មន្រ្តីខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) ស្នើឱ្យសមត្ថកិច្ចចាត់វិធានការច្បាប់ប្រឆាំងមនុស្សមួយក្រុមដែលក្លែងបន្លំខ្លួនចុះបំពេញបេសកកម្មកសាងសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងករណីពិសេស។
នៅក្នុងលិខិតរបស់ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៥ ខែសីហា ឱ្យដឹងថា ថ្មីៗនេះ មានជនក្លែងបន្លំមួយក្រុមបានចេញលិខិតឧទ្ទេសនាម ដោយប្រើឈ្មោះគណបក្សកាន់អំណាច និងយកឈ្មោះជា«កម្លាំងសហប្រតិបត្តិការ កសាងសមាជិកគណបក្សជូនសម្តេចតេជោ» ដើម្បីទាក់ទងទៅអាជ្ញាធរខេត្តមួយចំនួនក្នុងការសុំចុះបំពេញបេសកកម្មកសាងសមាជិកគណបក្សប្រជាជនក្នុងករណីពិសេស។
ប្រធានខុទ្ទកាល័យ លោក ម៉ម សារិន បានលើកឡើងក្នុងលិខិតនោះថា ចំពោះករណីនេះ គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា បដិសេធទាំងស្រុងនូវរាល់សកម្មភាពល្មើសទាំងនេះ ខណៈខាងខុទ្ទកាល័យក៏ពុំមានគោលការណ៍បែបនេះដែរ។ ករណីនេះ ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា បានអំពាវនាវនិងស្នើឱ្យសមត្ថកិច្ចតាមដាននិងត្រួតពិនិត្យ ព្រមទាំងចាត់វិធានការប្រឆាំងមនុស្សមួយក្រុមនេះទៅតាមច្បាប់៕









