ពលរដ្ឋប្រមាណ១០០នាក់ដែលមានបញ្ហាបាត់លុយវិនិយោគនៅក្រុមហ៊ុន GFX (GoldFX Investment) បាននាំគ្នាទៅដាក់ញត្តិស្នើសុំការជួយអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីពួកគេមិនទាន់ទទួលបានដំណោះស្រាយពីក្រុមហ៊ុន ក្រោមការសម្របសម្រួលពីជំនួយការផ្ទាល់របស់ប្រមុខរដ្ឋាភិបាល។
កាលពីដើមខែមិថុនា ជំនួយការផ្ទាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ដួង តារា បានចូលខ្លួនជួយសម្របសម្រួលរកដំណោះស្រាយដល់អតិថិជនក្រុមហ៊ុន GFX ដែលបានបាត់លុយវិនិយោគរបស់ពួកគេសរុបប្រមាណជាង២០លានដុល្លារ ដោយបញ្ហានេះត្រូវបានក្រុមហ៊ុនដាក់ការទទួលខុសត្រូវលើគណៈគ្រប់គ្រងជាជនបរទេស៣នាក់ដែលកំពុងរត់គេចខ្លួន។
តំណាងជនរងគ្រោះមួយរូបដែលស្នើសុំប្រាប់ឈ្មោះថា យ៉ាយ៉ា ឱ្យ វីអូឌី ដឹងតាមទូរសព្ទនៅថ្ងៃទី១៦ ខែសីហានេះថា ពួកគេមានគ្នាប្រមាណ១០០នាក់ តំណាងឱ្យជនរងគ្រោះចំនួន៧៧៥នាក់បាននាំគ្នាដាក់ញ្ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី ក្នុងក្រុងតាខ្មៅ ដើម្បីស្នើសុំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយឱ្យក្រុមហ៊ុនផ្តល់សំណងសមរម្យលើលុយដែលពួកគេបានបាត់សរុបជាង១០លានដុល្លារ។
អាជីវករលក់អីវ៉ាន់តាមប្រព័ន្ធអនឡាញរូបនេះ ឱ្យដឹងថា ពួកគេបានរង់ចាំដំណោះស្រាយជាង២ខែមកហើយ ក្រោមការសម្របសម្រួលពីជំនួយការផ្ទាល់លោកនាយករដ្ឋមន្រ្តី បន្ទាប់ពីពួកគេធ្វើការទាមទារចាប់ពីចុងខែមីនា ប៉ុន្តែក្រុមហ៊ុននៅតែរក្សាជំហរផ្តល់សំណងត្រឹម៣០ភាគរយ។ ប្រភពដដែលបន្តថា ពួកគាត់មិនអាចបន្តរង់ចាំទៅទៀតទេ ដោយសារពួកគេកំពុងជួបការខ្វះខាតនិងត្រូវការប្រាក់សម្រាប់ដោះបំណុលធនាគារ។
តំណាងជនរងគ្រោះរូបនេះនិយាយថា៖ «ដំណោះស្រាយហ្នឹងយើងចាំយូរមកហើយ ប៉ុន្តែអត់មានឃើញខាងនិយ័តករគាត់បានកោះហៅពួកខ្ញុំទៅម្តងទៀតទេ ឬក៏អីអ៊ីចឹងទេណា! ហើយ៤ខែមកហើយ ហើយក្រុមហ៊ុនបានគ្មានដំណោះស្រាយឱ្យប្រជាពលរដ្ឋ[ជា]ជនរងគ្រោះទៀត សួរថាពួកខ្ញុំអាចរង់ចាំបានទៀតអត់?»
បើតាមតំណាងរូបនេះ ក្រោយពីពួកគេនាំគ្នាប្រមូលផ្តុំដាក់ញត្តិនោះ តំណាងខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានមកទទួលយកញត្តិរបស់ពួកគេ ប៉ុន្តែការដោះស្រាយយ៉ាងណានោះ ពួកគេមិនបានបញ្ជាក់ឡើយ។
ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ដួង តារា ថ្លែងថា ក្រោមការសម្របសម្រួលរបស់លោក ក្រុមហ៊ុន GFX បានយល់ព្រមផ្តល់សំណងប៉ះប៉ូវដល់ជនរងគ្រោះចំនួន៣០ភាគរយជាមុនសិន ហើយក្រុមហ៊ុននឹងបន្តសងឱ្យបាន១០០ភាគរយ នៅពេលតតាំងតាមនីតិវិធីច្បាប់ជាមួយភាគីដែលបានធ្វើឱ្យបាត់លុយ។
លោកបន្ថែមថា ជនរងគ្រោះមួយចំនួនយល់ស្របចំពោះដំណោះស្រាយនេះ ប៉ុន្តែពួកគេទាមទារឱ្យក្រុមហ៊ុនធ្វើកិច្ចសន្យាធានាផ្តល់សំណងឱ្យបានជាក់លាក់ ខណៈមួយចំនួនស្នើសុំដោះស្រាយជាមួយក្រុមហ៊ុនដោយផ្ទាល់ ហើយលោកថា ក្រុមហ៊ុនក៏យល់ស្រប។ លោកថា លោកមានការសោកស្តាយចំពោះការប្រមូលផ្តុំគ្នាតវ៉ាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីភាគីទាំងសងខាងស្នើសុំដោះស្រាយជាមួយគ្នាដោយផ្ទាល់។
លោក ដួង តារា មានប្រសាសន៍ថា៖ «ខ្ញុំបានជម្រាបទាំងសងខាងថា បើត្រូវការខ្ញុំមកឈរសម្របសម្រួលដោះស្រាយកិច្ចការនេះបន្តទៅទៀត ខ្ញុំរីករាយនឹងជួយៗ ចៀសវាងកុំឱ្យរឿងហ្នឹងវាកាន់តែធ្ងន់ធ្ងរតទៅមុខទៀត។ នេះជាបំណងមួយដែលខ្ញុំចង់ឃើញ ហើយរឿងទាំងអស់នេះ ខ្ញុំមិនចង់ឱ្យប្រមុខដឹកនាំយើងឈឺក្បាលដោយសាររឿងយើងរកស៊ីសោះ។ យើងចំណេញយើងខាតសោះ ហេតុអីយើងមិនចេះដោះស្រាយ? ចំណេញយកទៅបាត់ ហើយចុះខាតឬមានបញ្ហា យើងមិនចេះនាំគ្នាដោះស្រាយ ស្អីបន្តិចបន្តទៅដល់សម្តេចគ្រប់ពេលវេលាអ៊ីចឹង?»
ប្រភពដដែលថ្លែងថា ក្រុមហ៊ុន GoldFX គួរតែមានភាពទទួលខុសត្រូវខ្ពស់ចំពោះការបាត់បង់ដោយសារបញ្ហាដែលបានកើតឡើងក្នុងប្រព័ន្ធជួញដូររបស់ខ្លួន ហើយតាមស្វែងរកមូលហេតុនៃការបាត់បង់ឱ្យបាន ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជនដែលបានជឿទុកចិត្តវិនិយោគលុយនៅក្រុមហ៊ុន។
វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយពីតំណាងក្រុមហ៊ុន GoldFX Investment បានទេ នៅថ្ងៃនេះ។
យ៉ាងណា ក្នុងលិខិតចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុនបានប្រកាសពីកិច្ចខំប្រឹងប្រែងរបស់ខ្លួនក្នុងនាមជាជនរងគ្រោះដូចជាអតិថិជនពីការបាត់បង់លុយជាង២០លានដុល្លារ ដែលក្រុមហ៊ុនអះអាងថា បង្កឡើងដោយជនបរទេសនិងបក្ខពួកជាជនបរទេសដទៃទៀត។
ក្នុងលិខិតដដែល ក្រុមហ៊ុនក៏បានប្រកាសថា នឹងចុះដោះស្រាយជូនអតិថិជននៅតាមបណ្តាខេត្តទៅតាមដំណោះស្រាយជាសាច់ប្រាក់តាមការស្នើសុំ និងគោលបំណងរបស់ក្រុមហ៊ុន បន្ទាប់ពីខ្លួនបានប្រកាសនៅដើមខែសីហាថា មានអតិថិជនរងគ្រោះចំនួន៥០ភាគរយបានយល់ព្រមទទួលយកការដោះស្រាយរបស់ក្រុមហ៊ុន។
ពាក់ព័ន្ធនឹងការព្រមទទួលយកសំណងនេះ តំណាងជនរងគ្រោះឈ្មោះ យ៉ាយ៉ា លើកឡើងថា អ្នកដែលយល់ព្រមទទួលយកដំណោះស្រាយពីក្រុមហ៊ុនចំនួន៣០ភាគរយនៃប្រាក់ដែលពួកគេបានបាត់ គឺសុទ្ធតែដាក់ប្រាក់វិនិយោគបន្តិចបន្តួចត្រឹម១ ០០០ដុល្លារ។
កាលពីចុងខែមីនា ឆ្នាំ២០២១ គណនីរបស់អតិថិជនដែលបានដាក់លុយវិនិយោគលើការជួញដូរតាមប្រព័ន្ធ Forex របស់ក្រុមហ៊ុន GFX ទាំងអស់ត្រូវបានបាត់បង់ ដោយក្រុមហ៊ុនថា បញ្ហានេះគឺបង្កឡើងដោយគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនដែលជាជនបរទេសចំនួន៣នាក់ ហើយស្នើឱ្យអតិថិជនទាំងអស់ចូលរួមដាក់ពាក្យបណ្តឹងជាមួយក្រុមហ៊ុន ដើម្បីតាមស្វែងរកជនបង្កមកដោះស្រាយតាមនីតិវិធីច្បាប់៕