អតីតអាជីវករលក់បន្លែនៅផ្សារដើមគរត្អូញត្អែរពីការលំបាកគ្មានកន្លែងលក់ដូរត្រឹមត្រូវ

ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១​ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដាក់គោលដៅបិទខ្ទប់ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ អនុវត្តតាមសេចក្ដីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា។ (ហ្វេសប៊ុក៖ សាលាខណ្ឌដង្កោ រាជធានីភ្នំពេញ)

តំបន់រង្វង់មូលនាងកួរស្រូវ ស្ថិតនៅភាគខាងត្បូងជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល បានក្លាយ​ទៅ​ជាទីប្រមូល​ផ្តុំនៃអាជីវករ​លក់​បន្លែ​មក​ពី​តំបន់​នានានៅក្នុងរាជធានីភ្នំពេញដែល​បាន​បិទ​មិន​ឱ្យ​លក់ដូរ ដោយសារតែការឆ្លងជំងឺកូវីដ-១៩។

អតីតអាជីវករលក់បន្លែនៅផ្សារដើមគរម្នាក់ អ្នកស្រី អ៊ុក ស៊ីថា កំពុងអង្គុយរង់ចាំម៉ូយនៅលើរ៉ឺម៉កបន្លែ បានរៀបរាប់ថា អ្នកស្រីបានចាប់ផ្ដើម​ទៅលក់នៅម្តុំ​រង្វង់មូល​នាងកួរស្រូវ ចាប់តាំង​ពីពេល​ដែល​អាជ្ញាធរ​ចា​ប់ផ្ដើម​បិទខ្ទប់ផ្សារដើមគរមក។ ហើយ​ការលក់ដូរនេះទៀតសោត គឺជួបផល​លំបាក​ច្រើន ដោយសារត្រូវអាជ្ញាធរដេញចុះឡើង ជាពិសេសធ្វើឱ្យបាត់ម៉ូយចាស់ៗរបស់​អ្នក​ស្រី​អស់​រលីង។

អ្នកស្រីនិយាយ​ថា៖ «នៅផ្សារដើមគរ គេឱ្យលក់មួយចំហៀង អត់មួយចំហៀង ហើយម៉ូយធំៗមានខ្លះរើទៅជម្ពូវ័ន ខ្លះទៀតរើមកលក់នៅទីនេះ។ ការលក់ដូរ គឺរញ៉េរញ៉ៃ វេមវើម បាត់ម៉ូយអស់រលីង ហើយធនាគារគេអត់បិទទេ! ឯការរកស៊ីវិញ រកអត់បាន វេទនា ត្រូវគេដេញទៅដេញមក»។

អ្នកស្រីបន្តថា គេបានធ្វើកន្លែងជាតូបនៅម្ដុំនេះសម្រាប់ឱ្យគាត់ រួមទាំងអាជីវករផ្សេងទៀតចូលទៅលក់ដូរដែរ ប៉ុន្តែលក់អត់ដាច់ ភាគច្រើនអត់មានអ្នកចូលទៅទិញ ទើបរូបអ្នកមីងនិងអាជីវករ​​ផ្សេងទៀតបង្ខំចិត្តនាំគ្នាចេញមកលក់នៅខាងក្រៅ លើកំណាត់ផ្លូវជាតិលេខ២នេះតែម្ដង។

អ្នកស្រីរៀបរាប់ថា៖ «ខ្ញុំចង់សំណូមពរឱ្យរាជរដ្ឋាភិបាលជួយរៀបចំកន្លែងឱ្យអាជីវករគ្នាបានលក់ដូរ និងងាយស្រួលលក់ មានម៉ូយមកជុំគ្នាដូចកាលផ្សារដើមគរពីមុន ព្រោះការលក់ដូរនៅលើផ្លូវរាល់ថ្ងៃនេះ ភ័យពីរឿងសុវត្ថិភាពឡានធំៗ។ ហើយ​មួយទៀត គឺប៉ះពាល់ដល់សេដ្ឋកិច្ចច្រើន ថយចំណូលជាងមុនជួនកាលបន្លែលក់អត់ដាច់ នៅសល់ ខាតចូលជិតមួយលាន[រៀល]ក៏មាន»។

ទន្ទឹមនឹងនេះ ស្ត្រីអាជីវករម្នាក់ទៀត អ្នកស្រី ជី ស្រីឡា បានរៀបរាប់ប្រាប់ VOD ខណៈអ្នកស្រីកំពុងញាប់ដៃញាប់ជើងលក់ដូរ ថាការទៅ​លក់នៅលើដងផ្លូវនេះ ជួបផលប៉ះពាល់ច្រើន ដោយ​ត្រូវអាជ្ញាធរដេញអត់ឱ្យលក់ ហើយតម្លៃលក់វិញ អត់សូវបានថ្លៃដូចមុនទេ។ តែ​យ៉ាង​ណា អ្នក​ស្រី​ថា​ ត្រូវតែ​ស៊ូទ្រាំលក់បន្តទៀត​ ព្រោះអ្នកស្រី​មានកូនច្រើនក្នុងបន្ទុក។

ស្ត្រីវ័យប្រមាណជា៣០ឆ្នាំរូបនេះ ថ្លែងថា៖ «ខ្ញុំចង់បានកន្លែងលក់ដូរត្រឹមត្រូវ កុំដេញកុំអី! ហើយមានមនុស្សចូលទិញ! បើចូលទៅលក់នៅក្នុង ចូលបាន តែលក់អត់ដាច់ អត់មានអ្នកចូលទៅទិញ។ ចូលទៅលក់នៅក្នុងទាំងរ៉ឺម៉ក មកវិញសល់ពេញរ៉ឺម៉ក​ អត់មានលុយដើម្បីយកទៅទិញបន្លែមកលក់ទៀតទេ»។

ជាមួយគ្នានេះដែរ អាជីវករលក់បន្លែមួយរូបទៀត លោក ប្រុស ទី អាយុ៣៨ឆ្នាំ បានរៀបរាប់ថា លោកបានចាប់ផ្ដើមទៅលក់នៅទីនោះ​តាំងពីពេលអាជ្ញាធរ​បិទខ្ទ​ប់ផ្សារដើមគរ​​លើក​មុន ហើយការលក់នៅតាមដងផ្លូវបែបនេះជួបផលលំបាកច្រើន​ ដោយ​សារ​ពុំ​មានកន្លែងលក់​ដូរច្បាស់​លាស់​ ដែលធ្វើឱ្យពិបាកក្នុងការទំនាក់ទំនងទៅ​អ្នកដែលធ្លាប់ទិញបន្លែពីរូបលោក។

លោក ប្រុស ទី និយាយបន្តថា៖ «ការលក់នេះ គឺពិបាក មិនដូចកាលលក់នៅផ្សារ មានចំណតឡានអីត្រឹមត្រូវ យើងទៅដល់ ដឹងតែមានកន្លែងលក់ ហើយម៉ូយក៏ស្រួលរក។ តែមកដល់ពេលនេះ ត្រូវបើករ៉ឺម៉កដើរលក់ អត់មានកន្លែងលក់នឹងធឹង ពេលខ្លះរញ៉េរញ៉ៃ គេដេញ លក់អត់សូវដាច់ សល់បន្លែ»។

យ៉ាងណាក្តី អាជីវកររូបនេះរំពឹងថា បើម្ចាស់ដីឡូត៍នៅក្បែររង្វង់មូល​​​កួរស្រូវនោះ ​រៀប​ចំ​ទីតាំង​​ល​ក់​​ដូរ​​សម្រាប់​អាជីវករ​បានស្រួល​បួល មាន​ចំណតឡាននិង​ម៉ូតូត្រឹមត្រូវនោះ ព្រម​ទាំង​មាន​ភ្ញៀវ​ចូល​ទិញច្រើននោះ រូប​លោកនិង​អាជីវករ​ទាំង​អស់​នឹង​ចូលទៅលក់​នៅ​ទីតាំង​នោះ ដោយ​មិន​ចាំបាច់ជិះរ៉ឺម៉ក​​ដើរ​លក់នៅតាម​ដង​ផ្លូវដូចមុនទៀតឡើយ។

បន្លែជាច្រើនមុខដែលកសិករយកមកឱ្យម៉ូយជាអាជីវករលក់បន្តនៅភូមិសាស្ត្រខណ្ឌដង្កោ យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ សាលាខណ្ឌដង្កោ រាជធានីភ្នំពេញ)

មិនខុសគ្នាពីអាជីវករផ្សេងទៀតដែរ​ អាជីវករវ័យ​ជាង៥០​ឆ្នាំ​ម្នាក់បាន​ត្អូញត្អែរ​ក្នុង​ទឹក​មុខ​ស្ងួតថា គាត់​ប្រកបរបរលក់បន្លែ​នៅផ្សារដើមគរជាង២០​ឆ្នាំមក​ហើយ នៅពេលដែលគេបិទខ្ទប់​ផ្សារដើមគរ អ្នកស្រីរួមទាំងអាជីវករផ្សេងទៀត គឺរប៉ាត់រប៉ាយ​បែកខ្ញែកគ្នាអស់ អត់មានកន្លែងលក់ត្រឹម​ត្រូវ​នោះទេ ​ទើបពួកគាត់​នាំគ្នាទៅ​លក់នៅតំបន់រង្វង់មូលកួរស្រូវបែបនេះ។ ទោះ​ជា​យ៉ាង​ណា អ្នកស្រីថា ការលក់ដូរនៅកន្លែងថ្មីនេះ ក៏មិន​អាច​ជួយ​ឱ្យ​ជីវភាព​គាត់​ប្រសើរ​ឡើង​ដែរ ដោយ​សារ​តែ​លក់​មិន​សូវ​ដាច់ ស្របពេ​ល​ដែល​ស្រុក​ទេស​កំពុង​ជួបបញ្ហាជំងឺកូវីដ-១៩។

អ្នកស្រី ឡុង ដានី បន្តថា៖ «មីងមកលក់នៅទីនេះបាន៣ខែហើយ អត់មានកន្លែងលក់ពិតប្រាកដ ជ្រួលច្របល់អ៊ីចឹងពិបាកណាស់ ព្រោះអ្នកលក់និងអ្នកទិញអត់ជុំមូលគ្នា ខ្លះទៅលក់នៅផ្សារនាគមាស ខ្លះទៅជម្ពូវ័ន ខ្លះទៀតនៅជាយៗផ្សារដើមគរ ហើយសល់ប៉ុន្មានគឺនាំគ្នាមកលក់នៅទីនេះ។​ មកលក់នៅនេះ កន្លែងមានហើយ តែអត់មានអ្នកចូលទិញ រីឯតម្លៃតូបវិញ គឺចន្លោះពី៣ ០០០ដុល្លារ ទៅ៣ ៥០០ដុល្លារ​ យើងអត់មានលទ្ធភាពទិញតូបទេ»។

អ្នកស្រី​រៀបរាប់បន្ថែមទៀតថា៖ «ពេលខ្លះលក់អត់ដាច់ បន្លែនៅសល់​ច្រើន​ ត្រូវខូចបោះចោល ហើយ​ចំណូល​វិញគឺ​បាន​តែមួយ​រស់ ​រួច​ថ្លៃ​ម្ហូប ឱ្យសល់គឺអត់សល់ទេ! ខុសពីពេលមុន រកបានទុកហូបខ្លះ សល់នាយអាយខ្លះទៀត»។

ស្ត្រីវ័យ៥៣ឆ្នាំរូបនេះ និងអាជីវករផ្សេងទៀត បានសំណូមពរដល់រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ​ដែល​ពាក់​ព័ន្ធ​ជួយរកកន្លែងសម្រាប់ឱ្យអាជីវករបានលក់ដូរត្រឹមត្រូវ។

ទិដ្ឋភាពនៃការប្រមូលផ្តុំអាជីវករលក់បន្លែទាំងនេះ បានបង្កឱ្យមានការកកស្ទះចរាចរណ៍ ការលក់ដូរគ្មានសណ្តាប់ធ្នាប់និងគ្មានអនាម័យ ជាពិសេសកង្វះខាតការគោរពវិធានការសុខាភិបាល ជាដើម ដោយសារតែរ៉ឺម៉កនិងរថយន្តរបស់អ្នកលក់បន្លែបោះដុំ​មួយ​ចំនួនបាន​នាំគ្នា​មកចត​លក់​បន្លែនៅអមសងខាងផ្លូវនេះ។

ទាក់ទងករណីនេះ អភិបាលខណ្ឌដង្កោ លោកស្រី គឹម ញឹប បានមានប្រសាសន៍ថា អាជីវករដែល​មកលក់បន្លែនៅតំបន់រង្វង់មូលនាងកួរស្រូវ និងនៅលើកំណាត់ផ្លូវជាតិលេខ២ ភាគច្រើនគឺជាអាជីវករនៅផ្សារដើមគរ និងផ្សារនាគមាស ហើយពួកគាត់ចាប់ផ្ដើមមកលក់ដូរនៅទីនេះចាប់តាំងពីពេលដែលគេបិទខ្ទប់ផ្សារទាំងពីរមកម៉្លេះ។

លោកស្រីថា កន្លងមក លោកស្រីក៏ធ្លាប់បានផ្ដល់សេចក្ដីជូនដំណឹងនិងឱសានវាទដល់អាជីវ​ករ​លក់​បន្លែ​ទាំង​អស់ឱ្យរកកន្លែងសម្រាប់លក់ដូរត្រឹមត្រូវ ដោយមិនត្រូវនាំគ្នាមកលក់ដូរនៅលើ​ដងផ្លូវដូច្នេះទេ។

លោកស្រីបញ្ជាក់​ថា៖ «អត់មានអ្នកណាអនុញ្ញាត​ឱ្យពួកគាត់ទាំងនោះមកលក់នៅលើដងផ្លូវបែបនេះទេ គឺពួកគាត់នាំគ្នាមកលក់ដូរដោយខ្លួន​ឯង នៅពេលដែលគេចាប់ផ្ដើមបិទ​ខ្ទប់​ផ្សារដើមគរ និងផ្សារនាគមាស។ ហើយខាង​សាលាខណ្ឌដង្កោ អត់​មានដំណោះស្រាយឬមានដីទំនេរ​សម្រាប់ឱ្យពួកគាត់លក់ដូរទេ។ ប្រសិនបើបងប្អូនអាជីវករមានដីណាទំនេរឬ​ផ្ទះអាចលក់ដូរបាន សូមបងប្អូនអាជីវករនាំគ្នាទៅលក់ដូរនៅទីនោះចុះ»។

យ៉ាងណាក្តី នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព បានជំរុញ​ដល់​អាជ្ញាធរគួរពិចារណាទៅ​លើកា​រគាំពារឬ​ការដាក់យន្តការ អមជាមួយវិធានការ​ការពារជំងឺកូវីដ-១៩ ដើម្បីជួយសម្រួលបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះនិងខ្វះខាត ដោយយកគំរូតាមប្រទេសផ្សេងៗមួយចំនួន ដូចជា ការរៀបចំឱ្យមានការលក់ដូរឃ្លាតឆ្ងាយពីគ្នា និងនៅកន្លែងដែលវាលទូលាយគ្មាន​ការបិទ​ជិត ជាដើម។

គួរបញ្ជាក់ផងដែរថា ផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដូចជា ផ្សារដើមគរ ផ្សារចាស់ ផ្សារកណ្ដាល និងផ្សារបឹងកេងកង ជាដើម ធ្លាប់បានបិទខ្ទប់ដោយសារតែរកឃើញករណីវិជ្ជមានកូវីដ-១៩ ប៉ុន្តែផ្សារ​ទាំងនោះបានបើកឱ្យអាជីវករចូលទៅលក់ដូរធម្មតាឡើងវិញ ក្រោយពីបាន​បាញ់ថ្នាំសម្លាប់មេរោគ និងអនុវត្តតាមវិធានសុខាភិបាល៕

អត្ថបទ៖ សុន​ រស្មី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ