តុលាការ​ផ្តន្ទា​ទោស​លោក​ រ៉ុង​ ឈុន​ ដាក់​ពន្ធនា​គារ​២​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល​

លោក រ៉ុង ឈុន ក្រោយ​ចេញពី​សវនាការ​នៅ​តុលាការ​កំពូល ពាក់ព័ន្ធ​នឹង​បទ​ចោទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ RONG CHHUN​)

តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន និងសកម្មជន២នាក់ទៀត ឱ្យជាប់ពន្ធនាគារពី២០ខែទៅ២ឆ្នាំ​ និងពិន័យជាប្រាក់ក្នុងម្នាក់២ ០០០​ ០០០រៀល ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យ​មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។​

បើតាមអ្នកយកព័ត៌មានរបស់ វីអូឌី ដែលបានចុះទៅយកព័ត៌មានជុំវិ​ញការប្រកាសសាលក្រមនៅថ្ងៃទី១៨ ខែសីហា​នេះ បានឱ្យដឹងថា ចៅក្រមជំនុំជម្រះ លោក លិ សុខា បានប្រកាស​សាលក្រម​នៅចំពោះមុខលោក រ៉ុង ឈុន និងសកម្មជនទាំងពីរនាក់ ក្នុងនោះ តុលាការ​បាន​កាត់​ទោសលោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដាក់​ពន្ធនាគារចំនួន២ឆ្នាំ និងបង់ប្រាក់២ ០០០ ០០០រៀលទៅតុលាការ។

ចំណែកសកម្មជនពីរនាក់ទៀត គឺលោក តុល​ និមល​ និងកញ្ញា សរ​ កណិការ តុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២០ខែ​ និងពិន័យប្រាក់ម្នាក់ៗចំនួន២ ០០០ ០០០​រៀល​ទៅតុលាការ​។ ក្រៅពីនេះ តុលាការក៏បានបង្គាប់ឱ្យលោក រ៉ុង ឈុន និងសកម្មជនទាំងពីរនាក់ រួមគ្នាបង់ប្រាក់ចំនួន៤០០លានរៀល​ថែមទៀតទៅខាងគណៈកម្មការកិច្ចការព្រំដែនកម្ពុជា។

គួរជម្រាបជូនថា អាជ្ញាធរកម្ពុជា​បានចាប់ខ្លួន​លោក រ៉ុង ឈុន​ កាលពី​យប់ថ្ងៃទី​៣១​ ខែកក្កដា ​ឆ្នាំ២០២០​ ក្រោយ​ពីលោកបាន​រិះគន់លើ​បញ្ហាការបោះបង្គោល​ព្រំដែន​នៅខេត្តត្បូងឃ្មុំ ដែល​ពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​វៀតណាមបាន​រំលោភ​យកដីពួកគាត់​។

​ចំណែកលោក តុន និមល និងកញ្ញា សរ កណិកា ​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ ក្រោយ​ពេលពួកគេបាន​ចូលរួម​តវ៉ា​ឱ្យដោះលែងលោក រ៉ុង ឈុន​ និងជន​ជាប់ឃុំ​មួយ​ចំនួន​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ