ពលរដ្ឋ​នៅ​បឹង​ទំពុន១​ ចាប់​ផ្ដើម​ជួសជុល​ផ្ទះ​ឡើង​វិញ​ក្រោយអាជ្ញាធរ​​វាយ​កម្ទេច

សកម្មភាពកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌចុះ​រុះរើផ្ទះនិងឈូសឆាយរបស់ផ្ទះ​របស់ពលរដ្ឋក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ពលរដ្ឋមួយចំនួនដែល​មានវិវាទដីធ្លីនៅសង្កាត់​បឹងទំពុន១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ បាន​​ចាប់​ផ្តើម​ជួស​ជុល​ផ្ទះ​ឡើង​វិញ​ដើម្បីបន្តរស់​នៅ ក្រោយ​អាជ្ញាធរ​វាយ​កម្ទេច​កាល​ពី​ខែមុន ខណៈ​ពួក​គេនៅតែ​ប្រកាន់​ជំហរ​មិន​ព្រម​រុះរើ​ទៅកន្លែងថ្មី។

ពលរដ្ឋម្នាក់​ដែលត្រូវបានកម្លាំងអាជ្ញាធរចុះរុះរើ​ផ្ទះរបស់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហា លោក ផល ចំរើន​ បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះ​ថា លោកបា​ន​សម្រេច​ជួស​ជុល​ផ្ទះ​ឡើង​វិញនូវផ្នែក​ខ្លះ​ សម្រាប់ការស្នាក់នៅជាបណ្ដោះអាសន្នបន្តទៀត ខណៈលោក​ពុំមាន​​លំ​នៅឋាននៅ​កន្លែង​​ផ្សេង និង​​​រំពឹងថា​ នឹងមានការដោះស្រាយពីសំណាក់អាជ្ញាធរនៅពេលខាងមុខ។

លោកបន្ត​ថា៖ «សូមឱ្យ​រដ្ឋាភិបាល សុំដោះស្រាយ​ជា​គោល​នយោបាយ​ជូន​ប្រជា​ពលរដ្ឋ ដោយ​សារ​ពួក​ខ្ញុំ​អត់​បាន​ទៅ​ផ្អាក​ការ​អភិវឌ្ឍនោះទេ។ ហើយការអភិវឌ្ឍ​មួយ​ វាតែងតែមានផលប៉ះពាល់​ហើយ កន្លែងណាក៏​ដូចកន្លែងណាដែរ ជាទូទៅ។​​ តែយ៉ាងណា រដ្ឋាភិបាលគួរតែគិត​គូរពិចារណាដ​ល់ផលប៉ះពាល់របស់ប្រជាពលរដ្ឋដែរ ក្នុងកន្លែងណាមួយសមរម្យ ដើម្បីឱ្យ​គាត់មាន​លទ្ធភាព​រស់​នៅ​កន្លែង​ផ្សេង»។

លោកក៏បាន​ស្នើ​ដល់​​អាជ្ញាធរ ក៏ដូចជារដ្ឋាភិបាល ជួយព​ន្លឿន​ការដោះ​ស្រាយ​បញ្ហាដីធ្លីនេះជូន​ពួក​គាត់ឱ្យ​​បានឆាប់ៗ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​​មាន​ឱកាសអាចប្រកបមុខរបរដូចដើមឡើងវិញ ដោយថា ដីនោះ ​ពួកគាត់រស់នៅ​តាំងពីឆ្នាំ១៩៩៥ ហើយកន្លងមក អាជ្ញាធរបានទទួលស្គាល់ រួមទាំងមានឯកសារស្នាក់នៅត្រឹមត្រូវទៀតផង។

ចំណែកពលរដ្ឋម្នាក់ទៀត លោក បាន ស៊ីចាន់ បានលើកឡើងថា ផ្ទះរបស់លោកបានរុះរើពាក់កណ្ដាលកាត់ជូនឱ្យ​​ទៅអាជ្ញាធរ ទោះបីជាមិនទាន់មានការព្រមព្រៀងពីសំណាក់អាជ្ញាធរក៏ដោយ ចំណែកពាក់កណ្ដាលទៀត លោកកំពុងតែជួសជុលឡើងវិញដើម្បីរស់​នៅ​។ លោកបន្ត​ថា ចំពោះ​លោក ក៏ដូចជាប្រជាពលរដ្ឋដទៃ មិនទាន់មានគម្រោងទៅនៅកន្លែងផ្សេងនោះទេ ដោយរង់ចាំមើលការដោះស្រាយសំណងជាមុនសិន។

លោកលើកឡើងថា៖ «ខ្ញុំនៅចាំមើលគេដែរ! គេផ្សេងៗធ្វើម៉េច យើងធ្វើតាមតែគេអ៊ីចឹងទៅ ព្រោះ​អី​ខ្ញុំអត់​មាន​សមត្ថភាព​អ្វី​ស្នើសុំ​បាន​ដូច​បំណង។ ​អ៊ីចឹងយើងនៅចាំមើល បើគេធ្វើម៉េច ចាំធ្វើតាម​គេអ៊ីចឹងទៅ»។

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី បានទេ នៅថ្ងៃទី២ ខែកញ្ញានេះ។ ប៉ុន្តែលោកធ្លាប់លើកឡើងថា អាជ្ញាធរមិនមានគោលការណ៍ណា​មួយក្នុងការផ្ដល់​ជាសំណង​ជូន​ប្រជាពលរដ្ឋទាំង១០គ្រួសារ​នោះទេ ព្រោះ​ប្រជាពលរដ្ឋទាំ​ង​នោះរ​ស់នៅលើដីរដ្ឋដោយខុសច្បាប់។

លោក ពេជ្រ កែវមុនី បញ្ជាក់ថា៖ «អត់មានសំណងទេ ដោយសារតែពួកគាត់នៅលើដីរដ្ឋ។ ដីរដ្ឋ អត់មានសំណងទេ»។

នាយក​រង​ទទួលបន្ទុកផ្នែក​ឃ្លាំមើលសិទ្ធិមនុស្សនៃ​អង្គការលីកាដូ លោក អំ សំអាត បានលើកឡើងថា ការបន្តពន្យារពេលមិនព្រមដោះស្រាយជូន​ប្រជាពលរដ្ឋ ​មិនមែនជារឿង​ត្រឹមត្រូវនោះទេ ដែលករណីនេះនឹងអាចបង្កជាជម្លោះរវាងអាជ្ញាធរនិងប្រជាពលរដ្ឋ។

 លោក​លើកឡើងថា៖ «​រឿងទាំងអស់ហ្នឹង​ជាធម្មតាទេ នៅពេលដែលដំណោះស្រាយមិនអាច​ទទួល​យកបាន។ អ៊ីចឹង​អាជ្ញាធរនិង​ក្រុមហ៊ុនគួរតែព្យាយាមដោះស្រាយបន្ថែមទៀត ដើម្បីបញ្ចប់​ទៅ​លើ​បញ្ហាដីធ្លី ដើម្បីអាច​ទទួល​យក​ទាំងអស់​គ្នា​។ យើង​ដឹង​ហើយ​ កិច្ច​អភិវឌ្ឍន៍ គឺក្រុមហ៊ុន​ដើម្បីផលប្រយោជន៍​ ហើយ​រដ្ឋត្រូវ​តែធានាផលប្រយោជន៍​ កុំឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ផ្ទះសម្បែង ដីធ្លី។​ អាហ្នឹងរដ្ឋត្រូវតែមានការដោះស្រាយជូនពលរដ្ឋ នេះ​ជាកាតព្វ​កិច្ច​របស់​រដ្ឋ»។

​កាលពីថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២១ កម្លាំងអាជ្ញាធរខណ្ឌមានជ័យ ​ប្រមាណ​១០០នាក់ បាន​​​នាំគ្នា​​ចុះ​រុះរើ​ផ្ទះរបស់​ពលរដ្ឋ​ប្រមាណ១០គ្រួសារ នៅសង្កាត់បឹងទំពុន១ ដោយ​ថា ដីនោះ​ជាដី​របស់​​រដ្ឋ ដែលត្រូវការ​យកមកអភិវឌ្ឍជាអាងស្តុកទឹក​ ប៉ុន្តែ​ក្រោយ​មាន​កា​រ​តវ៉ា ទើប​អាជ្ញាធររុះរើ​បានតែផ្ទះចំនួន២ខ្នងប៉ុណ្ណោះ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ