សមត្ថ​កិច្ច​បាន​បញ្ជូន​មនុស្ស​១៤​នាក់​ទៀត​ទៅ​តុលាការ​ក្រោយ​ល្មើស​បម្រាម​គោចរ

នៅយប់ថ្ងៃទី០៥​ ខែសីហា​ ឆ្នាំ២០២១​ សមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធចុះបង្ក្រាបទីតាំង​ភោជនីយដ្ឋាន​យីហោ​ ផ្ទះផាតធី (party house) លួចបើកខារ៉ាអូខេ នៅចំណុច ផ្ទះលេខ២០៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

សមត្ថកិច្ចក្រុងភ្នំពេញបានកសាងសំណុំរឿងមនុស្ស១៤នាក់ទៀតបញ្ជូនទៅតុលាការកាលពីថ្ងៃទី៥ ខែសីហា ខណៈភោជនីយដ្ឋានមួយកន្លែងត្រូវបិទជាបណ្តោះអាសន្ន។

យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៥ ខែសីហា បានឱ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញបានចុះអនុវត្តវិធានការច្បាប់ចំនួន៤១៩ករណី បានឃាត់ខ្លួនមនុស្សចំនួន៨២៨នាក់ ដើម្បីអប់រំនិងពិន័យជាប្រាក់ ខណៈមនុស្ស១៤នាក់ត្រូវបានបញ្ជូនទៅតុលាការ។ ក្រៅពីនេះ អាជ្ញាធរក៏បានឃាត់យានយន្តបានចំនួន៣៣០គ្រឿង និងពិន័យជាប្រាក់៤៤ ០០០ ០០០រៀល។

ដោយឡែក នៅយប់មិញនេះ សមត្ថកិច្ចបានឃាត់មនុស្ស១៣នាក់បន្ថែមទៀត ខណៈថៅកែភោជនីយដ្ឋានលួចបង្កប់បើកខារ៉ាអូខេយីហោ​ ផ្ទះផាតធី (Party House) ស្ថិតនៅខណ្ឌទួលគោក និងភ្ញៀវម្នាក់បញ្ជូនទៅកាន់តុលាការ និងបានបិទភោជនីយដ្ឋានខាងលើនេះជាបណ្តោះអាសន្ន។ គិតត្រឹមថ្ងៃទី៥ ខែសីហានេះ មនុស្សសរុប៣២នាក់ហើយដែលត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយពីល្មើសបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ។

អ្នកនាំពាក្យ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ លោកវរសេនីយ៍ឯក សាន សុខសីហា មានប្រសាសន៍ថា ក្នុងចំណោមអ្នកល្មើសបម្រាមគោចរទាំង១៣​នាក់ខាងលើនេះ កំពុងស្ថិតនៅក្នុងការសាកសួរនៅតាមបណ្តាអធិការខណ្ឌនានា មុននឹងសម្រេចថា តើត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការឬត្រូវដោះលែងវិញដោយគ្រាន់តែធ្វើការអប់រំនិងពិន័យជាប្រាក់។

គួរជម្រាបជូនថា ចាប់តាំងពីយប់ថ្ងៃទី៣ ខែសីហាមក អាជ្ញាធរ​រាជធានីភ្នំពេញ បានចាប់ផ្តើម​​អនុវត្ត​វិធានការ​ក្តៅចំពោះអ្នកល្មើសបម្រាម​គោចរចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ ខណៈអាជ្ញាធរកំពុងព្រួយបារម្ភពីការឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី (Delta) នៅក្នុងសហគមន៍។ បម្រាមគោចរនេះបានអនុវត្តចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ