ពលករ​មក​ពី​ថៃ​ស្នាក់​នៅ​មណ្ឌល​ក្នុង​ខេត្ត​សៀមរាប​ រិះគន់​គ្រូពេទ្យ​មិន​សូវមើល​ថែ​អ្នក​ជំងឺ​កូវីដ-១៩

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

ពលករចំណាកស្រុកមកពីថៃមួយចំនួន​រិះគន់គ្រូពេទ្យនៅមណ្ឌលចត្តាឡីស័ក​មួយ​ក្នុង​​ស្រុក​ពួក ខេត្ត​សៀមរាប ថា​មិន​សូវយក​ចិត្ត​ទុកដាក់ថែទាំអ្នកជំងឺកូវីដ-១៩ ខណៈមណ្ឌលនោះមាន​ការ​ប្រើប្រាស់​បន្ទប់ទឹក​រួម​រវាង​អ្នក​ធ្វើ​ចត្តាឡី​ស័កនិង​អ្នកជំងឺ​​ ដែលបណ្តាល​ឱ្យពួកគាត់​ជាង១៥០នាក់​​ឆ្លងជំងឺនេះ​ជាបន្តបន្ទាប់។

លោក ហ៊ាន សៀប មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ដែលអះអាងថា ជាពលករចំណាកស្រុកមក​ពីប្រទេស​ថៃ និងត្រូវ​បានអាជ្ញាធរខេត្តបញ្ជូនទៅ​ធ្វើចត្តាឡីស័កនៅមណ្ឌល​សាលាបឋមសិក្សាទៀ​បាញ់​គំរូ ស្ថិត​នៅស្រុ​ក​ពួក ខេត្ត​សៀមរាប កាលពីដើមខែកក្កដា ឆ្នាំ២០២១ ជាមួយ​នឹង​ពលករជាង៤០០នាក់។

លោកបន្តថា គិតចាប់ពីដើមខែកក្កដា រហូតដល់ដើមខែកញ្ញា ឆ្នាំ២០២១នេះ មានរយៈពេលជិត២ខែហើយដែលរូបលោកនិងពលករមួយចំនួន​ទៀតត្រូវបានដាក់ក្នុងទីកន្លែងធ្វើចត្តាឡីស័កក្នុងមណ្ឌលនោះ ក្នុងនោះមាន​ពលករចំនួន១៥៧​​នាក់បានឆ្លងជំងឺកូវីដ-១៩ជាបន្តបន្ទាប់ ដោយ​សារ​តែកង្វះការ​ថែទាំ​ និងការប្រើប្រាស់បន្ទប់រួម​ដែល​មាន​មនុស្សស្នាក់​នៅ​ច្រើន។

លោកនិយាយថា៖ «ឆ្លងតគ្នា ព្រោះ [ខ្ញុំបានធ្វើតេស្ត] បី បួន ប្រាំដងដែរ! យើងពិនិត្យអត់ឃើញមានទេ! ហើយមិនឱ្យយើងចេញពីតាមខេត្តទេ សុំទៅក៏មិនឱ្យខ្ញុំចេញទៅ​ទេ ទុកឱ្យពួកខ្ញុំឆ្លង!​ ហើយយកអ្នកជំងឺដាក់រួមគ្នា ដល់អ៊ីចឹងក៏នៅ​យូរៗ គេទៅផ្ទះអស់ទៅ នៅតែពួកខ្ញុំ១០០នាក់ជាង​នៅ​ទីហ្នឹង»។

ពលករចំណាកស្រុកមកពីប្រទេសថៃ អ្នកស្រី ខាត់ វុត្ថា ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង និយាយថា គាត់ជាប់ធ្វើចត្តាឡីស័កក្នុងមណ្ឌលសាលាបឋមសិក្សាទៀបាញ់គំរូ ខេត្តសៀមរាប រយៈពេលជិត២ខែមក​ហើយ។ ហើយ​ក្នុងអំឡុងពេល​ធ្វើចត្តាឡីស័កនេះ ក្រុមគ្រូពេទ្យមិនសូវយកចិត្តទុកដាក់មើលថែនិង​ផ្គត់ផ្គង់​ម្ហូបអាហារ​បានគ្រប់គ្រាន់ទេ។ អ្នកស្រីបន្តថា ការស្នាក់នៅ​ក្នុងមណ្ឌលនេះ បូករួមនឹងការប្រើប្រាស់​បន្ទប់ទឹករួមគ្នាដែល​មាន​មនុស្ស​ច្រើន បានធ្វើឱ្យ​រូបគាត់​ឆ្លង​ជំងឺកូវីដ-១៩ពីអ្នកដែលចេញ​រោគ​សញ្ញា​ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡី​ស័ក​​​នោះ។

ករណីនេះ អ្នកស្រីស្នើទៅអាជ្ញាធរខេត្តនេះអនុញ្ញាត​ឱ្យគាត់ទៅព្យាបាលជំងឺកូវីដ-១៩នៅស្រុកកំណើតរបស់គាត់វិញ ព្រោះនៅជិតក្រុមគ្រួសារ អាចជួយគាត់បានច្រើន។

អ្នកស្រីស្នើដូច្នេះថា៖ «មានតែស្ងោរៗទៅ! មានតែម្ជូរៗទៅ! មានថ្ងៃណានំប៉័ង! ហើយនំប៉័ងខគោ ហូបមិនដែលកើតទេ! ដល់ពេលមកហ្នឹង [មណ្ឌលព្យាបាលជំងឺកូវីដនៅសាលាបឋមសិក្សាទៀបាញ់គំរូ] ទាល់តែម៉ោង១០ ម៉ោង១២ថ្ងៃត្រង់ បានហូបបាយ ពេលឃ្លានអង្គុយចាំញ៉ាំបាយ ចេញពីនេះចង់ទៅខេត្ត [ស្រុកំណើតខេត្តស្វាយរៀង]។ នៅនេះ ហូបបាយអត់ដែលឆ្អែតទេ នៅខេត្តខ្លួនយើង ងាយស្រួលតេហៅម៉ែឪឱ្យយកបាយមកឱ្យហូប»។

ពលករម្នាក់ទៀតដែលស្នាក់នៅមណ្ឌល​ចត្តាឡីស័ក​សាលាបឋមសិក្សា​ទៀបាញ់គំរូដែរនោះ អ្នកស្រី​ អើត ស្រស់ និយាយថា មណ្ឌលនេះមានទាំងអ្នកធ្វើចត្តាឡីស័កនិង​អ្នក​ជំងឺកូវីដ-១៩ ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យដាក់​ឱ្យ​នៅដាច់ដោយឡែកពីគ្នា។ ក្រៅពីនោះ ក្រុមគ្រូពេទ្យក៏​បានដាក់អ្នកជំងឺកូវីដ-១៩ដែលឆ្លងក្នុងសហគមន៍ឱ្យនៅដាច់ដោយឡែកពី​​អ្នកជំងឺ​ដែលជាពលករត្រឡប់មកពីថៃដែរ។ ប៉ុន្តែអ្វីដែលជាក្តីបារម្ភសម្រាប់​អ្នកស្រីនោះ គឺ​មណ្ឌលនេះមានការប្រើប្រាស់បន្ទប់ទឹករួមរវាង​អ្នកធ្វើចត្តាឡីស័កនិងអ្នកជំងឺ ដែលអាចធ្វើឱ្យពួកគាត់បន្តឆ្លង ហើយ​អ្នកជំងឺក៏​មិនងាយជាសះស្បើយ​នោះដែរ។

អ្នកស្រីនិយាយថា៖ «កន្លែងពីរផ្សេងគ្នាមែន ប៉ុន្តែបន្ទប់ទឹករួមគ្នាដដែល! ព្រោះប្រឹងការពារយ៉ាងណា បើយើងមិនទាន់បានជាទៅផ្ទះផង ហើយអ្នកជំងឺចេះតែចូលមក ខ្ញុំបារម្ភខ្លាចឆ្លង ខ្ញុំចង់តែឱ្យជាឆាប់ៗ ឱ្យបានទៅផ្ទះ ព្រោះខ្ញុំអត់ចង់នៅទីនេះដែរ»។

ប្រធានគ្រប់គ្រងមណ្ឌលក្នុងសាលាបឋមសិក្សាទៀ​បាញ់គំរូ អ្នកនាង ឡាំ ស្រីអូន បាន​ច្រានចោលការ​លើកឡើង​នេះ។

អ្នកនាងពន្យល់ដូច្នេះថា៖ «ដំបូង កន្លែងពួកខ្ញុំនេះដាក់តែពលករទេ ដល់ពេលពលករចេញជិតអស់ទៅ វាទូលាយកន្លែងពួកខ្ញុំ ដាក់សហគមន៍ម្តុំ ហើយពលករម្តុំ។ ហើយដល់ពេលខ្ញុំធ្វើតេស្តឱ្យពួកគាត់កាលពីថ្ងៃទី២៤ និងថ្ងៃទី​២៥ ខែសីហា ធ្វើហើយចេញលទ្ធផលរួចហើយ ពួកខ្ញុំដល់វគ្គធ្វើ​នៅសហគមន៍ម្តង។ យើងធ្វើមានរយៈពេលវិលជុំ នៅពេលពួកខ្ញុំធ្វើតេស្តឱ្យសហគមន៍ទៅ គាត់ថាពួកខ្ញុំនេះខ្សែ គាត់ខឹង ដោយសារ​ខ្ញុំដាក់​អ្នក​សហគមន៍មួយចំហៀងនៅក្បែរគាត់»។

អ្នកនាងបន្ថែម​ថា៖ «កាលណាធ្វើ ពួកខ្ញុំធ្វើតេស្តដាច់ដោយឡែក ពលករខ្ញុំដាក់ធ្វើម្តុំ សហគមន៍ខ្ញុំធ្វើម្ដុំ! ពេលអ៊ីចឹងទៅ គាត់ថា ពួកខ្ញុំរើសអើងចំពោះគាត់។ ហើយក្នុងមួយថ្ងៃ ក៏ពួកខ្ញុំមិនធ្វើតេស្តបានទាំងអស់ ទាំងពលករ ទាំងសហគមន៍ដែរ ព្រោះបើអ្នកជំងឺពលករ គាត់ជាង១០០នាក់ ហើយខាងខ្ញុំសហគមន៍នេះជាង២០០នាក់ទៀត វាចូលជាង៤០០នាក់។ អ៊ីចឹងពួកខ្ញុំមិនអាចធ្វើឱ្យបានទាំងអស់ទេ គាត់មើលមកវារាងអាក្រក់មើល តែបច្ចេកទេស ខ្ញុំត្រូវ»។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី ដែលតាមដានករណីនេះ មានប្រសាសន៍ថា ដំណាក់កាលនេះ ប្រជាពលរដ្ឋមិនត្រូវបន្ទោសគ្រូពេទ្យទាំងអស់នោះ​។ បើសិនជាមានករណីដូចការលើកឡើងរបស់ពួកគាត់មែន លោក​លើកទឹកចិត្តឱ្យពលរដ្ឋកត់សម្គាល់គ្រូពេទ្យឬអាជ្ញាធរដែលរើសអើងពួកគាត់ រួចរាយការណ៍​ទៅថ្នាក់លើ ជាពិសេសទៅថ្នាក់ដឹកនាំ ដើម្បីចាត់វិធានការលើបុគ្គលនោះ ។

លោកមានប្រសាសន៍ថា៖ «ទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការ ទាំងប្រជាពលរដ្ឋ ត្រូវរួមគ្នាទាំងអស់ [ទប់ស្កាត់ជំងឺកូវីដ] យើងអត់អាចបន្ទោសពីណាមួយបានទេ។ បើយើងបន្ទោសថាគ្រូពេទ្យមិនបានមើលថែដិតដល់ វាជាលក្ខណៈបុគ្គល យើងត្រូវយកឈ្មោះហ្នឹងឱ្យបាន ហើយគាត់បានប្រព្រឹត្តអំពើហ្នឹងប៉ុន្មានដង វាមានកម្រិតនៃការខុសរបស់គាត់ ដុកទ័រ ឬអាំងហ្វែម៉ាញ៉េ ឬមួយអូអេស យើងត្រូវកត់»។

លោកបន្ថែមថា៖ «យើងត្រូវអនុគ្រោះដល់ពេទ្យ! សព្វថ្ងៃនេះ ខ្ញុំឃើញហើយ គាត់ខំគ្រប់គ្នា ហើយមួយនាក់មើលថែអ្នកជំងឺដល់ទៅ១០០នាក់ មើលដល់៣០នាក់ កន្លែងហ្នឹងគួរណាបងប្អូន​យល់ ហើយពួតដៃទាំងអស់ កុំបន្ទោសគាត់។ ជួនកាលគាត់ហត់​នឿយ ជួនកាលគាត់ធ្វើការទាំងយប់ អត់បាយទឹក កន្លែងហ្នឹងយើងកុំមើលស្រួលតែខ្លួនឯង យើងមើលថាគេពិបាកផង យើងរួមដៃទាំងអស់ អត់មានបន្ទោសអ្នកណាម្នាក់បានទេ»។

លោក អ៊ូច វុទ្ធី បញ្ជាក់​ថា បើសិនក្រុមគ្រូពេទ្យនិងពលរដ្ឋមិនសហការ​គ្នាទប់ស្កាត់ជំងឺកូវីដ-១៩នេះឱ្យបានទាន់ពេលទេ បញ្ហាប្រឈមនៃការឆ្លងរាលដាល ជាពិសេសជំងឺកូវីដ-១៩បំប្លែងថ្មី នឹងឈានចូលដល់សហគមន៍បន្ថែមទៀត ហើយមិនអាចកាត់ផ្តាច់រលកចម្លងបានប្រសិទ្ធភាពខ្ពស់នោះទេ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធ​​នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៩៣ ៥១០នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន៨៩ ១១៤នាក់ អ្នកស្លាប់កើនដល់​ចំនួន​១​ ៩១៦​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៥ ២៣២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ