡុងពេលបញ្ចប់​សវនាការសួរដេញដោលលើលោក រ៉ុង ឈុន និងកញ្ញា សរ កណិកា រួមទាំងលោក តុន និមល នៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃសុក្រនេះ លើសំណុំរឿង «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»

ប្រធាននាយកដ្ឋានដោះស្រាយបាតុភាពកិច្ចការព្រំដែននៅខេត្តត្បូងឃ្មុំ លោក ឃុំ ប៉ុនប័ត្រ ដែលជាសាក្សី បានលើកឡើងក្នុងសវនាការថា ការវាយតម្លៃទៅលើបញ្ហាព្រំដែនរបស់លោក​ រ៉ុង ឈុន​ គួរតែយកផែនទីមកនិយាយ ដោយមិនគួរយក​មតិរបស់ប្រជាពលរដ្ឋមកនិយាយឡើយ។ លោកបានអះអាងបន្ត​ថា ការបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាម គឺផ្អែកទៅតាមផែនទីដែលមានការវាស់វែងបច្ចេកទេសដោយអ្នកជំនាញត្រឹមត្រូវ។

លោកថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមានការសោកស្ដាយនៅពេលឃើញសេចក្ដីថ្លែងការណ៍របស់លោក រ៉ុង ឈុន មានន័យថា គណៈកម្មការព្រំដែន”អាជ័យសុទ្ធ”។ មិនគួរយកប្រជាជនមកនិយាយទេ គួរយកផែនទីដែលមានកំណត់ត្រឹមត្រូវមកនិយាយ»។

ក្រោយពីមានការសួរដេញដោលពេញមួយព្រឹកនោះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានឱ្យមេធាវីដើមបណ្ដឹង និងតំណាងអយ្យការ រួមទាំងមេធាវីការពារលោក រ៉ុង ឈុន ធ្វើសេចក្ដីសន្និដ្ឋានបញ្ចប់។ ក្នុងនោះ តំណាងអយ្យការ លោក សេង ហៀង និងមេធាវីរដ្ឋាភិបាល បានស្នើសុំឱ្យចៅក្រមផ្ដន្ទាទោសលោក រ៉ុង ឈុន ទៅតាមច្បាប់កំណត់ និងពិន័យប្រាក់ចំនួន៥ ០០០ លានរៀល ឬ ស្មើនឹងជាង១លានដុល្លារ ដោយថា សេចក្ដីថ្លែងការណ៍របស់លោក រ៉ុង ឈុន ចេញកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ជុំវិញបញ្ហាដីធ្លីរបស់ពលរដ្ឋក្នុងខេត្តត្បូងឃ្មុំដែលជាប់ពាក់ព័ន្ធបញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាមនោះ ជាការ «ញុះញង់»។

ប៉ុន្តែក្រុមមេធាវីការពារក្ដីរបស់លោក រ៉ុង ឈុន ដែលរួមមានលោក កែត ឃី លោក ជូង ជូងី និងលោក សំ សុគង់ បានអះអាងថា សេចក្ដីថ្លែងការណ៍កូនក្ដីរបស់លោកមិនមែនជាការញុះញង់ទេ ព្រោះមតិទាំងនោះជារបស់ប្រជាពលរដ្ឋ ហើយ​ថាលោក រ៉ុង ឈុន គ្រាន់តែបញ្ចេញមតិដោយបង្ហាញក្ដីបារម្ភនិងសំណូមពរតែប៉ុណ្ណោះ។

លើសពីនេះទៀត ក្រុមមេធាវីបាននិយាយ​ថា ការចោទប្រកាន់កូនក្ដីរបស់លោកពីបទ «ញុះ​ញង់» នោះ មិនត្រឹមត្រូវនោះ​ទេ ដោយសារចាប់តាំងពីលោក រ៉ុង ឈុន ចុះទៅពិនិត្យមើលព្រំដែននិងចេញសេចក្ដីថ្លែងការណ៍មកដល់​បច្ចុប្បន្ន គឺពុំមានព្រឹត្តិការណ៍អ្វីកើតឡើងឡើយ។

ករណីនេះ ក្រុមមេធាវីស្នើទៅចៅក្រមឱ្យទម្លាក់បទចោទប្រកាន់និងដោះលែងកូនក្ដីរបស់ពួកគេឱ្យមានសេរីភាពវិញ ខណៈដែលពួកគាត់ត្រូវបានឃុំនៅពន្ធនាគារទាំងអយុត្តិធម៌អស់រយៈពេល១ឆ្នាំហើយមក។ ជាងនេះទៀត លោកថា ការបញ្ចេញមតិរបស់កូនក្ដីលោក គឺមានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទៀតផង។

ក្រោយពីសួរដេញដោលនិងធ្វើសេចក្ដីសន្និដ្ឋាន ចៅក្រមជំនុំជម្រះ លោក លិ សុខា បានសម្រេចលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។

នាយករង​អង្គការការ​ពារ​សិទ្ធិ​មនុស្ស​​លីកាដូ លោក អំ សំអាត ដែលតាមដានសវនាការនាថ្ងៃនេះ បានលើកឡើងថា គណៈកម្មការព្រំដែនគួរហៅលោក រ៉ុង ឈុន ទៅជជែកនិងប្រាប់ បើសិនជាគាត់​ចេញសេចក្ដីថ្លែងការណ៍ដោយមិនទាន់ដឹងពីការងាររបស់គណៈកម្មការព្រំដែន ជាជាងធ្វើការចោទប្រកាន់និងឃុំខ្លួនលោក។

មួយវិញទៀត លោកថា ការចាប់ខ្លួនលោក រ៉ុង ឈុន នឹងធ្វើឱ្យសហគមន៍ជាតិនិងអន្តរជាតិយល់​ថា ករណីនេះគឺជារឿងនយោបាយច្រើនជាង ដោយសារកន្លងមក គាត់​ជាអតីតសមាជិកគណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលមកពីកូតាគណបក្សប្រឆាំង និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅក្រៅប្រទេស។

លោកថា៖ «យើងឃើញហើយ បញ្ហាព្រំដែនជាបញ្ហារបស់ជាតិ រដ្ឋាភិបាល ហើយជាបញ្ហាប្រជាពលរដ្ឋដែរ ហើយសភាក្ដី រដ្ឋាភិបាលក្ដី ក៏កើតចេញពីប្រជាពលរដ្ឋដែរ។ អ៊ីចឹងនៅពេលដែលប្រជាពលរដ្ឋបង្ហាញនូវទុកកង្វល់ ​វាមិនមែនសុទ្ធតែចោទប្រកាន់ទេ»។

លោក រ៉ុង ឈុន ត្រូវ​​​​បាន​​​​សមត្ថកិច្ចចាប់ខ្លួនកាលពីយប់​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយ​​​ពីលោក​​​អត្ថាធិប្បាយនិង​ចេញ​សេចក្តី​ថ្លែងការណ៍ជុំវិញ​បញ្ហា​ដីធ្លី​​របស់​ពលរដ្ឋ​ក្នុង​​​ខេត្ត​ត្បូងឃ្មុំដែល​ជាប់​ពាក់ព័ន្ធបញ្ហាព្រំដែនរវាង​កម្ពុជា-វៀតណាម។ គិតតាំងពីថ្ងៃចាប់ខ្លួនរហូតមកដល់ពេលនេះ លោក រ៉ុង ឈុន ត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃសអស់រយៈពេល១ឆ្នាំមកហើយ។

កាលពីថ្ងៃម្សិលមិញ អង្គការ​សម្ព័ន្ធភាព​ពិភពលោក​ដើម្បីការ​ចូល​រួម​របស់​ពលរដ្ឋ ​ហៅកាត់ថា ស៊ីវីឃឹស (CIVICUS) បានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវ​​យ៉ាងទទូច​ដល់​អាជ្ញាធរ​កម្ពុជា​ ឱ្យ​ទម្លាក់​ចោល​បទចោទនិង​​ដោះលែង​​លោក រ៉ុង ឈុន ជាបន្ទាន់និង​​ឥតលក្ខខណ្ឌ។

អង្គការ​អន្តរជាតិ​មួយ​នេះមើល​ឃើញថា ​ក្នុងរយៈពេល​១​ឆ្នាំនៃការ​ចាប់ខ្លួនអ្នក​ការពារ​សិទ្ធិមនុស្ស​​រូប​នេះ ​រដ្ឋាភិបាលកម្ពុជា​ បាន​បន្ត​ធ្វើទុក្ខ​បុកម្នេញនិង​កៀបសង្កត់គ្រប់បែបយ៉ាង​លើ​ក្រុម​​សកម្មជន។​ ម៉្យាងវិញទៀត ​ការ​បន្ត​ឃុំ​ខ្លួនលោក រ៉ុង ឈុន អំឡុង​ពេល​នៃការ​រាតត្បាត​ជំងឺកូវីដ-១៩នេះ គឺ​ជា​ការ​ដាក់ជីវិតរបស់​គាត់​ឱ្យ​ស្ថិតក្នុង​ហានិភ័យ។

មន្ត្រីផ្នែក​តស៊ូមតិ​នៃ​អង្គការស៊ីវីឃឹស អ្នកស្រី លីសា ម៉ាជូមដា (Lisa Majumdar) មាន​ប្រសាសន៍​ក្នុងសេចក្តីថ្លែងការណ៍​ នៅថ្ងៃទី២៩ ខែកក្កដានោះ​ថា ការថ្លែង​ដើម្បី​ការពារ​ផល​ប្រយោជន៍​ពលរដ្ឋ​មូលដ្ឋាន ​មិន​មែន​ជា​បទល្មើសនោះឡើយ។

ដោយឡែក ករណី កញ្ញា សរ កណិកា និងលោក តុន និមល ដែលជាសកម្មជននយោបាយរបស់អតីត​គណ​​​​បក្ស​​សង្រ្គោះ​​ជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខាងមុខ​សាលាដំបូងរាជធានីភ្នំពេញ ខ​ណៈ​​​​​ពួកគេបានចូលរួម​​តវ៉ា​ឱ្យមានការដោះលែងលោក រ៉ុង ឈុន នោះ នឹងត្រូវប្រកាស​សាលក្រមនៅថ្ងៃទី១៨ ខែសីហា ជាមួយករណីលោក រ៉ុង ឈុន ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ