អ្នក​ស្រាវ​ជ្រាវ​ស្នើ​ឱ្យ​ចិន​​​មាន​តម្លា​ភាព​អំពី​ប្រភព​ដើម​នៃ​វីរុស​​កូវីដ-១៩

លោកវេជ្ជបណ្ឌិត Tedros Adhanom អគ្គនាយកអង្គការសុខភាពពិភពលោក ធ្វើសេចក្តីថ្លែងការណ៍ស្តីពីការប្រកាសអាសន្នវីរុសណូវែលកូរ៉ូណាវ៉ាវី (២០១៩-nCoV) ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ (វេបសាយបរទេស)

បន្ទាប់ពីក្រុមការងារមួយរបស់អង្គការ​សុខភាព​ពិភពលោក (WHO) បានបរាជ័យក្នុងអំឡុងពេលបំពេញ​ការងាររបស់ខ្លួននៅទីក្រុងវូហាន ប្រទេសចិន ដើម្បីឈានទៅដល់ការសន្និដ្ឋានក្នុង​ការស្វែង​រក​ប្រភព​ដើម​នៃវីរុស​កូរ៉ូណា។

ក្រុមអ្នកស្រាវជ្រាវម៉ុងហ្គោលី ជឿជាក់ថា ប្រទេសចិនមានចេតនា​ធ្វើឱ្យ​​មានការរីករាលដាលនៃវីរុស​ចេញពីមន្ទីរពិសោធន៍ ដើម្បីចៀសវាងការតវ៉ានៅក្នុងតំបន់ បន្ទាប់ពីខ្លួនបានបដិសេធសំណើរបស់អង្គការ​សុខភាព​ពិភពលោកក្នុងខែកក្កដា ឆ្នាំ២០២១ ទាក់ទងនឹងការចាប់ផ្តើមដំណាក់កាលទី២ នៃការស៊ើបអង្កេតពីប្រភពដើមនៃវីរុស។

តាមរយៈហេតុផលនេះ វីរុសមិនអាចធ្លាយចេញពីមន្ទីរពិសោធន៍បាននោះទេ ហើយការលើកឡើងបែបនេះគួរតែត្រូវបញ្ចប់ ខណៈដែលក្រុមអ្នកស្រាវជ្រាវក៏បានអំពាវនាវឱ្យប្រទេសចិនមានតម្លាភាពនិង​ទទួលយកការសិក្សាសុខភាពរបស់​ពិភពលោក អំពីដើមកំណើតនៃវីរុសនេះផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន A24 News អ្នកស្រាវជ្រាវមួយរូប លោកស្រី B.Uranchimeg បានឱ្យ​​ដឹងថា៖ «ក្រុមអ្នកវិទ្យាសាស្ត្រមួយរបស់អង្គការ​សុខភាព​ពិភពលោក បានធ្វើការនៅទីក្រុងវូហាន សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បីតាមដានប្រភពដើមនៃជំងឺកូវីដ-១៩ ប៉ុន្តែពួកគេមិនអាចសម្រេចបាននូវសេចក្តីសន្និ​ដ្ឋាន​ច្បាស់​លាស់​នោះ​ទេ។ ជាទូទៅ ពួកគេថ្លែងថា ការឆ្លងពីសត្វមកកាន់មនុស្ស​ គឺមានលទ្ធភាពខ្ពស់ ប៉ុន្តែលទ្ធភាពដែលមេរោគធ្លាយចេញពីមន្ទីរពិសោធន៍ គឺទំនងជាមិនអាចកើតមានឡើងបាននោះទេ។ ក្នុងខែកក្កដា ឆ្នាំ​២០២១ អង្គការ​សុខភាព​ពិភពលោក បានស្នើទៅប្រទេសចិន ដើម្បីចាប់ផ្តើមការស្រាវជ្រាវដំណាក់កាលទី​២ ប៉ុន្តែចិនបានបដិសេធ​យ៉ាង​ដាច់​​អហង្ការលើករណី​នេះ។ ទោះជាយ៉ាងណា អ្នកស្រាវជ្រាវមួយចំនួនលើកឡើងថា ប្រសិនបើចិនជឿជាក់ថា វីរុសកូវីដ-១៩ធ្លាយ​ចេញ​ពី​មន្ទីរ​ពិសោធន៍ ពួកគេគួរតែមានការបញ្ជាក់ពីការសិក្សានិងមានតម្លាភាព»។

អ្នកសង្គមវិទ្យាមួយរូប លោក D.Chuluunbat បានឱ្យ​​ដឹងផងដែរ​ថា៖ «វាបង្កឱ្យ​​មានការសង្ស័យជាច្រើនអំពីដើមកំណើតនៃវីរុសកូវីដ-១៩។ ជាឧទាហរណ៍ វិទ្យាស្ថានសិក្សាមេរោគវូហាន​ [Wuhan Institute of Virology] មានចម្ងាយធ្វើដំណើរប្រមាណជា៤០នាទី ពីផ្សារហ៊ូណាន។ មុនមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា អ្នកស្រាវជ្រាវ​៣​នាក់នៃមន្ទីរពិសោធន៍ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយសារជំងឺធ្ងន់ធ្ងរ។ ចិនមិនយល់ស្របជាមួយនឹងការសិក្សាលម្អិត ហើយបដិសេធមិនធ្វើកិច្ចការងារនេះ ខណៈដែលខ្លួនលើកឡើងថា វីរុសនេះមានដើមកំណើតចេញពីសត្វ»។

លោកបន្តថា៖ «ទីក្រុងវូហាន គឺជាទីតាំងមួយក្នុងចំណោមទីតាំងជាច្រើនផ្សេងទៀតដែលមានកុបកម្មនិងបាតុកម្មកើត​ឡើង។ បន្ទាប់​ពីកុបកម្មនៅហុងកុង ការតវ៉ាក៏កើតមានឡើងនៅទីក្រុងវូហានផងដែរ។ មនុស្សមួយចំនួនលើកឡើង ហើយគិតថា ចិន​ប្រហែល​ជាទប់ស្កាត់ការរីករាលដាលនៃការតវ៉ានៅហុងកុងទៅកាន់តំបន់ផ្សេងទៀត តាមរយៈចេតនាធ្វើឱ្យមេរោគធ្លាយ​ចេញ​ពី​មន្ទីរ​ពិសោធន៍ ដាក់ចេញឱ្យ​​មានការធ្វើចត្តាឡីស័ក និងរបបនយោបាយនានា ដើម្បីបង្ក្រាបករណីនេះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ