សកម្មជន​ថា​ ការ​បិទ​សិទ្ធិ​មិន​ឱ្យ​ពួកគេ​ចូល​យាម​ល្បាត​តំបន់​ព្រៃឡង់​ធ្វើ​ឱ្យ​បទ​ល្មើស​បន្ដ​កើន​ឡើង

រថយន្តដឹកឈើដឹកជញ្ជូនឈើនៅក្នុងព្រៃឡង់ខេត្តក្រចេះ កាលពីដើមឆ្នាំ ២០១៩។ (អ៊ូច ឡេង)

សកម្មជនបរិស្ថានអះអាងថា ពួកគេនៅតែរងការបំបិទសិទ្ធិសេរីភាពមិនឱ្យចូលរួមរាយការណ៍និងធ្វើសកម្មភាពការពារព្រៃឈើនៅតំបន់ព្រៃឡង់ ហើយថា ការកាប់បំផ្លាញព្រៃឈើកំពុងបន្ដកើតមានឥតឈប់ឈរនិងគ្មានការទប់ស្កាត់ឡើយ។

តំណាង​ក្រុម​ស្នូល​បណ្តាញ​ព្រៃ​ឡង់​ខេត្តកំពង់ធំ លោក ម៉ិញ នី ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ការកាប់បំផ្លាញព្រៃឈើបានបន្ដកើតមានជាហូរហែ ស្របពេលសមាជិកបណ្ដាញព្រៃឡង់ក្នុងខេត្តកំពង់ធំត្រូវបានអាជ្ញាធរហាមឃាត់បិទ​ឱ្យចូលរួមយាមល្បាតនិងការពារនោះទេ។

លោកបន្ដថា ការនេះហាក់ជាការបើកដៃឱ្យក្រុមជនខិលខូចនិងអ្នកមានអំណាចអាចកេងយកផលប្រយោជន៍ពីសហគមន៍ព្រៃឡង់ ខណៈអាជ្ញាធរមានភាពអសកម្មនិងមិនហ៊ានជាមួយពួកគេឡើយ។

លោកបន្ដថា៖ «ដូចជិះសេះលែងដៃហើយ តាមចិត្តហើយ! ឈ្មួញប្រើប្រជាពលរដ្ឋ និងមន្ត្រីឱ្យដៃឱ្យជើង មន្ត្រីកាង មន្ត្រីឧទ្យានុរក្ស បើកដៃឱ្យកាប់ឈើ យកលុយក្រោមតុ អំពើពុករលួយគប់គិតគ្នា។ ការកាប់ឈើលើសមុន ដោយសារការកាប់ឈើ អារឈើចេញ វាដដែល! ហើយវាត្រង់អ្នកកាប់បំផ្លាញព្រៃកាប់ចម្ការចូលក្នុងតំបន់ព្រៃយកដីធ្វើកម្មសិទ្ធិ»។

ក្រៅពីការបំបិទសិទ្ធិមិនឱ្យចូលរួមយាមល្បាតហើយនោះ លោកថា សមាជិកបណ្ដាញព្រៃឡង់ក្នុងខេត្តកំពង់ធំក៏រងការគំរាមកំហែងសុវត្ថិភាព ការចោទប្រកាន់នានាថាជាក្រុមប្រឆាំង និងការលាបពណ៌ពីសំណាក់អាជ្ញាធរទៀតផង។

លោក​បន្ដថា៖ «ការគំរាមកំហែងខ្ញុំនិងសកម្មជនរបស់ខ្ញុំទៀត គឺពួកមន្ត្រីឧទ្យានុរក្សគំរាមកំហែង បើហ៊ានតែចូលព្រៃទៀត គឺគេនឹងចាប់ខ្លួនខ្ញុំ អ្នកតំណាង៦ទៅ៧នាក់ ឱ្យតែចូលព្រៃទៀត គឺចាប់ហើយ គេអត់ទុកទេ។ រដ្ឋាភិបាលសូមធ្វើយ៉ាងណាក៏ដោយ ការកាប់បំផ្លាញព្រៃឈើ ទប់ស្កាត់បទល្មើសព្រៃឈើចេញទៅក្រៅប្រទេសក្តី និងអ្នកនៅក្នុងប្រទេសក្តីដែលលើសពីដែនកំណត់។ ក្រសួងបរិស្ថានសូមឱ្យលោកបើកកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសហគមន៍ព្រៃឡង់ សហការរួមគ្នាការពារ ឱ្យសហគមន៍ព្រៃឡង់បានចូលព្រៃដើរត្បាតការពារឡើងវិញ»។

សមាជិកបណ្តាញសហគមន៍​ព្រៃ​ឡង់នៅខេត្តព្រះវិហារដែលបានចូលរួមការពារតំបន់ព្រៃឡង់ប្រមាណ៥ឆ្នាំមកហើយនោះ លោក ចាន់ សារិន អះអាងថា បច្ចុប្បន្ននេះ សមាជិកបណ្ដាញព្រៃឡង់មិនអាចចូលយាមល្បាតញឹកញាប់ដូចពីមុននោះទេ ដោយសារការរឹតត្បិតពីសំណាក់អាជ្ញាធរមូលដ្ឋាន។

យ៉ាងនេះក្ដី លោកថា ក្រុមសហគមន៍ក៏បានឆ្មក់ចូលយាមល្បាតយូរៗម្ដងផងដែរ ដោយសង្កេតឃើញសកម្មភាពព្រៃឈើនៅតែបន្ដកើតមាន ដោយគ្មានការទប់ស្កាត់នោះឡើយ។ ក្រៅពីនេះ លោកថា សមាជិកបណ្ដាញព្រៃឡង់ក៏រងការគំរាមកំហែងពីសំណាក់ក្រុមហ៊ុនដែលពាក់ព័ន្ធ ដែលធ្វើឱ្យពួកគេពិបាកចូលរួមការពារធនធានធម្មជាតិនៅកម្ពុជានេះ។  

លោកបន្ដថា៖ «ខែកក្កដាកន្លងមកថ្មីៗនេះ យើងឃើញការដឹកជញ្ជូនព្រៃឈើទៅក្រុមហ៊ុន PNT ឃើញរហូតដល់ទៅ៣៦៦ករណី ដែលយើងរកឃើញព្រៃឡង់សព្វថ្ងៃ មានការកាប់បំផ្លាញមែនទែន។ ហើយបញ្ហាប្រឈម ឥលូវនេះ គឺមិនមែនស្រួលដូចពីមុនទេ យើងអាចចុះមួយខែ ១ឬ២ដង មានការកើនឡើងមិនចេះចប់ មិនចេះឈប់ឈរទេ»។

អ្នកឃ្លាំមើល​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត សេង សារី មានប្រសាសន៍ថា ការចូលរួមការពារបរិស្ថាននិងធនធានធម្មជាតិ គឺជាសកម្មភាពស្របច្បាប់របស់ពលរដ្ឋ និងពុំគួរត្រូវបានរារាំងឬចាត់ទុកជាសកម្មភាពខុសច្បាប់នោះឡើយ។  

លោកបន្ដថា៖ «ពេលរដ្ឋាភិបាលមិនមែនជាដៃគូការពារធនធានសម្បត្តិធម្មជាតិទេ វាធ្វើឱ្យមានការប្រទាំងប្រទើសរវាងអាជ្ញាធរជាមួយយសកម្មជនព្រៃឈើយើងបច្ចុប្បន្ននេះ។ កន្លងមក យើងក៏ឃើញបញ្ហារវាងអាជ្ញាធរនិងសហគមន៍ទាក់ទងនឹងការប្រើប្រាស់ធនធានធម្មជាតិ ឬការវិនិយោគទៅធនធានធម្មជាតិព្រៃឈើនេះ ការប្រើប្រាស់ធនធានធម្មជាតិនេះអត់មានតម្លាភាព។ យើងមិនដឹងប្រភពថវិកាដែលទទួលបានពីការលក់ព្រៃឈើ ពីការលក់ធនធានធម្មជាតិហ្នឹង ចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិកម្ពុជា ឬចូលរួមអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធជាតិបានកម្រិតណាទេ»។

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង៤ខេត្ត អះអាង​ថា ជា​រៀងរាល់​ឆ្នាំ ពួក​គេ​តែង​ចេញ​របាយការណ៍​តាមដាននិង​ស៊ើបអង្កេត​ទៅលើ​ការបំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់។ ប៉ុន្ដែ​ដោយសារ​បម្រាមរបស់ក្រ​សួង​បរិស្ថាន នៅរយៈពេលចុងក្រោយនេះ ពួក​គេ​ពិបាកធ្វើ​របាយការណ៍​លម្អិត​លាតត្រដាង​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ។ អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន​នៅ​អំឡុង​ពេល​​នេះ គឺ​ឃ្លាំមើល​សកម្មភាព​ដឹកឈើ​ប្រណិត និង​ប្រមែប្រមូល​ភស្ដុ​តាង​សំ​ខាន់​ៗដែល​ពួក​គេ​រកបាន​នៅ​ខាងក្រៅ​តំបន់​ព្រៃ​ឡង់។ 

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ​នេត្រ ភក្ត្រា បានមានប្រសាសន៍កាលពីខែមិថុនា ឆ្នាំ២០២១ ថាបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ និងនៅតំបន់ការពារធម្មជាតិផ្សេងទៀត លែងកើតមានទៀតហើយ និងនៅមានតែបទល្មើសទ្រង់​ទ្រាយ​តូចៗ​ប៉ុណ្ណោះ។

លោក នេត្រ ភក្ត្រា បកស្រាយទៀតថា ការ​ហាមមិនឱ្យ​បណ្តាញ​ព្រៃ​ឡង់​ចូល​ល្បាត​ព្រៃ ដោយសារ​ពួក​គេមានស​កម្ម​ភាព​ចុះ​ល្បាត​ដោយមិន​គោរព​តាម​គោល​ការ​ណ៍ច្បាប់។ លោក​ថា បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទាំងនោះ​មិនបាន​ចុះបញ្ជីធ្វើសកម្មភាព​ចុះ​ល្បាត​ មាន​ចរិ​តញុះញង់ មិន​ស្មោះត្រង់ និង​បម្រើ​ឱ្យផល​ប្រយោជន៍​នយោបាយ។

កាលពី​ខែសីហា ​ឆ្នាំ២០២០ បណ្តាញ​យុវជន​កម្ពុជា និង​អង្គការ Jesuit Service Cambodia (JSC​) ​បង្ហាញ​របាយការណ៍​មួយថា ក្នុងរយៈពេល​ប្រមាណ២០ឆ្នាំ​ចុងក្រោយ​ ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ជាង១០ម៉ឺន​ហិ​កតា បាន​ក្លាយជា​វាលរហោឋាន ​និង​កន្លែង​ខ្លះ​បាន​ក្លាយទៅជា​ចម្ការ​ជំនួស​វិញ។

របាយការណ៍​ដដែល​បន្ត​ថា គិត​ត្រឹម​ឆ្នាំ២០១៩ ផ្ទៃដី៥៨ ១៣៨ហិ​កតា​ ដែល​បាន​មក​ពី​ការបាត់បង់​ព្រៃឈើ​ជាង១០ម៉ឺន​ហិ​កតា ត្រូវ​បាន​បំប្លែង​ទៅជា​ដីចម្ការ​ដំណាំ ខណៈ​ផ្ទៃដី​ចំនួន១ ១១១ហិ​កតា ត្រូវ​បាន​ដុះឡើង​វិញ​ដោយ​ធម្មជាតិ​និង​ការ​ដាំដុះ​ដោយ​កម្មវិធី​ដាំ​ដើមឈើ​៕


ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ប៉ាន បូរិន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។