មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារម្សិលមិញនេះ បានសម្តែងការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលធ្វើការលើបញ្ហាសិទ្ធិមនុស្ស ខណៈទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការមួយនេះក៏បានអំពាវនាវឱ្យបញ្ចប់ការនិរទេសដោយបង្ខំនៃអ្នកស្វែងរកសិទ្ធិជ្រកកោនអាហ្វហ្គានីស្ថានផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់សម្ដី លោកស្រី Michelle Bachelet ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលបានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយរបស់អង្គការសហប្រជាជាតិថា៖ «យើងមានការព្រួយបារម្ភ ជាពិសេសអំពីសុវត្ថិភាពរបស់ជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលបាននិងកំពុងធ្វើការដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅទូទាំងប្រទេសនេះ ហើយបានជួយលើកកម្ពស់ជីវិតមនុស្សរាប់លាននាក់»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោកស្រី Michelle Bachelet ត្រូវបានធ្វើឡើងស្របពេលដែលក្រុមតាលីបង់បានចូលទៅគ្រប់គ្រងវិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន នៅក្នុងរដ្ឋធានីកាប៊ុល បន្ទាប់ពីប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានចាកចេញពីប្រទេសនេះកាលពីថ្ងៃអាទិត្យកន្លងទៅ ដើម្បីចៀសវាងការបង្ហូរឈាម៕









