ម្ចាស់​​អាជីវ​កម្ម​​​នៅ​​​ព្រះ​សីហនុ​អាច​​ស្នើ​​បើក​​ឱ្យ​​ភ្ញៀវ​​ចូល​ទទួល​​ទាន​​អាហារ​​​​ក្នុង​​ហាង​​បាន​​ ក្រោយ​​ស្ថាន​ភាព​​កូវីដ-១៩​​​​ធូរស្រាល​

អគារ ផ្ទះល្វែង និងហាងនានានៅក្នុងខេត្តព្រះសីហនុ។(វណ្ណ វិចារ/ ២៧ មិថុនា ២០១៩)

អាជ្ញាធរខេត្តឱ្យដឹងថា ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន​-អាហារដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ​ អាច​ស្នើ​សុំ​ពី​មន្ទីរទេសចរណ៍​បើក​ឱ្យ​ភ្ញៀវ​ចូលទទួល​ទាន​អាហារ​នៅ​ខាង​ក្នុង​ហាង​បាន ក្រោយ​ស្ថាន​ភាព​ជំងឺ​កូវីដ-១៩បាន​ធូរស្រាល​​និង​ល្អប្រសើរវិញ​។

​​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ ជូនចំពោះ​ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន​-អាហារដ្ឋាន​ ចុះថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១ បាន​លើកឡើងថា ម្ចាស់​អាជីវកម្ម​ដែល​មាន​បំណង​ស្នើ​សុំ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ចូល​ទទួល​ទាន​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន​-អាហារដ្ឋានបាន​ ដោយ​សារ​ស្ថាន​ភាព​នៃការ​​​រីករាល​ដាល​ជំងឺ​កូវីដ-១៩​នៅខេត្ត​ព្រះ​សីហនុ​មាន​លក្ខ​ណៈ​ធូរស្រាល​ និង​ដើម្បី​​សម្រួលដល់​សកម្មភាព​អាជីវកម្ម​ទាំងនោះឡើងវិញ។

លោក​ គង់​ វិតាណៈ​ អភិបាល​រង​ខេត្ត​ព្រះសីហនុ​ ​​មាន​ប្រសាសន៍​ប្រាប់​ វីអូឌី បន្ថែម នៅថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១នេះ ​​​​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាននេះ​ ម្ចាស់​អាជីវកម្មអាច​អនុវត្ត​តាម​គោលការណ៍​ក្នុង​​សេចក្តីជូនដំណឹង​នេះ​​​ ដោយ​មាន​ការ​គាំទ្រនិង​ណែនាំ​ពីមន្ទីរទេសចរណ៍បន្ថែមទៀត។

លោក គង់ វិតាណៈ ​បន្ត​ថា បន្ទាប់​ពីម្ចាស់​អាជីវកម្ម​​ដាក់​ពាក្យ​ស្នើ​រួចរាល់ អនុគណៈកម្មការនឹង​​​ចុះ​ទៅ​ត្រួតពិនិត្យ​មើលទៅ​តាមលក្ខខណ្ឌ​ដែល​បាន​កំណត់​ ​មុន​នឹង​​បើក​ទទួល​ភ្ញៀវចូល​ទទួលទាន​វិញ។

លោក​បន្តដូច្នេះថា៖ «ទាក់​ទងទៅនឹង​ការ​ការពារ​សុវត្ថិភាព​ប៉ុន្មាន​ភាគរយ​និង​ត្រឹម​កម្រិតណាដែរ ខ្ញុំគិតថា ​ពីពេលនេះ​តទៅ​ ប្រហែលជាយើង​នឹង​រៀន​រស់​នៅក្នុង​បរិបទថ្មីមួយ​ជាមួយ​កូវីដនេះហើយ»។

លោក​អភិបាល​រងខេត្ត​ព្រះសីហនុរូបនេះក៏បាន​បញ្ជាក់ថា វិធាន​សុខាភិបាល​ការពារជំងឺ​កូវីដ-១៩​នឹង​ត្រូវបាន​ដាក់​នៅ​តាម​ភោជនីយដ្ឋាន​ ដោយលោក​លើកឡើងថា នេះ​គឺ​ជា​គោលបំណង​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ។

សេចក្ដី​ជូនដំណឹង​ដដែល​បាន​បន្ថែម​ថា ម្ចាស់​អាជីវកម្ម​អាច​ដាក់​ពាក្យ​ស្នើសុំ​មក​មន្ទីរ​ទេស​ចរណ៍​ដែល​ជា​អនុប្រធាន​គណៈ​កម្មការ​ទី​៦ ដោយ​ត្រូវ​បំពេញ​តាម​គោលការណ៍​មួយ​ចំនួន ​រួម​មាន ម្ចាស់​អាជីវកម្ម អ្នក​គ្រប់​គ្រង​ និង​បុគ្គលិក​ក្នុង​ហាង ត្រូវ​មាន​កាត​បញ្ជាក់​ការ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​​ ចំនួន​០២លើករួច។ លើសពីនេះ ​ត្រូវ​យក​សំណាក​ចំនួន​២​លើក​ក្នុង​មួយ​ខែ ដែល​ជា​បន្ទុក​របស់​ម្ចាស់​អាជីវកម្ម ហើយត្រូវ​គោរព​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​វិធាន​ការ​ «៣កុំ ៣ការពារ» របស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និងវិធាន​ការ​សុវត្ថិភាពទេសចរណ៍​របស់​ក្រសួង​ទេសចរណ៍ ព្រមទាំង​វិធាន​ការ​របស់​ក្រសួង​សុខាភិបាល​​អំពី​ការ​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ និងវិធានការមួយចំនួនទៀត។  

ក្នុង​សេចក្ដី​ជូនដំណឹង​ដដែលបញ្ជាក់ថា ក្នុង​ករណី​ម្ចាស់​ភោជនីយដ្ឋាន​-អាហារដ្ឋាន​ណា​មិន​អនុវត្តតាម​ការណែនាំ​​​ទេ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នឹង​មិន​អនុញ្ញាត​ឱ្យ​អាជីវកម្ម​​នោះ​បើក​ទទួល​ភ្ញៀវ​ចូល​ទទួល​ទាន​អាហារ​នៅ​ក្នុងហាងរបស់ខ្លួនឡើយ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ