គម្រោងសាងសង់អាងស្តុកទឹកចំនួន៧ នៅក្នុងឧទ្យានជាតិខៅយ៉ៃ (Khao Yai National Park) ដែលជាតំបន់បេតិកភណ្ឌពិភពលោកមួយរបស់ប្រទេសថៃ និងជាព្រៃលិចទឹកគ្របដណ្តប់ខេត្តចំនួន៣ បានបង្កឱ្យមានជាការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងមន្ទីររដ្ឋាភិបាលនានាដោយសារផលប៉ះពាល់អវិជ្ជមានទៅលើព្រៃឈើនិងសត្វព្រៃ។ ខេត្តទាំង៣នោះ រួមមាន ខេត្តសារ៉ាបូរី ខេត្តណាខនណាយុគ និងខេត្តណាខនរាជសីមា។
អ្នកភូមិជាច្រើនបានច្រានចោលគម្រោងទាំងនេះ ខណៈដែលក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួន១៤នៅជុំវិញតំបន់ខៅយ៉ៃ និង Seub Nakhasathien Foundation ដែលជាមូលនិធិបរិស្ថានសំខាន់មួយនៅក្នុងប្រទេសថៃ បានដាក់លិខិតចំហមួយទៅកាន់នាយករដ្ឋមន្ត្រីថៃ ដោយបញ្ជាក់ថា ពួកគេមិនអាចទទួលយកគម្រោងទាំង៧នេះបានទេ។
យោងតាមលោក Boonseub Panprasert ដែលជាតំណាងក្រុមយុវជន Look Maprang Youth លើកឡើងថា ការគ្រប់គ្រងទឹកនៅខាងក្រៅតំបន់បេតិកភណ្ឌពិភពលោកឬឧទ្យានជាតិ គឺជាជម្រើសមួយដែលប្រសើរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់តំបន់ឧទ្យានជាតិ។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន A24 News ប្រធានភូមិ Moo 1 Sarika ស្រុកមឿង ខេត្តណាខនណាយុគ លោក Paiboon Jitsa-ngiam ថ្លែងថា៖ «ភូមិរបស់ខ្ញុំត្រូវបានចែកចេញជា៩ទីតាំង ដែលស្ថិតនៅក្នុងតំបន់ Klong Maduea។ ប្រជាជនរស់នៅនិងធ្វើការនៅក្នុងតំបន់ Klong Maduea ហើយដីត្រូវបានផ្តល់ដោយនាយកដ្ឋានព្រៃឈើ [Royal Forest Department] ដែលហៅថាជា “តំបន់ព្រៃ ៣០ មិថុនា (30th June Forest Zone)”។ ពួកគេទាំងនោះប្រកបរបរជាអ្នកមើលថែទាំសួន ហើយប្រសិនបើគ្មានករណីជំងឺរាតត្បាត ពួកគេមួយចំនួនក៏អាចទទួលបានចំណូលពីការមកលេងកម្សាន្តរបស់អ្នកទេសចរក្នុងតំបន់ Klong Maduea នេះផងដែរ។ អ្នកភូមិទាំងអស់ដែលរស់នៅពឹងផ្អែកលើតំបន់ Klong Maduea បានរងផលប៉ះពាល់ពីគម្រោងទាំងនេះ ខណៈដែលអត្ថប្រយោជន៍ដែលពួកគេនឹងទទួលបានគឺមានចំនួនតិចតួចណាស់»។
លោក Paiboon Jitsa-ngiam បន្តថា៖ «តាមរយៈអ្វីដែលយើងពិភាក្សា ពួកគេនឹងដកយកដីមួយចំនួនសម្រាប់ឱ្យអ្នកភូមិជួល ដែលនឹងមានទំហំរហូតដល់៤០០ម៉ែត្រការ៉េក្នុងមួយទីតាំង ហើយមិនមានកន្លែងសម្រាប់ធ្វើស្រែឬចម្ការនោះទេ»។
ទាក់ទិននឹងករណីនេះ ប្រធានការិយាល័យក្រុមប្រឹក្សាកសិករខេត្តណាខនណាយុគ លោក Chalit Tongmanee ថ្លែងថា៖ «អាងស្តុកទឹក Klong Banna Reservoir គឺជាគម្រោងដ៏យូរអង្វែងនៃតំបន់ធារាសាស្រ្តទី៧។ វាមិនអាចបន្តដំណើរទៅមុខបានទេ ពីព្រោះផ្នែកខ្លះនៃតំបន់សំណង់ហ្នឹងស្ថិតនៅក្នុងឧទ្យានជាតិខៅយ៉ៃ។ ក្រុមប្រឹក្សាកសិករខេត្តសារ៉ាបូរី និងខេត្តណាខនណាយុគ បានពិភាក្សានិងឯកភាពគ្នាជំរុញគម្រោងនេះ ខណៈដែលខេត្តទាំងពីរនឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។ កសិករភាគច្រើនគាំទ្រយើង។ វានឹងក្លាយជាអាងស្តុកទឹកសម្រាប់វិស័យកសិកម្ម និងអាចក្លាយជាទីតាំងដ៏សំខាន់មួយក្នុងការទទួលបានចំណូលជាច្រើន។ ដូច្នេះ យើងនឹងបន្តគាំទ្រគម្រោងនេះ»។
ជាមួយគ្នានេះផងដែរ លោក Boonseub Panprasert បញ្ជាក់ថា៖ «គម្រោងនេះមិនអាចទទួលយកបាននោះទេ។ វាហាក់បីដូចជាយើងកំណត់ទីតាំងដែលប្រជាពលរដ្ឋអាចរស់នៅបាន។ ឱកាសសម្រាប់សត្វព្រៃរស់នៅដោយសប្បាយរីករាយនិងដោយសេរី នឹងត្រូវកាត់បន្ថយ ខណៈដែលវាមើលទៅមិនសមស្របសម្រាប់តំបន់បេតិកភណ្ឌពិភពលោកនោះទេ»។
លោក Chalit Tongmanee បន្ថែមថា៖ «វាគឺជារឿងធម្មតាទេដែលមានមនុស្សមួយចំនួនបដិសេធលើគម្រោងនេះ ប៉ុន្តែពួកគេគ្រាន់តែជាចំនួនតូចមួយប៉ុណ្ណោះ ដែលភាគច្រើនគឺជាអ្នកមានធនធានដែលបានទិញដីដើម្បីសាងសង់រមណីយដ្ឋាននៅក្នុងតំបន់សំណង់។ ជាកិច្ចសម្របសម្រួល យើងអាចនឹងកែសម្រួលគម្រោងនេះឱ្យតូចជាងមុនបន្តិច ដែលផ្តល់ជាផលប៉ះពាល់តិចតួចដល់ប្រជាជននៅក្នុងតំបន់។ បច្ចុប្បន្ន កិច្ចការនេះកំពុងតែដំណើរការហើយ»។
លោក Boonseub Panprasert បន្តថា៖ «ខ្ញុំជឿថា យើងអាចគ្រប់គ្រងទឹកបាននៅខាងក្រៅតំបន់បេតិកភណ្ឌពិភពលោកឬឧទ្យានជាតិ ខណៈដែលយើងមានជម្រើសច្រើនក្នុងការធ្វើកិច្ចការងារនេះ។ អ្វីដែលយើងកំពុងធ្វើនៅពេលបច្ចុប្បន្ននេះ គឺការអប់រំប្រជាពលរដ្ឋ ប៉ុន្តែពួកគេគួរតែជាអ្នកដែលអាចជ្រើសរើសនូវអ្វីដែលពួកគេចង់ធ្វើ»។
លោកបន្ថែមថា៖ «ក្នុងនាមជាប្រជាពលរដ្ឋខេត្តសារ៉ាបូរី យើងប្រហែលជាមិនរងផលប៉ះពាល់ដោយផ្ទាល់ពីគម្រោងនេះទេ ប៉ុន្តែដោយសារតែយើងមានទំនាក់ទំនងជាមួយនឹងតំបន់ខៅយ៉ៃ ស្របពេលដែលយើងបានរៀនសូត្រច្រើនពីវាផងដែរនោះ អ្វីដែលយើងចង់ធ្វើ គឺការពារតំបន់ខៅយ៉ៃឱ្យនៅស្ថិតស្ថេរជាមួយយើងជារៀងរហូត»៕









