មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ឱ្យដឹងថា សំណល់រឹងសំរាមដែលបានបង្កើតឡើងនៅតាមមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ មានប្រមាណ១០០តោនក្នុងមួយថ្ងៃ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ថា យោងតាមរបាយការណ៍ផ្តល់ពីមន្ទីរបរិស្ថានទាំង២៥រាជធានី-ខេត្ត សំណល់រឹងសំរាមដែលបានបង្កើតឡើងនៅតាមមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ មានប្រមាណ១០០តោនក្នុងមួយថ្ងៃ តែចំនួននេះអាចមានការធ្លាក់ចុះ ដោយសារតែអត្រាឆ្លងជំងឺកូវីដ-១៩មានការធ្លាក់ចុះ។
លោកបន្តថា ពាក់ព័ន្ធនឹងបញ្ហានេះ ឡដុតសំណល់រឹងសំរាមចំនួន៥០ដែលក្រសួងបរិស្ថានបានបំពាក់ទៅដល់២១រាជធានី-ខេត្ត បាននិងកំពុងចូលរួមដុតកម្ទេចសំណល់វេជ្ជសាស្ត្រពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលធ្វើចត្តាឡីស័ក ដែលជាជំនួយបន្ថែមលើឡដុតសំណល់វេជ្ជសាស្ត្រដែលមានស្រាប់នៅតាមមន្ទីរពេទ្យនិងតាមមណ្ឌលសុខភាពនានានៅទូទាំងប្រទេស។
លោកបានគូសបញ្ជាក់ថា៖ «ការបំពាក់ឡដុតសំរាមសំណល់រឹងនេះជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណល់រឹងតាមលក្ខណៈបច្ចេកទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវ មធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រនៃគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន»។
បើតាមលោក នេត្រ ភក្ត្រា ក្នុងមួយថ្ងៃ កម្ពុជាបង្កើតសំរាមជាង១ម៉ឺនតោន ហើយក្នុងមួយឆ្នាំប្រមាណជិត៤លានតោន ក្នុងនោះ មានសំណល់សរីរាង្គប្រមាណ៦៨% សំណល់ប្លាស្ទិកប្រមាណជាង២០% និងសំណល់រឹង/សំណល់គ្រោះថ្នាក់ប្រមាណជាង១០%។

ករណីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងញែកសំរាមតាមប្រភេទ ជាពិសេសត្រូវវេចខ្ចប់សំណល់សំរាមពីមណ្ឌលព្យាបាលអ្នកជំងឺឱ្យបានត្រឹមត្រូវ ចៀសវាងការបោះសំរាមចោលផ្តេសផ្តាសដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពនិងផាសុកភាព។
គួរបញ្ជាក់ថា ដើម្បីគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវនិងបង្ការការឆ្លង រដ្ឋបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យអ្នកជំងឺត្រូវដាក់សំរាមនៅក្នុងស្បោងពណ៌លឿង ឬសរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បោង និងដាក់ដាច់ដោយឡែកពីសំរាមរបស់អ្នកដទៃ ដើម្បីងាយស្រួលក្នុងការប្រមូល។
រដ្ឋបាលរាជធានី បន្តថា ត្រូវបាញ់ថ្នាំឬអាល់កុលសម្លាប់មេរោគកូវីដ-១៩នៅលើសំរាមទាំងក្នុងនិងក្រៅស្បោង ហើយទុកសំរាមដោយឡែកប្រហែល៥ថ្ងៃ មុនពេលបញ្ចេញមកខាងក្រៅ។
រដ្ឋបាលរាជធានី ក៏បានព្រមានថា ក្នុងករណីមិនសហការនិងមិនអនុវត្តតាមការណែនាំនេះ ហើយបង្កឱ្យមានការឆ្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ បុគ្គលដែលប្រព្រឹត្តត្រូវទទួលខុសត្រូវតាមច្បាប់ស្តីពីវិធានការទប់ស្កាតការឆ្លងរាលដាលជំងឺកូវីដ-១៩៕









