ភរិយាអ្នកតវ៉ាជម្លោះដីធ្លីនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចោទប្រកាន់អាជ្ញាធរថា បានចាប់បង្ខំប្ដីរបស់ពួកគេយកទៅធ្វើចត្តាឡីស័ក បន្ទាប់ពីពួកគេសកម្មក្នុងការតវ៉ារកដំណោះស្រាយរឿងដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី អូស៊ីអាយស៊ី (COIC)។
អ្នកស្រី បាត សុខឃឿន អាយុ៤៩ឆ្នាំ រស់នៅភូមិតាឡុង ឃុំបឹងខ្យាង ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា កាលពីថ្ងៃទី២ ខែសីហានេះ អាជ្ញាធរបានចាប់បង្ខំពលរដ្ឋ៤នាក់ ក្នុងនោះមានស្វាមីរបស់អ្នកស្រីផងដែរ ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្រោយពួកគេត្រឡប់ពីដាក់ញ្ញតិ្តនៅខុទ្ទកាល័យនាយករដ្ឋមន្ដ្រី ដើម្បីរកអន្ដរាគមន៍ជួយដោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មី។
អ្នកស្រី បាត សុខឃឿន អះអាងថា ករណីអាជ្ញាធរចាប់ពលរដ្ឋ៤នាក់ទៅធ្វើចត្តាឡីស័កនោះ គឺពុំបានបង្ហាញលិខិតបញ្ជាក់ថា អ្នកទាំងនោះមានវិជ្ជមានជំងឺកូវីដ-១៩ ឬប្រាប់ហេតុផលច្បាស់លាស់ឡើយ ខណៈគ្រួសារអ្នកស្រីកំពុងតវ៉ាទាមទារថ្លៃសំណងផលប៉ះពាល់ដី១ហិកតាពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។
អ្នកស្រីបន្ថែមថា៖ «មុនដំបូង ពេទ្យហ្នឹងមកថា អ្នកយកញ្ញតិ្តទៅដាក់ហ្នឹងវិជ្ជមានហ្មង! ដល់និយាយយូរៗទៅ ពេទ្យហ្នឹងថា យកពួកគាត់ទៅនេះ យកទៅធ្វើចត្តាឡីស័កទេ ខ្លាចលោកើត[កូវីដ១៩]។ ហើយនិយាយយូរទៀត វាថា អ្នកទទួលញ្ញតិ្តហ្នឹងកើត អ៊ីចឹងហើយខ្លាចឆ្លង ទៅអ៊ីចឹងវិញទៀតទៅ។ ខ្ញុំឆ្ងល់ដែរថា គេអ្នកកើតកូវីដ គេអត់ដល់ឈឺធ្ងន់ផង គេមិនប្រសេចប្រសាចអ៊ីចឹងផង។ បើនេះ មកទាំងប៉ូលិសស្រុក ប៉ូលិសឃុំ និងប្រធានឃុំផង»។
អ្នកស្រី ហ៊ុំ សុខែម អាយុ៤៥ឆ្នាំ ភរិយារបស់លោក ម៉ាក ម៉ៅ ដែលត្រូវបានអាជ្ញាធរចាប់យកទៅធ្វើចត្តាឡីស័កដែរនោះ សង្ស័យថា ករណីអាជ្ញាធរចាប់ស្វាមីអ្នកស្រីនិងពលរដ្ឋផ្សេងទៀតទៅធ្វើចត្តាឡីស័កនោះ គឺដើម្បីទប់ស្កាត់កុំឱ្យពួកគាត់ប្រមូលផ្តុំតវ៉ាលើដីធ្លីមានជម្លោះទៀតតែប៉ុណ្ណោះ។
អ្នកស្រី ហ៊ុំ សុខែម ដែលប៉ះពាល់ដី៨០អា បានទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធដោះលែងពលរដ្ឋ៤នាក់នោះវិញ ហើយបញ្ឈប់ការប្រើប្រាស់មូលហេតុទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីរារាំងពួកគេមិនឱ្យតវ៉ារឿងដីធ្លីបន្តទៀត។
អ្នកស្រីបន្ថែមថា៖ «គេអត់មានបានធ្វើតេស្តអីទេ គេមកចោទយើងថាមានកូវីដ មានពាក់ព័ន្ធអ្នកមានកើតកូវីដ គេយកទៅធ្វើសំណាក។ ខ្ញុំគ្រាន់តែពិបាកចិត្ត ខ្លាចគេធ្វើបាបគាត់ ពាក់ព័ន្ធរឿងតវ៉ាដីធ្លីជាមួយក្រុមហ៊ុនហ្នឹង គេចង់ធ្វើបាបយើងក៏មិនដឹង»។
អភិបាលស្រុកកណ្ដាលស្ទឹង លោក អ៊ូច សាវឿន បានច្រានចោលការចោទប្រកាន់នេះ។ លោកថា ការយកពលរដ្ឋ៤នាក់ទៅធ្វើចត្តាឡីស័កនោះ គឺជាការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
អភិបាលស្រុករូបនេះបន្តថា នៅពេលពលរដ្ឋទាំង៤នាក់ទៅដាក់ញ្ញតិ្តនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីនោះ គឺបានជាប់ពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ-១៩។
លោកបន្ថែមថា៖ «យើងអត់មានចាប់ប្រជាជនទេ យើងធ្វើតាមវិធានរដ្ឋបាល ពាក់ព័ន្ធនឹងការងារសុខាភិបាលតើ! យើងអត់ចាប់ចងគាត់យកមកណា! យើងទៅអញ្ជើញគាត់ ព្រោះគាត់បានពាក់ព័ន្ធអ្នកកើតកូវីដ ឱ្យមកធ្វើចត្តាឡីស័ក។ យើងបានធ្វើតេស្ត ហើយយកសំណាកគាត់តើ! អ៊ីចឹងបានខ្ញុំធ្លាប់ជម្រាបគាត់ថា ពាក់ព័ន្ធការប្រមូលផ្តុំហ្នឹង កុំប្រមូលផ្តុំអី។ ការតវ៉ា ការដោះស្រាយ វាមានការដោះស្រាយហើយ»។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា បច្ចុប្បន្ន លោកសង្កេតឃើញអាជ្ញាធរមួយចំនួនបានប្រើប្រាស់លេសបញ្ហាជំងឺកូវីដ-១៩ ដើម្បីហាមឃាត់ការប្រមូលផ្តុំឬតវ៉ាទាមទាររកការដោះស្រាយដីធ្លី។
មន្ត្រីសិទ្ធិមនុស្សរូបនេះលើកឡើងថា ការធ្វើបែបនេះបានជំរុញឱ្យប្រជាពលរដ្ឋកាន់តែជួបការលំបាក និងជាទង្វើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
លោកបន្ថែមថា៖ «ឥលូវនេះ បញ្ហាដែលយើងកត់សម្គាល់ឃើញ គឺមានអ៊ីចឹង! ក្រុមហ៊ុននិងអាជ្ញាធរហ្នឹងបានយកលេសឬឆក់យកឱកាសជំងឺកូវីដ-១៩ហ្នឹង ដើម្បីបំបែក ដើម្បីបំបាក់ប្រជាពលរដ្ឋពីសិទ្ធិជួបជុំគ្នា សិទ្ធិបញ្ចេញមតិយោបល់ ដើម្បីកុំឱ្យការពារដីរបស់ពួកគាត់។ អាហ្នឹងវារឹតតែធ្វើឱ្យពួកគាត់កាន់តែរងគ្រោះ អាហ្នឹងវាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរណាស់»។
បើលិខិតមួយរបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៤ឃុំ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានប្រជាពលរដ្ឋសរុប៣៣០គ្រួសារ ព្រមទាំងមាន៤៩៨ក្បាលដី ដែលមានទំហំសរុបជាង១លានម៉ែត្រការ៉េ (១ ៦៦៣ ០៣៥) ជាកម្មសិទ្ធិស្របច្បាប់របស់ពលរដ្ឋទាំងនោះ៕