ពលរដ្ឋមួយចំនួននៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ អះអាងថា ពួកគេនឹងមិនអនុវត្តរុះរើរបងនិងផលដំណាំទៅតាមការជូនដំណឹងរបស់អាជ្ញាធរនោះទេ ខណៈអាជ្ញាធរទុកពេល៣ថ្ងៃឱ្យរុះរើដោយខ្លួនឯង។
កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌទួលគោក បានចេញសេចក្តីជូនដំណឹងមួយដោយតម្រូវឱ្យប្រជាពលរដ្ឋប្រមាណ៦០គ្រួសារ រស់នៅតំបន់អាងស្ដុកទឹកទួលគោកទី២ និងតាមបណ្ដោយផ្លូវរថភ្លើង ស្ថិតក្នុងភូមិ១៤ សង្កាត់បឹងកក់ទី១ ត្រូវប្រញាប់ដករបងនិងដើមចេកចេញ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែសីហានេះ។
សេចក្តីជូនដំណឹងនេះបញ្ជាក់ថា រដ្ឋបាលខណ្ឌទួលគោកយកទីតាំងដីនោះធ្វើការអភិវឌ្ឍនៅនឹងកន្លែងទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល ដោយរៀបចំធ្វើបណ្ណកម្មសិទ្ធិជូនពលរដ្ឋដែលមានទទឹង៤ម៉ែត្រនិងបណ្ដោយ១០ម៉ែត្រសម្រាប់គ្រួសារនីមួយៗ។
អាជ្ញាធរបានព្រមានថា ប្រសិនបើពលរដ្ឋមិនព្រមធ្វើតាមការណែនាំនេះទេ អាជ្ញាធរខណ្ឌនិងសង្កាត់នឹងចុះអនុវត្តតាមច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតឬបាត់បង់ទ្រព្យសម្បត្តិរបស់ពលរដ្ឋទាំងនោះឡើយ។
ពលរដ្ឋម្នាក់រស់នៅភូមិ១៤ លោក សម ចំរ៉ុង ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា ប្រជាពលរដ្ឋបានសម្រេចគ្នារួចហើយ ដោយមិនអនុវត្តរុះរើរបងនិងផលដំណាំទៅតាមការជូនដំណឹងរបស់អាជ្ញាធរនោះទេ។ លោកថា ប្រសិនជាអាជ្ញាធរដាក់កម្លាំងចុះរុះរើ នោះអ្នកភូមិនឹងប្រមូលផ្តុំគ្នាតវ៉ាប្រឆាំង។
លោក សម ចំរ៉ុង ឱ្យដឹងថា កន្លងមក ពលរដ្ឋធ្លាប់បានសម្បទានដីរបស់ខ្លួនជូនរដ្ឋដើម្បីពង្រីកប្រឡាយទឹកនិងផ្លូវអមប្រឡាយអស់ជាច្រើនម៉ែត្ររួចហើយ។
លោកបន្ថែមថា៖ «ពួកខ្ញុំនឹងប្រឈមមុខតតាំង អស់ជម្រើសហើយ ដាច់ខាតមិនឱ្យរុះរើទេ តែហ៊ានរុះរើ ដឹងតែមានការប៉ះទង្គិចគ្នាហើយ អត់មានអីវែងឆ្ងាយទេ»។
ពលរដ្ឋនៅភូមិ១៤ម្នាក់ទៀត លោក ផន ផុន ចាត់ទុកករណីអាជ្ញាធរខណ្ឌទួលគោកយកដីរបស់ពួកគាត់ទៅធ្វើជាគោលនយោបាយបែងចែកជូនពលរដ្ឋផ្សេងនោះ ថាជារឿងអយុត្តិធម៌។
ពលរដ្ឋរូបនេះអះអាងថា កន្លងមក គ្រួសាររបស់លោកនិងពលរដ្ឋផ្សេងទៀតបានធ្វើសម្បទានដីជាង២០ម៉ែត្រក្នុងមួយគ្រួសារដល់អាជ្ញាធរសម្រាប់ឱ្យធ្វើប្រឡាយ និងជាង១០ម៉ែត្រសម្រាប់ផ្លូវ ដោយមួយគ្រួសារសល់ដីប្រហែល២០ម៉ែត្រប៉ុណ្ណោះ។
លោកបន្ថែមថា៖ «អ៊ីចឹងខាងអាជ្ញាធរហ្នឹង គេចង់យកដីរបស់ពួកខ្ញុំដែលសល់ប្រហែល២០ម៉ែត្រម្នាក់ហ្នឹងទៅពុះបែងចែកឱ្យពលរដ្ឋផ្សេង។ ការយកដីនៅសល់របស់ពួកខ្ញុំនេះ ទៅបែងចែកឱ្យពលរដ្ឋផ្សេងនោះ ការធ្វើនេះដូចជាមិនសមទេ អយុត្តិធម៌ណាស់។ ពួកខ្ញុំចង់ឱ្យដីដែលនៅសល់ប៉ុន្មានហ្នឹង គាត់ចង់ឱ្យរដ្ឋាភិបាលចេញប្លង់ឱ្យពួកគាត់»។
អភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន មានប្រសាសន៍ថា ប្រជាពលរដ្ឋបានចូលកាន់កាប់ដីអាងស្តុកទឹកដែលពួកគេមិនអាចរឹងរូសមិនរុះរើបានឡើយ។ យ៉ាងណា លោកបានបង្វែរឱ្យទៅសួរខាងសង្កាត់បឹងកក់១បន្ថែមទៀត ពាក់ព័ន្ធករណីនេះ។
លោកបន្ថែមថា៖ «ពួកគាត់ហ្នឹងរស់នៅរំលោភលើដីអាងស្តុកទឹក អ៊ីចឹងពួកគាត់មិនអាចរឹងរូសមិនរើចេញបានទេ»។
វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីចៅសង្កាត់បឹងកក់ទី១ លោក វ៉ិត ដារិទ្ធ បានទេ ពាក់ព័ន្ធករណីនេះ។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា ករណីអាជ្ញាធរយកដីពលរដ្ឋមកពុះជាឡូត៍ ដើម្បីបែងចែកនិងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋនៅតំបន់នោះបានទទួលបានស្មើគ្នានេះ វាជាឆន្ទៈមួយរបស់អាជ្ញាធរ ប៉ុន្តែពលរដ្ឋមួយចំនួនដែលមិនពេញចិត្តនៅតែមានសិទ្ធិទាមទារទៅអាជ្ញាធរឱ្យដោះស្រាយឱ្យបានសមរម្យសម្រាប់ពួកគេ។
លោក វណ្ណ សូផាត ស្នើទៅអាជ្ញាធរនិងប្រជាពលរដ្ឋជួបពិភាក្សាគ្នារកដំណោះស្រាយដោយសន្តិវិធី ហើយអាជ្ញាធរត្រូវគោរពពាក្យសន្យាខ្លួនឯងជាជាងប្រើប្រាស់កម្លាំងទៅរុះរើ ដែលអាចបង្កឱ្យមានការប៉ះទង្គិចគ្នានិងមានអំពើហិង្សាកើតឡើង។
លោកបន្ថែមថា៖ «ប៉ុន្តែប្រជាពលរដ្ឋ គាត់នៅតែមានសិទ្ធិក្នុងការស្នើសុំឱ្យមានដំណោះស្រាយទៅតាមទំហំដីដែលពួកគាត់បានកាន់កាប់យូរឆ្នាំហើយដែរ។ អ៊ីចឹងសរុបសេចក្តីមក មានតែពិភាក្សាគ្នាស្វែងរកដំណោះស្រាយរួមគ្នាមួយ ហើយបរិច្ចាគបន្តិចៗម្នាក់។ ហើយអាជ្ញាធរគោរពសម្តី គោរពសេចក្តីប្រកាសរបស់ខ្លួនផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត»៕









