ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង ឋានន្ដរសក្តិ និងបណ្ដេញមន្ដ្រីនគរបាលជាតិមួយរូបចេញពីក្របខណ្ឌ ដោយសារមន្ត្រីរូបនោះល្មើសវិន័យរបស់កម្លាំងនគរបាលជាតិ។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដែល វីអូឌី ទទួលបាននៅថ្ងៃទី១៧ ខែសីហានេះ ឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានដកហូតមុខតំណែង ឋានន្ដរសក្តិ និងបណ្ដេញមន្ដ្រីនគរបាលជាតិ លោក អ៊ុន សំអាត ដែលមានតួនាទីជានាយរងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចេញពីក្របខណ្ឌ ក្រោមមូលហេតុល្មើសវិន័យរបស់កម្លាំងនគរបាលជាតិ។
សេចក្តីប្រកាសដដែលបញ្ជាក់ថា ចំពោះប្រាក់ឧបត្ថម្ភផ្សេងៗត្រូវកាត់ផ្តាច់និងលុបចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១នេះទៅ។
ទោះជាយ៉ាណា ក្រសួងមិនបានបញ្ជាក់ពីមូលហេតុឱ្យបានលម្អិតពាក់ព័ន្ធនឹងការដកឋានន្តរសក្តិនិងបណ្តេញមន្ត្រីនគរបាលជាតិចេញពីក្របខណ្ឌនេះនោះទេ។
ចំណែកលោក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ដកសក្តិនិងបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ដោយសារអធិការរូបនោះបានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ពីប្រទេសថៃចូលទឹកដីកម្ពុជា ដោយគេចវេះពីការធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជាថៃ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំដដែល៕









