ស្ត្រី​ដែល​​ប្តឹង​មន្ត្រី​នគរ​បាល​​នៅ​ខេត្ត​បាត់​ដំបង​បារម្ភ​ពី​សុវត្ថិភាព

អ្នកស្រី ពេជ្រ លីណា និងយុវជនឈ្មោះ ពេជ្រ ធារ៉េត (កាលនៅរស់)។ (ក្រុមគ្រួសារជនរងគ្រោះ ពេជ្រ ធារ៉េត)

ស្ត្រី​​​​ជាដើមបណ្តឹងម្នាក់នៅខេត្តបាត់ដំបង បន្ត​​ជំរុញ​ឱ្យក្រសួងមហាផ្ទៃពន្លឿនចាត់វិធានការមន្ត្រី​​នគរបាល​ដែលខ្លួន​ចោទ​ថា បាន​ធ្វើទារុណកម្មប្អូនប្រុសរបស់គាត់​រហូតស្លាប់ ដោយថា ពេលនេះគាត់មាន​ការព្រួ​យ​បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈអ្នកទាំងនោះនៅមានសេរីភាពនៅឡើយ។

កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ មន្ត្រីនគរបាលស្រុកសង្កែ ខេត្តបាត់ដំបង បានចាប់ខ្លួនលោក ពេជ្រ ធារ៉េត ក្រោយពីមានតម្រុយថា គាត់ជាអ្នករៀបចំគម្រោងសម្លាប់ប្រពន្ធដោយឆក់ខ្សែភ្លើង។ ប៉ុន្តែជនសង្ស័យរូបនោះបានស្លាប់នៅថ្ងៃដដែល ក្រោយពីបញ្ជូនចេញពីអធិការ​ដ្ឋាននគរបាលស្រុ​ក​សង្កែ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ករណីនេះ ក្រុមគ្រួសារសពបានប្តឹងចោទមន្ត្រីនគរបាលពាក់ព័ន្ធថាបានធ្វើទារុណកម្មជនសង្ស័យ​រហូតស្លាប់ ដោយសម្អាងទៅលើស្នាមជាំនៅលើដងខ្លួននិងមានឈាមហូរតាមត្រចៀកនិងមាត់ ពេលយកសពទៅដល់ផ្ទះ។ ក្រោយមក បងស្រីបង្កើតរបស់​លោក ពេជ្រ ធារ៉េត គឺអ្នកស្រី ពេជ្រ លីណា បានដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃ ដើម្បីស្វែងរកយុត្តិធម៌ ដែលគិតត្រឹមខែសីហានេះ មានរយៈពេលជាង៣ខែមក​ហើយ។

អ្នកស្រី ពេជ្រ លីណា នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា អ្នកស្រីមានក្តីបារម្ភពីសុវត្ថិភាពផ្ទាល់​ខ្លួន ក្រោយ​ពីបានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ ហើយ​មន្ត្រីជំនាញរបស់ក្រសួង​បានចុះ​ស៊ើបអង្កេត ដោយរកឃើញថា ពួកគាត់​មានជាប់ពាក់ព័ន្ធដូចពាក្យ​បណ្តឹងរបស់គាត់មែន។ ប៉ុន្តែអ្នកស្រីថា ក្រោយការរកឃើញនោះ ក្រសួងនៅមិនទាន់មានវិធានការ​ទៅលើ​មន្ត្រីប៉ូលិស​ទាំងនោះនៅឡើយ ដែលធ្វើឱ្យ​អ្នកស្រីកាន់តែមានក្តីបារម្ភថែមទៀត។

អ្នកស្រីថា៖ «សម្រាប់ខ្ញុំផ្ទាល់​ ខ្ញុំនិយាយតាមត្រង់ ខ្ញុំ​រាង​ខ្លាច​ដែរ​ ដោយសារមន្ត្រីដែល​កាន់​ច្បាប់ ប៉ុន្តែ​យក​ជនសង្ស័យ​ដូចជាប្អូនខ្ញុំនេះ យកគាត់ទៅសួរចម្លើយ​រហូតមានស្នាកស្នាមប៉ុណ្ណឹង គឺ​ជា​ការ​ធ្វើទារុណកម្មវាយប្អូនខ្ញុំសាហាវណាស់ ដែលធ្វើឱ្យខ្ញុំព្រួយបារម្ភពីសុវត្ថិភាពខ្ញុំដូចគ្នា តែខ្ញុំ​នៅតែព្យាយាមអត់បោះបង់ទេ»។

បញ្ហានេះ អ្នកស្រី ពេជ្រ លីណា បាន​​អំពាវនាវដល់​មន្ត្រីនៅនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់នៃ​ក្រសួងមហាផ្ទៃ ជួយពន្លឿននីតិវិធី ដើម្បីចាត់វិធានការមន្ត្រី​ដែលពាក់ព័ន្ធឱ្យ​បានឆាប់ ដើម្បី​​​ផ្តល់យុត្តិធម៌ឱ្យក្រុមគ្រួសារគាត់និងប្អូនគាត់ដែលបានស្លាប់។

អ្នកស្រីថា៖ «រឿងប្អូនខ្ញុំនេះជាង១០០ថ្ងៃហើយ អ៊ីចឹងខ្ញុំបារម្ភ! តែជំងឺកូវីដ វាពិបាកមែន! តែកា​ល​​ពី​ចាប់ប្អូនខ្ញុំ ក៏អំឡុងកូវីដដែរ។ អ៊ីចឹងខ្ញុំស្នើលោកពូនៅខាងព្រហ្មទណ្ឌដែលគាត់ថានឹងចុះទៅ​​ហ្នឹង ខ្ញុំស្នើឱ្យគាត់មេត្តាអាណិតជួយពន្លឿនរកយុត្តិធម៌ឱ្យប្អូនខ្ញុំ ព្រោះវាជាង១០០ថ្ងៃហើ​យ»។

នាយរងការិយាល័យនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ លោក ជុំ ហឿន មាន​ប្រសាសន៍​ថា លោកមិនទាន់ទទួលបានបញ្ជាពីថ្នាក់លើ ដើម្បីស៊ើបអង្កេតបន្ថែមករណីនេះនៅឡើយទេ។

លោកថា៖ «យើងសួរទៅថ្នាក់ដឹកនាំដែរ ទៅប្រធានការិយាល័យដែរ តែប្រធានការិយាល័យគាត់ថារង់ចាំបទបញ្ជាពីនាយករង។ អ៊ីចឹងប្រហែលជារឿងកូវីដហ្នឹងហើយបានជាស្ងាត់នោះ តាម​ពិតខាងបាត់​ដំបងហ្នឹង ពួកខ្ញុំដាច់ខាតត្រូវតែចុះហើយ»។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបាត់ដំបង លោក យ៉ិន ម៉េងលី មានប្រសាសន៍ថា មកដល់ពេលនេះ លោកមិនទាន់ទទួលបានព័ត៌មានពីតម្រុយនៃការគំ​​រាម​កំហែងណាមួយទៅលើដើមបណ្តឹង ឈ្មោះ ពេជ្រ លីណា នៅឡើយទេ។ ប៉ុន្តែលោកផ្តល់ជាយោបល់ថា បើមានបញ្ហានេះកើតឡើងមែន ស្រ្តីរូបនោះត្រូវដាក់បណ្តឹងមួយទៀតទៅស្ថាប័នពាក់ព័ន្ធពីបទគំរាមកំហែង។

មួយវិញទៀត លោកថា ស្ថាប័នជាតិគួរបង្ហាញឆន្ទៈពិតប្រាកដដែលអាចឱ្យគ្រួសារជនរងគ្រោះ​ជឿបានពីចំណាត់ការច្បាប់ទៅលើមន្ត្រីពាក់ព័ន្ធ ខណៈគណៈកម្មាធិការជាតិប្រឆាំងទា​រុ​ណកម្មរបស់រដ្ឋាភិបាល បានស៊ើបអង្កេតរកឃើញការពិតមួយផ្នែកទៅហើយនោះ។

លោកថា៖ «មុខសញ្ញាអ្នកពាក់ព័ន្ធ យើងមានអស់ហើយ! ហើយ​​របាយការណ៍របស់គណៈកម្មាធិការ​ជាតិប្រឆាំងទារុណកម្ម ក៏បានបង្ហាញមនុស្សពាក់ព័ន្ធដែរ អ៊ីចឹង​វាគ្មានហេតុផល​អីត្រូវទុ​ក​រាប់​​ខែ​ថែម​ទៀត​ទេ»។

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មរបស់រដ្ឋាភិបាល ស្នើអគ្គស្នងការដ្ឋាន​នគរបាលជាតិ បើកការស៊ើបអង្កេត​បន្ថែម ដើម្បីរកការពិតនិងនាំខ្លួនមន្ត្រីពាក់ព័ន្ធមកទទួលទោស ក្រោយពីមានពាក្យបណ្តឹងពីក្រុមគ្រួសារសព។

បើតាមការវាយតម្លៃជំហានដំបូង ក្រោយការចុះស៊ើបអង្កេតដល់កន្លែងកើតហេតុនិងសា​កសួរគ្រប់ភាគីពាក់ព័ន្ធ គណៈកម្មាធិការនេះបានសន្និដ្ឋានថា ការស្លាប់​របស់​ជនសង្ស័យ ពេជ្រ ធារ៉េត អំឡុងឃុំខ្លួននៅអធិការដ្ឋាន​នគរបាល​ស្រុកសង្កែ ខេត្តបាត់ដំបង អា​ចជា​ប់ពាក់​ព័ន្ធនឹង​ការ​ធ្វើទារុណកម្ម។

គណៈកម្មាធិការនេះបញ្ជាក់ដូច្នេះថា៖ «ករណីនេះអាចមានការ​ធ្វើទារុណកម្ម​ស្រាលឬធ្ងន់ទៅលើជនសង្ស័យ​ អំឡុងពេលឃុំខ្លួន​បណ្តោះអាសន្ននៅ​អធិការដ្ឋាន​នគរបាលស្រុកសង្កែ ខណៈពេលដែលជនសង្ស័យកំពុងមានអាការឡេះឡះរំខានដល់មន្ត្រី​នគរ​បាល​​នៅទីនោះ»។

តែយ៉ាងណា ក្រោយ​ការកឃើញនេះ មន្ត្រីជំនាញ​ក្រសួង​មហាផ្ទៃមិន​បាន​បញ្ជូន​សំណុំ​រឿង​នេះ​​ទៅ​តុលាការ​​ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់​នៅឡើយនោះទេ ដោយ​រុញឱ្យ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិធ្វើការស៊ើបអង្កេតបន្ត៕


សេចក្ដីកែតម្រូវ៖ វីអូឌី សូមធ្វើការកែតម្រូវឈ្មោះ «ពេជ្រ លីដា» ទៅជា «ពេជ្រ លីណា»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ