លោក ហ៊ុន សែន ប្រកាសជាថ្មីថានឹងកាន់អំណាចជានាយករដ្ឋមន្ត្រីរហូតដល់លោកលែងចង់ធ្វើ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ ​នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។(ហ្វេសប៊ុក៖ លោកនាយករដ្ឋមន្ត្រី)

ប្រមុខរដ្ឋាភិបាលលោក​ ហ៊ុន សែន បានប្រកាសជាថ្មីទៀតថា លោកនឹងកាន់អំណាចធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា រហូតដល់ពេលណាមួយដែលលោក លែងចង់ធ្វើតែម្តង ដោយមិនកំណត់ពេលវេលាដូចមុនទៀតនោះទេ។

ថ្លែងក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ ចាប់ពីអាយុ​១២ឆ្នាំ ដល់១៧ឆ្នាំនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១  ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាជិត៤០ឆ្នាំមកនេះ មានប្រសាសន៍ថា លោកមិនកំណត់ពេលវេលា ក្នុងការកាន់តំណែងជានាយករដ្ឋមន្រ្តីឡើយ។ យ៉ាងណាក៏ដោយ ត្បិតតែកាន់តំណែងកំពូលមួយនេះបានជិត៤ទសវត្សរ៍ក៏ដោយ ប៉ុន្តែលោកហ៊ុន សែន បានបដិសេធថា ក្រោមការដឹកនាំរបស់លោកមិនបានផ្តាច់ការឡើយ ហើយក៏មិនបានសម្លាប់នរណានោះដែរ។

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ហើយគិតទៅ ប្រើការគិតទៅ ម៉េចបានអាមួយហ្នឹង[លោកហ៊ុន សែន]នៅយូរមេស។ អីលូវ ខ្ញុំលែងកំណត់ពេលវេលា នៃការឋិតនៅជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ។ នៃការឋិតនៅជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ។ ធ្វើ[នាយករដ្ឋមន្ត្រី]ទាល់តែហ៊ុន សែន លែងចង់ធ្វើ កុំឱ្យពិបាក»។

ការប្រកាសបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីរហូតដល់ពេលលោកលែងចង់ធ្វើនេះ មិនមែនទើបតែប្រកាសនោះទេ ត្បិតលោកហ៊ុន សែន ធ្លាប់បានប្រកាសបែបនេះជាច្រើនលើកមកហើយ ខណៈមានការរិះគន់បន្តបន្ទាប់ថាតំណែងកំពូលមួយនេះ នឹងត្រូវបានផ្ទេរទៅកូនប្រុសច្បងរបស់លោក គឺ លោក ហ៊ុន ម៉ាណែត។

ជាក់ស្តែង កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ លោកហ៊ុន សែន ធ្លាប់បានប្រកាសបែបនេះម្តងរួចមកហើយ ដោយថាលោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ពេលលោកលែងចង់ធ្វើ បើទោះបីជាលោកបច្ចុប្បន្នមានវ័យជិត៧០ឆ្នាំទៅហើយក្តី។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អះអាងពេលនោះថា លោក​នឹង​មិន​ផ្ទេរអំណាច​ឱ្យ​អ្នក​ណា​ឡើយ មិន​ថាកូន​ប្រុស​របស់លោក ឬមន្ត្រីរូបណានោះទេ។ លោក​បញ្ជាក់ថា លោក​នឹង​កាន់​អំណាច​ដល់​ពេល​លោក​ធុញទ្រាន់ ទើប​ផ្ទេរអំណាច​នោះ​ទៅឱ្យ​អ្នក​ផ្សេងទៀត។

ការប្រកាសពេលនោះ ក្រោយពេលមានការលើកឡើង​ថា តំណែងជានាយករដ្ឋមន្ត្រី នឹងត្រូវបានផ្ទេរទៅឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នកំពុងមានតួនាទីសំខាន់ៗ ក្នុងជួរកងទ័ព និងកិច្ចការសំខាន់ៗមួយចំនួនទៀត។

ទោះបីជាយ៉ាងនេះក្តី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត សេង សារី យល់ឃើញថាការប្រកាសរបស់លោកហ៊ុន សែន ជាថ្មីទៀត​ អំពីលទ្ធភាពបន្តអំណាចកំពូលរបស់ជាតិមួយនេះ រហូតដល់ពេលលោកធុញទ្រាន់នោះ វាបានបង្ហាញពីភាពញៀនអំណាច និងការសប្បាយ ឬសោយសុខ ចំពោះជ័យភណ្ឌនយោបាយរបស់ខ្លួនដែលមាននាពេលបច្ចុប្បន្ន។ លើសពីនេះ លោកថាក៏បង្ហាញពីភាពភ័យខ្លាចរបស់​លោកនាយករដ្ឋមន្ត្រី ក្នុងការចុះចេញពីអំណាចកំពូលមួយនេះដែរ។

លោកសេង សារី មានប្រសាសន៍ថា៖ «ការប្រកាសបែបនេះ[កាន់តំណែងរហូត] ក៏អាចទាក់ទងទៅនឹងអ្វីដែល បង្ហាញពីភាពភ័យខ្លាច ក្នុងការចុះចេញពីតំណែង ដោយសារតែមកទល់ពេលនេះយើងមិនទាន់បានឃើញពីយន្តការណាមួយដែលធានាពីសុវត្ថិភាពរបស់នាយករដ្ឋមន្ត្រីនៅពេលចុះចេញពីតំណែង ឬ ក៏អាចភ័យបារម្ភពីកំហុសឆ្គងក្នុងការដឹកនាំផ្សេងៗ ឬការចាត់វិធានការក្រៅច្បាប់ដែលខ្លួនបានធ្វើកន្លងមកហ្នឹងវាអាច បារម្ភដែរ ថាតើពេលខ្លួនចុះចេញពីតំណែងទៅ នឹងពាក់ព័ន្ធសុវត្ថិភាពខ្លួន និងសុវត្ថិភាពគ្រួសារដោយរបៀបណា?»

លោក ហ៊ុន សែន ត្រូវ​បាន​វៀតណាម​លើក​បន្តុប​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រីកាល​ពី​ឆ្នាំ​១៩៨៥ ក្រោយពេលនាយករដ្ឋមន្ត្រីពីររូប រួមមាន​លោក ប៉ែន សុវណ្ណ និង លោក ចាន់ ស៊ី ដែលត្រូវបានវៀតណាមលើកបន្តុបឱ្យគ្រប់គ្រងកម្ពុជា បន្ទាប់ពីផ្តួលរំលំរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩ នោះ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ និងម្នាក់ទៀតស្លាប់យ៉ាងអាថ៌កំបាំង។

រហូតមកទល់ពេលបច្ចុប្បន្នលោកហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល៣៦ឆ្នាំហើយ។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់ចេញរបាយការណ៍ដោយលើកឡើងថា ​ការគ្រប់​គ្រង​របស់​លោក ហ៊ុន សែន ជិត៤ទសវត្ស​មកនេះ មានស្ទើរគ្រប់រស់ជាតិ ទាំងការ​រំលោភសិទ្ធិមនុស្ស​ ការ​សម្លាប់មនុស្ស​ក្រៅច្បាប់ អំពើទារុណកម្ម ការ​ចាប់​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ការរារាំង​សេរីភាព​ជួប​ជុំ និង​ការ​ប្រមូល​ផ្តុំ ​ជាដើម។

បន្ថែមលើរបាយការណ៍នោះ កាលពីថ្ងៃទី២២ តុលា ២០២០ អង្គការឃ្លាំមើលសិទិ្ធមនុស្ស យូមែន រ៉ៃស៍ វច្ឆ៍ (Human Rights Watch) បានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា កម្ពុជាកាន់តែក្លាយទៅជារបបផ្ដាច់ការ និងការដឹកនាំដោយឯកបក្ស ដោយសារតែមានការជួយគាំទ្រពីក្រុមពួកឧត្ដមសេនីយ៍ក្នុងជួរកងកម្លាំងសន្តិសុខ ដែលជាអ្នកទទួលខុសត្រូវចំពោះការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និងជាប្រព័ន្ធនោះ។​

ជាមួយគ្នានេះ ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាពេលបច្ចុប្បន្នត្រូវបានគេមើលឃើញថាបានដើរចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ ដោយងាកកាន់តែខ្លាំងទៅរកចិនកុំម្មុយនីស្ត។ លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់ខ្លួន​ក៏ធ្លាប់បានប្រកាសយកចិនជាបង្អែក និងចាត់ទុកមិត្តភាពរវាងប្រទេសទាំងពីរជាសម័យកាលនៃទំនាក់ទំនងដល់កំពូល ព្រមទាំងរឹងមាំដូចដុំពេជ្រ ដោយគ្មាននរណាអាចបំបែកបំបាក់បាន។ សម្រាប់លោកបណ្ឌិត សេង សារី ផ្តល់អនុសាសន៍ថា មានតែការងាកមកគន្លងលទ្ធិប្រជាធិបតេយ្យពិតប្រាកដទើបជារឿងសំខាន់បំផុត ដោយលោកមើលឃើញថាមានតែរបបបែបប្រជាធិបតេយ្យមួយប៉ុណ្ណោះដែលអាចធានានូវអាយុជីវិតរបស់កម្ពុជាបាន ។ បន្ថែមពីនេះ របាំងការពារនាវាជីវិតកម្ពុជាដ៏សំខាន់ គឺរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល និង កិច្ចព្រៀមព្រៀងសន្តិភាពទីក្រុងប៉ារីស៍២៣ តុលា ឆ្នាំ១៩៩១ ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ