តុលាការ​ខ្មែរ​ក្រហម​ បន្ត​បើក​សវនាការ​លើ​បណ្តឹង​សាទុក្ខ​របស់ ខៀវ​ សំផន​ នៅ​ថ្ងៃ​ទី​៤

ថ្ងៃសាវនាការសាលាដំបូងនៃសាលាក្តីខ្មែរក្រហម លើលោក នួន ជា និងលោក ខៀវ សំផន ក្នុងសំណុំរឿង០០២ ផ្នែកទី២ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបន្តបើក​សវនាការនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ សម្រាប់ថ្ងៃទី៤ និងជាថ្ងៃចុងក្រោយនៃសវនាការ​លើ​បណ្តឹង​សាទុក្ខក្នុងសំណុំរឿង ០០២/០២ ប្រឆាំងនឹងជនជាប់ចោទ លោក​ ខៀវ សំផន។

សវនាការនៅថ្ងៃព្រហស្បតិ៍​នេះ នឹងផ្តោតជាសំខាន់លើសារណារបស់សហព្រះរាជអាជ្ញា សារណា​របស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ឬជនរងគ្រោះ សារណារបស់មេធាវីការ​ពារ​ក្តីលោក​​ ខៀវ សំផន ការតាំងសំណួររបស់ចៅក្រមអង្គជំនុំជម្រះ ការលើកសារណាបដិសេធ​របស់​មេធាវីការពារក្តីលោក ខៀវ សំផន និងចុងក្រោយគឺ​ការផ្តល់ឱកាសឱ្យ​លោក ខៀវ សំផន ថ្លែងទៅ​កាន់អង្គជំនុំជម្រះដោយផ្ទាល់។

សាលាក្តីខ្មែរក្រហមគ្រោងបើកសវនាការលើបណ្តឹងសាទុក្ខរបស់លោ​ក ខៀវ សំផន នេះ រយៈ​ពេល​៤ថ្ងៃ ចាប់​ពីថ្ងៃចន្ទ ទី១៦ ខែសីហា ដល់ថ្ងៃព្រហស្បតិ៍​ ទី១៩ ខែសីហា និងត្រៀមបម្រុងមួយថ្ងៃទៀត គឺនៅថ្ងៃសុក្រ។

សវនាការនេះ គឺធ្វើឡើងតាមបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហម ដើម្បីប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានកាត់ទោសលោក និងលោក នួន ជា បងធំទី២ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ ប៉ុន្តែសំណុំរឿងរបស់លោក នួន ជា បានផុតរលត់ ក្រោយពីលោក នួន ជា បានទទួលមរណភាពនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។

លោក ខៀវ សំផន ដែលបច្ចុប្បន្នមានអាយុ៩១ឆ្នាំ គឺជាអតីតមេដឹកនាំខ្មែរក្រហមតែម្នាក់គត់ដែលនៅរស់រានមានជីវិតក្នុងចំណោមអតីតមេដឹកនាំជាន់ខ្ពស់៤រូប រួមមាន លោកអៀង សារី លោកស្រី អៀង ធីរិទ្ធ និងលោក នួន ជា ដែលសុទ្ធតែបានទទួលមរណភាពជាបន្តបន្ទាប់ នៅក្នុងអំឡុងពេលដំណើរការកាត់ទោសពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម នៅចន្លោះពីឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ