នាវាមួយមានឈ្មោះថា KM Umsini ក្នុងទីក្រុង Makassar ដែលកាលពីពេលកន្លងទៅ ត្រូវបានប្រើប្រាស់ដើម្បីដឹកអ្នកដំណើររវាងទីក្រុងដែនកោះនានារបស់ប្រទេសឥណ្ឌូនេស៊ីនោះ បច្ចុប្បន្ន ត្រូវបានប្រែក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩កម្រិតស្រាលដាច់ដោយឡែក ស្របពេលដែលប្រទេសនេះកំពុងតែប្រឈមនឹងការឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺរាតត្បាតដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មីប្រភេទ Delta។
ក្នុងការរៀបចំនាវានេះឱ្យក្លាយទៅជាទីតាំងដាក់អ្នកជំងឺកូវីដ-១៩ គ្រែជាង៨០០ត្រូវបានដំឡើង ខណៈបុគ្គលិកសុខាភិបាលចំនួន៦០នាក់ផ្លាស់ប្តូរវេនគ្នាដើម្បីជួយព្យាបាលដល់អ្នកជំងឺឱ្យជាសះស្បើយ។
អ្នកជំងឺត្រូវចំណាយរយៈពេល១០ថ្ងៃក្នុងការដាក់ឱ្យនៅដាច់ដោយឡែក អំឡុងពេលដែលពួកគេឆ្លងកាត់ការត្រួតពិនិត្យសុខភាពជាប្រចាំ ហើយពួកគេក៏អាចធ្វើលំហាត់ប្រាណនិងស្ទូចត្រីពីលើនាវាផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់សម្ដីអ្នកជំងឺមួយរូបឈ្មោះ Mitha Andriyanti ដែលបានថ្លែងថា៖ «ខ្ញុំបានជ្រើសរើសក្នុងការស្នាក់នៅដាច់ដោយឡែកនៅទីនេះ ព្រោះខ្ញុំគិតថា វាមានលក្ខណៈប្លែក ខណៈដែលទីតាំងនេះក៏មានចម្ងាយឆ្ងាយពីទីក្រុងផងដែរ ដូច្នេះយើងមិនមានការព្រួយបារម្ភក្នុងការចម្លងជំងឺទៅកាន់អ្នកដទៃឡើយ»។
ជាមួយគ្នានេះផងដែរ អភិបាលក្រុង Makassar លោក Mohammad Ramdhan Pomanto បានថ្លែងថា៖ «មនុស្សយ៉ាងតិចណាស់៣ ០០០នាក់ នៅថ្ងៃនេះ ត្រូវបានរាយការណ៍ថា កំពុងតែដាក់ខ្លួនឱ្យនៅដាច់ដោយឡែកនៅផ្ទះ ខណៈដែលយើងមិនអាចដឹងពីស្ថានភាពផ្ទះរបស់ពួកគេបាននោះទេ» ។
លោកបន្តថា៖ «ករណីនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ហេតុដូច្នេះហើយបានជាយើងសម្រេចយកនាវា Umsini នេះរៀបចំជាមជ្ឈមណ្ឌលសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ឱ្យនៅដាច់ដោយឡែក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលបន្ថែមទៀត»។
គួរបញ្ជាក់ថា ស្របពេលដែលឥណ្ឌូនេស៊ីជាប្រទេសមួយក្នុងតំបន់អាស៊ីដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត អាជ្ញាធរប្រទេសនេះក៏បានសម្រេចរឹតបន្តឹងការចល័ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ Delta ដែលឆ្លងខ្លាំងនៅកោះជ្វា និងកោះបាលី កាលពីដើមខែកក្កដាផងដែរ៕









