ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទ Delta នៅតាមបណ្តារោងចក្រសហគ្រាស ខណៈជំងឺបំប្លែងថ្មីនេះកំពុងឆ្លងរាលដាលក្នុងសហគមន៍នៅកម្ពុជាកាន់តែខ្លាំង។
ក្រសួងការងារបានចេញសេចក្តីណែនាំមួយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដោយប្រាប់ដល់ម្ចាស់រោងចក្រ សហគ្រាស ជាពិសេសផ្នែកវាយនភណ្ឌកាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបទាំងអស់ ត្រូវរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ដល់កម្មករនិយោជិតទាំងអស់ឱ្យបានយ៉ាងតិច២ដងមុនថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ហើយក្រោយថ្ងៃទី១០ ខែកញ្ញា ត្រូវបន្តធ្វើតេស្តជាប្រចាំលើមុខសញ្ញាកម្មករដែលសង្ស័យ។
ក្រសួងការងារ បានណែនាំឱ្យម្ចាស់រោងចក្រសហគ្រាសទាំងនោះត្រូវទិញឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងតម្លៃតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឬប្រភពស្របច្បាប់នានាផ្សេងទៀត។ ក្រសួងបញ្ជាក់ថា ក្នុងករណីរកឃើញកម្មករណាម្នាក់វិជ្ជមានជំងឺកូវីដ-១៩តាមរយៈការធ្វើតេស្តនេះ ឬមានអាការសង្ស័យណាមួយ ត្រូវរាយការណ៍ទៅក្រសួងសុខាភិបាលជាបន្ទាន់។
ក្រសួងការងារ ក៏រំឭកទៅម្ចាស់រោងចក្រសហគ្រាស ត្រូវណែនាំដល់កម្មករនិយោជិតឱ្យបន្តអនុវត្តវិធានការអនាម័យ សុវត្ថិភាពសុខភាពនៅកន្លែងការងារ និងអនុវត្តវិធានការផ្នែកសុខាភិបាលឱ្យបានម៉ត់ចត់និងត្រឹមត្រូវ ដូចជា ការពាក់ម៉ាស់ រក្សាគម្លាត និងវាស់កម្តៅ ជាដើម។
លិខិតបញ្ជាក់ថា៖ «ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ ការស្កេន QR Code ជាពិសេសប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ការពារ ៣កុំ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងកុំទៅកាន់ទីតាំងមនុស្សជុំគ្នាច្រើន និងកន្លែងដែលបិទជិត»។
ប្រធានរដ្ឋបាលរោងចក្រ W&D នៅរាជធានីភ្នំពេញ អ្នកស្រី មាស សារ៉េត មានប្រសាសន៍នៅថ្ងៃនេះថា រោងចក្រ W&D នឹងអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋាភិបាលនេះ។ អ្នកស្រីថា រោងចក្របានរៀបចំនិងត្រៀមរួចហើយ ដើម្បីធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ដល់កម្មករនិយោជិតរបស់ខ្លួន។
អ្នកស្រីថា៖ «ការតម្រូវឱ្យយើងចេញថ្លៃទិញឧបករណ៍នេះ វាមិនជាបញ្ហាអីទេសម្រាប់រោងចក្រយើង។ ឥលូវថៅកែគាត់ត្រៀមរួចហើយ ដើម្បីយើងធ្វើតេស្តទៅលើកម្មករ»។
មិនខុសគ្នានេះដែរ ប្រធានរដ្ឋបាលរោងចក្រដេរកាបូបមួយនៅរាជធានីភ្នំពេញ សុំមិនបញ្ចេញឈ្មោះ ប្រាប់ វីអូឌី ថា រោងចក្រដែលគាត់ធ្វើការចំនួន២សាខា មានកម្មករជាង៣ ០០០នាក់ បានត្រៀមខ្លួន ដើម្បីអនុវត្តសេចក្តីណែនាំរបស់ក្រសួងការងារនេះ ប៉ុន្តែលោកថា ថៅកែរោងចក្រក៏ត្អូញត្អែរពីបញ្ហាប្រឈមលើការចំណាយនិងខ្វះគ្រូពេទ្យជំនាញក្នុងការធ្វើតេស្តផងដែរ។
លោកបន្ថែមថា៖ «ពេលខ្លះ ថៅកែគាត់ត្អូញត្អែរនឹងការខាតច្រើនដែរ ប៉ុន្តែវាគ្មានជម្រើសទេ។ ខាងក្រសួងគេចេញមកហើយ យើងត្រូវធ្វើតាម ប្រសិនបើយើងមិនធ្វើតាមទេ គេនឹងធ្វើអធិការកិច្ចទៅលើការងារហ្នឹងទៅ។ គេរកឃើញថា យើងមិនបានអនុវត្តតាម វាជាបញ្ហាមួយសម្រាប់រោងចក្រដែរ»។
កម្មករម្នាក់បម្រើការងារនៅរោងចក្រ W&D លោក សឿង ប្រុស យល់ថា ករណីក្រសួងតម្រូវឱ្យម្ចាស់រោងចក្រធ្វើតេស្តរហ័សដល់កម្មករនេះ វាជារឿងល្អមួយ។ លោកថា ការធ្វើតេស្តញឹកញាប់អាចឱ្យដឹងពីស្ថានភាពសុខភាពរបស់ខ្លួនឯង ហើយអាចទប់ស្កាត់ការឆ្លងរាលដាលបន្ត និងអាចព្យាបាលទាន់ពេលវេលាផងដែរ។
លោកបន្ថែមថា៖ «ខ្ញុំអត់ខ្លាចក្នុងការពិនិត្យទេ ពីព្រោះបើកាលណាយើងមាន យើងទៅព្យាបាលទាន់ពេលវេលា ហើយទទួលបានអត្ថប្រយោជន៍ពីក្រុមហ៊ុន១០០ភាគរយ និង៧០ភាគរយពី ប.ស.ស ទៀត។ នៅរោងចក្រខ្ញុំ មានបងប្អូនកម្មករប្រហែល៤០ភាគរយ ពួកគាត់មិនខ្លាចក្នុងការធ្វើតេស្តនេះទេ ប៉ុន្តែសម្រាប់បងប្អូនកម្មករដែលគាត់មានជំងឺប្រចាំកាយនិងមានជំងឺច្រមុះ ពួកគាត់ចេះតែបារម្ភ ដោយសារខ្លាចធ្វើតេស្តញឹកញាប់ពេក ធ្វើឱ្យប៉ះពាល់ដល់សុខភាពគាត់បន្ថែមទៀត»។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ បានសាទរចំពោះការតម្រូវឱ្យម្ចាស់រោងចក្រធ្វើតេស្តរហ័សដល់កម្មករ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ប្រភេទថ្មីនេះ។ ប៉ុន្តែអ្នកស្រីបានស្នើឱ្យមានគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ក្នុងការជួយធ្វើតេស្តដល់កម្មករនៅតាមរោងចក្រទាំងនោះផងដែរ។
អ្នកស្រីបន្ថែមថា ការតម្រូវឱ្យម្ចាស់ឬថៅកែរោងចក្រជាអ្នកចេញថ្លៃទិញឧបករណ៍តេស្តទាំងស្រុងនោះ វាជាការល្អសម្រាប់កម្មករ ប៉ុន្តែវានឹងប៉ះពាល់ទៅដល់ថៅកែ ខណៈរោងចក្រខ្លះមានកម្មកររាប់ម៉ឺននាក់។
អ្នកស្រីថា៖ «យើងស្វាគមន៍ឱ្យមានការធ្វើតេស្ត ដើម្បីឱ្យយើងដឹងច្បាស់ថា យើងឈឺឬមិនឈឺ។ បើសិនយើងឈឺ យើងត្រូវទៅកន្លែងដែលមានការមើលថែស្រួលបួល កុំឱ្យមានបញ្ហាឆ្លងដល់ក្រុមគ្រួសារ នេះជារឿងសំខាន់។ ហើយត្រូវមានការផ្តល់ប្រាក់ឈ្នួលឱ្យពួកគាត់ឱ្យបានច្បាស់លាស់ ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យពួកគាត់មានលទ្ធភាពផ្គត់ផ្គង់ក្នុងជីវភាពគ្រួសាររបស់គាត់ និងដោះស្រាយបំណុលធនាគារជាដើមហ្នឹង»។
របាយការណ៍សិក្សាមួយរបស់សហជីពកម្ពុជា និងយុទ្ធនាការសម្លៀកបំពាក់ស្អាតស្អំ ចេញផ្សាយនៅខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កម្មករចំនួន៧៨៤ ០០០នាក់ដែលធ្វើការក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មស្បែក បានបាត់បង់ប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ប្រមាណ១០៩លានដុល្លារក្នុងអំឡុងពេលការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និងការអនុវត្តវិធានការបិទខ្ទប់ទីក្រុង កាលពីខែមេសានិងខែឧសភាកន្លងទៅ៕









