វ៉ាក់សាំងការពារកូវីដ-១៩ Johnson & Johnson ជាង៦០ម៉ឺនដូសបន្ថែមទៀតដែលជាជំនួយរបស់សហរដ្ឋអាមេរិកជំហានទី២ បានមកដល់កម្ពុជាហើយនៅម៉ោងជាង១២យប់រំលងអធាត្រឈានចូលថ្ងៃទី០២ ខែសីហានេះ។
យោងតាមទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃចន្ទនេះ បានលើកឡើងថា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាពលរដ្ឋអាមេរិកចំនួន៦០៩ ៦០០ដូសបន្ថែមទៀត តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់កម្ពុជាហើយ ដែលចំនួននេះជាជំហានទី២ នៃជំនួយសរុប១លានដូសមកកាន់កម្ពុជា។
តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិកបានប្រកាសផ្តល់វ៉ាក់សាំងចំនួន១លាន៦ម៉ឺន១០០ដូស (១ ០៦០ ១០០ដូស) ដល់រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជា ដោយជំនួយលើកទី១ ទទួលបានរួចហើយចំនួន៤៥០ ៥០០ដូសដែលបានមកដល់កម្ពុជាកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ និងលើកទី២នេះចំនួន៦០៩ ៦០០ដូស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា អំណោយនេះគឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកចំពោះប្រជាពលរដ្ឋកម្ពុជានិងនៅក្នុងតំបន់ ស្របពេលរដ្ឋាភិបាលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ៕









