ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជូនតំណាងសហគមន៍ដីធ្លីចេកមាសពីរនាក់ ទៅកាន់តុលាការ នៅព្រឹកថ្ងៃសៅរ៍នេះ ខណៈភាគីគ្រួសារនិងមេធាវីនៅមិនទាន់ដឹងថា តើពួកគេបានរងការចោទប្រកាន់ពីបទអ្វីនៅឡើយទេ។
តំណាងសហគមន៍ដីធ្លីចេកមាស ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង គឺអ្នកស្រី ឥន សូត្រ និងអ្នកស្រី យស់ សោភ័ណ្ឌ ត្រូវបានស្នងការនគរបាលខេត្តស្វាយរៀងកោះហៅឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅស្នងការនគរបាលខេត្តកាលពីថ្ងៃទី២៧ ខែសីហា អំពីរឿងហេតុផ្ទាល់ខ្លួន។ បន្ទាប់ពីចូលខ្លួនទៅបំភ្លឺតាមការកោះហៅហើយ ប៉ុន្តែពួកគេមិនបានអនុញ្ញាតឱ្យវិលត្រលប់មកផ្ទះវិញទេ។ លុះរហូតដល់ព្រឹកថ្ងៃទី២៨ ខែសីហានេះ តំណាងសហគមន៍ដីធ្លីទាំងពីរនាក់ ក៏ត្រូវបានបញ្ជូនបន្តមកកាន់តុលាការខេត្តស្វាយរៀងតែម្តង។
លោក មុំ កុសល ស្វាមីអ្នកស្រី ឥន សូត្រ បានប្រាប់វីអូឌីថា រហូតមកដល់រសៀលថ្ងៃសៅរ៍នេះ លោកនៅមិនទាន់មានតម្រុយថា តើភរិយារបស់លោក និងអ្នកស្រី យស់ សោភ័ណ្ឌ ត្រូវបានចោទប្រកាន់ពីបទអ្វីនៅឡើយទេ។ ប៉ុន្តែកន្លងមក លោកបានរៀបរាប់ថា ភរិយារបស់លោក គឺអ្នកស្រី ឥន សូត្រ និងអ្នកស្រី យស់ សោភ័ណ្ឌ បានរងការពិន័យជាប្រាក់ម្នាក់២ ០០០ ០០០ រៀល ពីបទល្មើសវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្រោយពេលពួកគាត់បានគៀងគរប្រជាពលរដ្ឋទៅថតលើដីស្រែដែលមានជម្លោះជិត១០០ ហិកតាបង្ហោះលើហ្វេសប៊ុកដោយមិនបានពាក់ម៉ាស់។ ប៉ុន្តែលោកបន្តថា ពួកគេគ្រោងនឹងបង់ប្រាក់នៅថ្ងៃទី២៨ ខែសីហា នេះ ខណៈថ្ងៃផុតកំណត់គឺនៅថ្ងៃទី៣០ ខែសីហា ឯណោះទេ។
លោក លី សុចិត្រា មេធាវីអង្គការសិទ្ធិមនុស្សលីកាដូ ដែលនឹងដាក់ពាក្យការពារក្តីឱ្យតំណាងសហគមន៍ដីធ្លីចេកមាសទាំងពីរនាក់ ក៏នៅមិនទាន់ដឹងថា តើកូនក្តីរបស់លោកត្រូវបានចោទប្រកាន់ពីបទអ្វីនៅឡើយទេ ខណៈពេលនេះ លោកក៏មិនទាន់ត្រូវបានអនុញ្ញាតឱ្យជួបកូនក្តីទាំងពីរនាក់នៅឡើយដែរ។
នៅរសៀលថ្ងៃសៅរ៍នេះ អាជ្ញាធរបានបញ្ជូនស្ត្រីទាំងពីរនាក់ទៅកាន់ស្នងការនគរបាលខេត្តស្វាយរៀងវិញ។ នេះបើតាមការបញ្ជាក់ពីស្វាមីរបស់អ្នកស្រី ឥន សូត្រ គឺលោក មុំ កុសល៕









