ធនាគារពិភពលោក (World Bank ឬ WB) បាននិងកំពុងអនុវត្តគម្រោងនានានៅកម្ពុជា គិតជាទឹកប្រាក់សរុបប្រមាណ១,១ប៊ីលានដុល្លារអាមេរិក ដោយផ្តោតលើការលើកកម្ពស់វិស័យសាធារណៈ ធនធានមនុស្ស អប់រំ សុខាភិបាល កសិកម្ម ធនធានធម្មជាតិ និងអភិបាលកិច្ចល្អ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក បានឱ្យដឹងថា ធនាគារពិភពលោក នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានតែងតាំងលោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ជាប្រធានគ្រប់គ្រងថ្មីប្រចាំនៅប្រទេសកម្ពុជា ស្នងតំណែងពីលោកស្រី អ៊ីងហ្គូណា ដូប្រាចា (Inguna Dobraja) ដែលបានផ្លាស់ទៅធ្វើការថ្មីនៅប្រទេសម៉ុលដូវ៉ាក្រោយពីបានបំពេញបេសសកម្មអស់រយៈពេល៥ឆ្នាំជាប្រធានគ្រប់គ្រងការិយាល័យនៃធនាគារពិភពលោកនៅក្នុងរាជធានីភ្នំពេញ។
សេចក្តីប្រកាសដដែល បន្តថា លោកស្រី សាលីម នឹងមើលការខុសត្រូវរួមពីលើកិច្ចការប្រចាំថ្ងៃរបស់ធនាគារពិភពលោក ជាមួយរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងនោះ មានកញ្ចប់គម្រោងនានាគិតជាតម្លៃទឹកប្រាក់សរុបប្រមាណ១,១ប៊ីលានដុល្លារអាមេរិក ដែលភ្នាក់ងារនានារបស់រដ្ឋាភិបាលកំពុងអនុវត្ត តាមរយៈជំនួយហិរញ្ញវត្ថុនិងបច្ចេកទេសពីធនាគារពិភពលោក។
ប្រភពដដែលបន្តថា ក្របខណ្ឌភាពជាដៃគូរបស់ធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជាក្នុងដំណាក់កាលឆ្នាំ ២០១៩–២០២៣ ផ្តោតសំខាន់ទៅលើការបង្កើនភាពប្រសិទ្ធភាពរបស់វិស័យសាធារណៈ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន, ការវិនិយោគលើធនធានមនុស្សតាមរយៈការពង្រីកលទ្ធភាពទទួលបានសេវាអប់រំ និងសេវាសុខាភិបាលមានគុណភាពសម្រាប់ក្មេងតូច, ការធ្វើពិពិធកម្ម និងបង្កើនផលិតភាពក្នុងវិស័យកសិកម្ម, ការលើកកម្ពស់ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងលើការពង្រឹងអភិបាលកិច្ច ស្ថាប័ន និងការចូលរួមរបស់ពលរដ្ឋ។
លោកស្រី ម៉ារីយ៉ាម សាលីម ដែលមានដើមកំណើតនៅប្រទេសតង់ហ្សានី មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ខ្ញុំត្រៀមខ្លួនជាស្រេចនឹងធ្វើការជាមួយសហសេវិកកម្ពុជារបស់ខ្ញុំ ដើម្បីជួយប្រទេសកម្ពុជាគ្រប់គ្រងផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ-១៩ រៀបចំមូលដ្ឋានសម្រាប់ការស្តារសេដ្ឋកិច្ចឱ្យរើបឡើងវិញយ៉ាងស្វាហាប់ និងកសាងភាពធន់សម្រាប់ទប់ទល់ជាមួយហេតុការណ៍អង្រួនកន្ត្រាក់សេដ្ឋកិច្ចនៅថ្ងៃខាងមុខ»៕









