លោក​ សម​ រង្ស៊ី​ អំពាវ​នាវ​ឱ្យ​អ្នក​គាំទ្រ​ពង្រឹង​ផ្ទៃ​ក្នុង​ដើម្បី​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា 

លោក សម រង្ស៊ី កាលពីពេលកន្លង

អតីត​មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានអំពាវទៅអ្នកគាំទ្រឱ្យបញ្ឈប់ការវាយប្រហារគ្នា​ជា​លក្ខណៈ​បុគ្គល ហើយ​​ងាក​មក​គិត​ពី​ប្រយោជន៍​ជាតិនូវអ្វីដែលលោកថាជាការពង្រឹងផ្ទៃក្នុងបក្ស ដើម្បី​ជំរុញដំណើរ​កា​​រ​ប្រជាធិបតេយ្យនៅកម្ពុជា។

ការថ្លែងរបស់លោក សម រង្ស៊ី ធ្វើឡើងក្នុងពិធីជួបសំណេះសំណាល​ជាមួយ​សមាជិក​សមា​ជិ​កា​​អតីតគណបក្សសង្រ្គោះជាតិប្រចាំនៅរដ្ឋ California សហរដ្ឋអាមេ​រិក នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។ 

បើតាមវីដេអូឃ្លីបនៃពិធីជួបសំណេះសំណាល​ដែល​បង្ហោះលើបណ្តាញសង្គមនោះ លោក សម រស្ស៊ី បាន​ថ្លែង​បែបប្រៀប​​​ប្រដូច​​មេដឹកនាំ​រដ្ឋប្រហារយោធា​នៅ​ភូមា​ ទៅនឹងការដឹកនាំរបស់​បក្សកាន់​អំណាច​នៅ​កម្ពុជា ដែលលោក​ថា ​បានរំលោភប្រព័ន្ធ​ប្រជាធិបតេយ្យដូចគ្នា។

លោកអះអាងថា បញ្ហា​នេះ បណ្តា​ប្រទេសលោ​​ក​សេរី រួមទាំងអាមេរិកផង កំពុងមានវិធានការ ដើម្បីស្តារប្រជាធិបតេយ្យក្នុងតំបន់​អាស៊ានឡើងវិញ។

បន្ថែ​មពីនេះ លោក សម រង្ស៊ី ក៏បានអំពាវនាវ​​ដល់អ្នកគាំទ្រឱ្យឈប់គុំ​កួនគ្នានិងឈប់​វាយ​ប្រហារដែលនាំ​​ឱ្យ​មាន​ការបែក​បាក់​អ្នក​ដែល​មាន​ជំហរ​ដូចគ្នា ដោយសារតែការស្រឡាញ់បែបជ្រុលនិយម។

លោកថា៖ «ខ្ញុំនឹងខិតខំសម្របសម្រួល ប៉ុន្តែបងប្អូនសាម៉ីខ្លួនម្នាក់ៗត្រូវយល់ពីតួនាទីរបស់ខ្លួនចំពោះប្រទេសជាតិ ចំពោះប្រវត្តិសាស្ត្រ បើយើងយករឿងបុគ្គលរឿងកំប៉ិកកំប៉ុក​មក​បាំង​មុខ​យើង​ អត់​មាន​ការទទួល​ខុសត្រូវទេ»។

លោក សម រង្ស៊ី គូសបញ្ជាក់​ទៀត​​ថា ការស្រឡាញ់ថ្នាក់ដឹកនាំបក្ស​ដោយជ្រុល​និយម និង​​ការបែកបាក់ផ្ទៃក្នុង​របស់ថ្នាក់ដឹកនាំបក្ស​នេះនៅក្រៅប្រទេស នឹងធ្វើ​ឱ្យ​កម្លាំង​ប្រជាធិបតេយ្យ​ចុះ​ខ្សោយ​ផង និង​ជំរុញឱ្យមានការសើចចំអកពីសំណាក់​​បក្សកាន់អំណាច​ផ​ង​ដែរ​។

លោកថា៖ «កាលៈទេសៈនេះ កុំបង្ហាញឱ្យមានការបែកបាក់! ហ៊ុន សែន សប្បាយ! ហ៊ុន សែន ទះដៃ! ហើ​យនៅក្នុងពោះគេសើចថា ហ្អ៎! គណបក្សសង្គ្រោះជាតិ​នៅតំបន់នេះឬតំបន់នោះបែកជាពីរក្រុម។ សួរថា​បែ​ក​រឿង​​​អី​ បែក​រឿង​ស្អប់គ្នា […] សុំឱ្យចិត្តត្រជាក់ចិត្តទូលាយ អត់មានស្អប់បុគ្គលណាទេ ហើយធ្វើការជា​មួ​យ​អ្នក​​ដែល​មាន​ជំហរដូចគ្នា»។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានចេញមកបង្កើតបក្សថ្មី លោក អ៊ូ ច័ន្ទរ័ត្ន ចាត់ទុកសារអំពាវនាវរបស់លោក សម រង្ស៊ី ហាក់ចង់យឺតពេលបន្តិច។

លោកថា៖ «ខ្ញុំមានការរីករាយ​ពេលឮថាគាត់ប្រកាសអ៊ីចឹង ហើយអបអរសាទរដែលលោកបានប្រកាសអ៊ីចឹង។ តាមពិត គួរ​តែធ្វើបែបហ្នឹងយូរណាស់ហើយ។ តែមិនអីទេ! ទោះបីយឺតបន្តិចក៏ដោយ តែវាល្អ វាចំណេញដល់សម្រាប់អ្នកប្រជាធិបតេយ្យ»។

ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន  បានចាត់ទុកសាររបស់មេដឹកនាំអតីត​បក្ស​ប្រឆាំង​នេះ​ថា ជាការ​បំភ្លៃការពិត​នៅកម្ពុជា។

លោកថា៖ «គណបក្សប្រជាជនឈ្នះ​ឆ្នោតហើយ​កាន់អំណាចខ្លួនឯង​តាមឆន្ទៈប្រជាពលរដ្ឋ ហើយមូលហេតុ​​អី​ទៅប្រៀបធៀបគណបក្សប្រជាជន ទៅនឹងគណបក្សយោធាដែលភូមា​ប្លន់អំណាចរបស់គេពីអ្នកឈ្នះឆ្នោត?»

មួយវិញទៀត អ្នកនាំពាក្យរូបនេះយល់ថា ការអំពាវនាវឱ្យមានការរួបរួម​អ្នកប្រជាធិបតេយ្យពីសំណាក់លោក សម រង្ស៊ី ទំនងជា​ស្ថិតក្នុងក្តីសុបិន្ត​ដូចពេលមុនៗដែរ។

នាយកប្រតិបត្តិអង្គការផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ យល់ថា សារដែលលោក សម រង្ស៊ី លើកឡើងជាមួយអ្នកគាំទ្រនៅសហរដ្ឋអាមេរិកពេលនេះ អាចនឹងធ្វើឱ្យមានការរួបរួមអ្នកប្រជាធិបតេយ្យនៅកម្ពុជា​បានច្រើនជាងមុខ និង​ប្រសើរជាង​មិន​ព្រម​ធ្វើអ្វី​សោះ ហើយបណ្តែតបណ្តោយឱ្យថ្នាក់ដឹកនាំបក្សនេះ​មួយ​ចំនួនធ្វើការវាយប្រហារ​ទៅលើបុគ្គលឬក៏ចោទប្រកាន់ក្រុមផ្សេង​ដែលមិ​នមាន​និន្នាការដូចខ្លួន​នោះ។

អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយផាត់ចេញពីឆាកនយោបាយកាលពីចុងឆ្នាំ២០១៧ ខណៈអតីតមន្ត្រីចំនួន១១៨នាក់ត្រូវបាន​​ហាមធ្វើនយោបាយរយៈពេល​៥ឆ្នាំចាប់​ពី​ពេល​នោះមក។

បន្ថែមពីនេះ អាសនៈទាំងអស់នៅក្នុងសភានិងនៅឃុំ-សង្កាត់ប្រហាក់ប្រហែលនឹងបក្ស​កាន់អំណាចដែរនោះ ត្រូវបានរឹបអូសយកទៅចែកឱ្យបក្សផ្សេងៗផងដែរ។

វិធានការនេះជំរុញឱ្យសហគមន៍អន្តរជាតិដែលនាំមុខគេដោយសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ទាម​ទារ​ឱ្យ​កម្ពុជាស្តារប្រជាធិបតេយ្យឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ