អាជ្ញាធរ​ខេត្តព្រះសីហនុ​មិនទាន់​អាច​វាយ​តម្លៃ​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង ដោយ​រង់ចាំ​ទឹក​ស្រក

ពលរដ្ឋនាំគ្នារុញរឺម៉ក់ដឹកអីវ៉ាន់នៅលើផ្លូវ ក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដែលលិចលង់បណ្តាលមកពីជំនន់ទឹកភ្លៀង ​។ (រូបភាព៖ ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ)

មន្ត្រីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុ អះអាងថាស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរ ដែលធ្វើឱ្យអាជ្ញាធរ​មិនទាន់អាចវាយតម្លៃជារួមអំពីផលប៉ះពាល់ពីជំនន់ទឹកភ្លៀងដែលកើតឡើងកាលពីម្សិលមិញបាននៅឡើយ។

កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ នៅក្រុងព្រះសីហនុ ​មានភ្លៀងធ្លាក់យ៉ាងខ្លាំង  ដោយកម្រិតទឹកភ្លៀងកើនឡើងពីចន្លោះ១២០មម ទៅដល់២៧៩មម បណ្តាលឱ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន រហូតមកដល់ម៉ោង១០យប់ ទើបទឹកបានស្រកទៅវិញ។ ​យ៉ាងណា នៅថ្ងៃពុធនេះ ភ្លៀងក៏បន្តធ្លាក់ខ្លាំងជាថ្មីទៀតនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះផងដែរ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់វីអូឌីនៅល្ងាចថ្ងៃពុធនេះថា ស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ ខណៈតាមការព្យាករណ៍ភ្លៀងអាចបន្តធ្លាក់រហូតដល់ថ្ងៃទី ៣០ខែសីហា។ លោកថា ក្រុមអាជ្ញាធរពិបាកក្នុងការវាយតម្លៃពីផលប៉ះពាល់ណាស់ ដោយសារស្ថានភាពភ្លៀងមិនទាន់ស្រាកស្រាន្ត ហើយមួយវិញទៀតពួកគាត់កំពុងមមាញឹកក្នុងការចុះជួយពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង​ទៀតផង។

លោក ភារម្យ បន្ថែមថា កត្តាដែលធ្វើឲ្យមានការជន់លិចខ្លាំងនៅតំបន់មួយចំនួន គឺមានការរួមផ្សំដោយផ្នែក តែក្នុងនោះលោកបានលើកពីចំនុចខ្លះដូចជាភ្លៀងធ្លាក់ច្រើន ផ្ទៃដីរងទឹកភ្លៀងមានការថយចុះបើធៀបនឹងពីមុន និងកត្តាសំរាមស្ទះប្រព័ន្ធបង្ហូរទឹកដែលទាមទារឲ្យមានការស្តារជាប្រចាំជាដើម។

លោកបន្តថា«យើងកំពុងរកបញ្ហាដើម្បីដោះស្រាយដូចគ្នាអឹចឹង កាលណាភ្លៀងវាធំខ្លាំង ចៀសមិនផុតទេនៃការជន់លិច ប៉ុន្តែអ្វីដែលសំខាន់ថាតើវាលិចយូរ ឬឆាប់។ ដីពីដើម ពីមុនមក មុនការអភិវឌ្ឍមានន័យថាជាដីទំនេរ តែក្រោយមានការអភិវឌ្ឍ ពលរដ្ឋត្រូវការសាងសង់ ត្រូវការចាក់បំពេញដីនៅលើដីដែលជាកម្មសិទ្ធិរបស់គាត់។ យើងមិនអាចហាមឃាត់បានឡើយព្រោះវាជាដីកម្មសិទ្ធិរបស់ពលរដ្ឋ។ វាជាផ្នែកមួយដែលធ្វើឲ្យបាត់បង់ផ្ទៃដីរងទឹកភ្លៀង។ បើមានដីស្រែធំទូលាយទឹកនឹងហូរតាមវាលស្រែហ្នឹងហើយ ហើយបានហូរតាមធម្មជាតិ និងដំណាក់របស់វាធ្លាក់ទៅសមុទ្រទៅអីចឹងទៅ។ តែជំនួសមកវិញពេលយើងធ្វើផ្ទះនៅលើដីស្រែ នោះភ្លៀងត្រូវធ្លាក់ហូរចាក់ទៅតំបន់ទំនាប។ កន្លែងដែលខ្ពស់នឹងហូរចាក់មកកន្លែងទាប ដូចខ្ញុំថាអឹចឹង វាលិចតែកន្លែងទាបទេ»

លោកថាកន្លងមកអាជ្ញាធរបានរៀបចំអូរ ប្រឡាយ ទៅតាមប្លង់-ប្រព័ន្ធសូរិយោដី និងបានរុះរើសំណង់ (ផ្ទះ) រាប់រយរាប់ពាន់ខ្នងដែលសង់រំលោភលើអូរ ប្រឡាយ។ លោកថាបើមិន​ស្តារ និងរុះរើសំណង់មិនរៀបរយទាំងនោះ ម៉្លេះសមម៉ោងនេះទឹកមិនទាន់ស្រកវិញទេ។ យ៉ាងណាលោកថា មន្ត្រីខេត្តក៏កំពុងតាមដានបន្តក្នុងការស្តារប្រព័ន្ធទឹកដើម្បីឲ្យទឹកហូរបានរលូនថែមទៀត។

អ្នកស្រី ជៀប សុធារី មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុកខេត្តព្រះសីហនុ មានប្រសាសន៍ថា ការជន់លិចនៅខេត្តព្រះសីហនុ គឺដោយសារបរិមាណទឹកភ្លៀងធ្លាក់ច្រើន ហើយប្រព័ន្ធទឹកមិនទាន់បានពង្រីកគ្រប់គ្រាន់នៅឡើយ ដែលធ្វើឱ្យទឹកហូរមិនទាន់ ខណៈដីទំនេររបស់ពលរដ្ឋដែលធ្លាប់ជំរុញទឹកពីមុនឬផ្ទៃរងទឹកភ្លៀង​ ត្រូវបានអភិវឌ្ឍន៍ដូចជាសាងសង់ជាលំនៅស្ថាន ជាដើម។

អ្នកស្រី ជៀប សុធារី ថា«តែមានភ្លៀងគឺលិចហើយ ដោយសារបរិមាណទឹកវាច្រើនពេក។ ហើយវាប្រព័ន្ធលូ ប្រឡាយហ្នឹង និយាយទៅក៏វាជាបញ្ហាមួយដែរដោយសារនៅកំពង់សោមវាជាដីភ្នំ វាខ្ពស់-ទាប ហើយដល់ពេលមានការអភិវឌ្ឍខ្លាំងអឹចឹងទៅ លូ ប្រឡាយមួយចំនួនបានកាយ បានស្តារមែន តែលូ ប្រឡាយបត់បែននៅតាមភូមិមួយចំនួនគឺអត់បានកាយ អត់បានពង្រីកទេ មានតែតូចជាងមុនទៅទៀត ដោយសារការធ្វើផ្ទះធ្វើអីពីលើរបស់ប្រជាពលរដ្ឋ។ ចឹងកាលកន្លងមកអាជ្ញាធរបានដោះស្រាយ វាយផ្ទះ រុះរើ កកាយ…»

ជាការកត់សម្គាល់ អ្នកស្រីថា សង្កាត់លេខ ៤ នៃក្រុងព្រះសីហនុ លិចខ្លាំងជាងគេដោយសង្កាត់នោះទំនាបជាងគេ  ហើយ​ប្រឡាយ អូរ នៅខាងក្នុងៗមិនទាន់បានស្តារនៅឡើយទេ។ អ្នកស្រីសង្កេតឃើញថា ជំនន់ទឹកភ្លៀងនេះ បានធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងការធ្វើដំណើររបស់ពលរដ្ឋ ប៉ុន្តែ​អាជ្ញាធរខេត្តបាន​អន្តរាគមន៍ភ្លាមៗ និងទាន់ពេលវេលា​នៅពេលមានជំនន់ទឹកភ្លៀងកើតឡើងនោះ។ ​

គិតមកត្រឹមរសៀលថ្ងៃ ២៥ សីហានេះ រដ្ឋបាលខេត្តព្រះសីហនុបានរកឃើញសាកសពជនរងគ្រោះម្នាក់ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយអាជ្ញាធរអះអាងថាត្រូវបានទឹកហូរគួចយកទៅក្នុងពេលដែលកំពុងមានភ្លៀងធ្លាក់ខ្លាំង។ ​

ជាអ្នកប្រឹក្សាយោបល់ឯករាជ្យផ្នែកធនធានធម្មជាតិ លោក ហែម ឧត្តម បានបង្ហាញការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់ពលរដ្ឋដោយសារជំនន់ទឹកភ្លៀងដែលជារឿងមិនគួរឲ្យកើតឡើងទាល់តែសោះ។ លោកថា  បញ្ហានេះប្រហែលមកពីពលរដ្ឋ និងអាជ្ញាធរ មិនបានត្រៀមលក្ខណៈទុកជាមុន។

លោក ហែម ឧត្តម ​មិនច្បាស់អំពីទីតាំងភូមិសាស្ត្រលម្អិតរបស់ខេត្តព្រះសីហនុឡើយ ប៉ុន្តែលោកឃើញមានការសាងសង់អាគារច្រើននៅក្នុងខេត្តនេះ ដែលជាហេតុធ្វើឱ្យបាត់បង់កន្លែងទទួលរងទឹកភ្លៀងផងដែរ។

លោក ហែម ឧត្តម ៖ «បើយើងមើលគំរូមកទីក្រុងភ្នំពេញ យើងឃើញអឹចឹងមែន នៅពេលដែលបឹងធម្មជាតិដែលជាកន្លែងទទួលទឹកនៅពេលភ្លៀងខ្លាំង វាត្រូវបានលុប វាមានការលិចលង់អឹចឹងមែន ទឹកហូរអត់ទាន់អីចឹង។ អឹចឹងវាអាចទៅរួចដែរ លំនាំនេះវាអាចកើតឡើងនៅខេត្តព្រះសីហនុហ្នឹងដែរ។ តែជាថ្មីម្តងទៀតខ្ញុំមិនច្បាស់ពីទីតាំងខេត្តព្រះសីហនុ និងបញ្ហានៃការលុបបឹងលុបអីនៅព្រះសីហនុ ខ្ញុំក៏មិនច្បាស់ដែរ។ តែខ្ញុំទទួលស្គាល់ថាឃើញមានការសាងសង់អាគារអីផ្សេងៗវាច្រើនមែន ដូចមានការដុះដាលខ្លាំង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ