រដ្ឋា​ភិបាល​បង្កើត​ឃុំ​ថ្មី​បន្ថែម​ មុន​​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​​ឆ្នាំ​២០២២

ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​តភ្ជាប់​ផ្សារ​ត្រពាំង​ក្រឡឹង​ទៅ​ឃុំ​ក្រាំងដីវ៉ាយ ស្ថិត​ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ (ឌិត សុខ​ធី​)

រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតឃុំ«យាយម៉ៅពេជ្រនិល» ដែលបែក​​ចេញពីឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងឃុំមួយចំនួន​ទៀត មុន​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​មក​ដល់ ខណៈអ្នកតាមដានសង្គមមិនស្វាគមន៍ឡើយ ប្រសិនបើការបង្កើតនោះក្នុងគោលបំណងដើម្បីតែចែកអំណាចគ្នា។

យោងតាមអនុក្រឹត្យរដ្ឋាភិបាល ចុះថ្ងៃទី២០ ខែសីហា ប៉ុន្តែទើបបានផ្សព្វផ្សាយនៅដើមសប្តាហ៍នេះ បានសម្រេច​​បង្កើតឃុំយាយម៉ៅពេជ្រ​និល នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយកាត់យកភូមិចំនួន៩ ពីឃុំត្រែងត្រយឹង គឺភូមិទី៣ ភូមិទី៦ ភូមិចំការចេក ភូមិទឹកចេញ ភូមិកងមាស ភូមិវាលធំ ភូមិសម្បទានសែនជ័យ និងភូមិស្រល់។ ទីតាំងសាលាឃុំថ្មីនេះ គឺស្ថិតនៅក្នុងភូមិចំការចេក។

អនុក្រឹត្យដដែលបានចែងថា ការបង្កើតឃុំយាយម៉ៅពេជ្រនិល ត្រូវចូលជាធរមានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាអាណត្តិទី៥ ស្របតាមខ្លឹមសារមាត្រា​១៨ នៃច្បាប់​​ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់។ ទោះជាយ៉ាងនេះក្តី ក្រុមប្រឹក្សាឃុំត្រែងត្រយឹង ត្រូវបន្តគ្រប់គ្រងភូមិចំនួន៩នោះ​ជាបណ្តោះអាសន្នសិន រហូតដល់មានក្រុមប្រឹក្សាឃុំថ្មីមកជំនួស។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះ​​ថា ការបង្កើតឃុំយាយម៉ៅពេជ្រនិលនេះ ដើម្បីបង្ខិតសេវាថ្នាក់ឃុំឱ្យកាន់តែជិតនឹងប្រជាពលរដ្ឋ ដែលកន្លងមក ប្រជាពលរដ្ឋនៅតំបន់លោកយាយម៉ៅពេជ្រនិលនេះ នៅឆ្ងាយពីឃុំត្រែងត្រយឹងពេក។

លោកថា៖ «ដោយសារផ្ទៃដីឃុំហ្នឹងវាធំពេក ដល់អ៊ីចឹងការផ្តល់សេវាសាធារណៈដល់បងប្អូនពុកម៉ែ​មាមីងហ្នឹង វាពិបាក! ដល់យើងមកប្រមូលផ្តុំតែនៅត្រែងត្រយឹង ហើយដីនៅដល់លោកយាយ​​ណោះ! អ៊ីចឹងយើងត្រូវបង្កើតឃុំហ្នឹងមួយទៀត ដើម្បីផ្តល់សេវាឱ្យកាន់តែកៀកកិតជាមួយពុកម៉ែមាមីងបងប្អូនប្រជាពលរដ្ឋយើង»។

នាយក​​មជ្ឈ​មណ្ឌល​​ប្រជាពលរដ្ឋ​​ ដើម្បី​​សន្តិភាព ​​និង​​​អភិវឌ្ឍន៍ លោក យង់ គិមអេង បានស្វាគមន៍​ ប្រសិនបើការបង្កើតឃុំសង្កាត់ថ្មីនេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្ខិតសេវាជូនដល់​​ប្រជាពលរដ្ឋកាន់តែកៀកនោះ​។ ប៉ុន្តែលោកនឹងមិនស្វាគមន៍ឡើយ ប្រសិនបើការបង្កើតឃុំ-សង្កាត់ថ្មីៗ​នេះ ដើម្បីតែការបែង​ចែកអំណាចគ្នា​នោះ។

លោកថា៖ «ការបង្កើតឃុំដើម្បីធ្វើឱ្យសេវាឃុំសង្កាត់ហ្នឹងវាកៀកទៅនឹងប្រជាពលរដ្ឋ អាហ្នឹងយើងស្វាគមន៍បាទ! ប៉ុន្តែបើការបង្កើតហ្នឹង វាគ្រាន់តែចែកអំណាច ដើម្បីការគ្រប់គ្រងគេ អាហ្នឹងយើងមិនស្វាគមន៍ទេ! អ៊ីចឹងបានខ្ញុំមើលទៅលើ ថាតើចំនួនប្រជាសាស្ត្រ និងចំនួនប្រជាពលរដ្ឋ និងចំនួនឃុំ ហេតុអីចំនួនប្រជាជននៅដដែលហើយឃុំមានការរីក? អាហ្នឹងជាចម្ងល់»។

ចំណែកលោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គ​ការ​តម្លា​ភាព​កម្ពុជា ​ថ្លែងថា ការង្កើតឃុំបន្ថែម​អាច​ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមតំបន់នីមួយៗ។

លោកបន្តថា ការបង្កើតរដ្ឋបាលថ្នាក់ក្រោមជាតិមិនជាបញ្ហានោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺប្រសិទ្ធ​ភាពនិងលទ្ធផល​នៃការងារ​របស់​អាជ្ញាធរថ្នាក់ក្រោមជាតិ ជាពិសេសថ្នាក់ភូមិឃុំ​ ធ្វើយ៉ាងណាដើម្បីបម្រើផលប្រយោជន៍និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ កុំឱ្យ​​មានអំពើពុក​រលួយ​ក្នុងតំបន់ ព្រោះប្រ​ជាពលរដ្ឋ​កំពុង​ជួប​ការលំបាកច្រើនផ្នែក​ហិរញ្ញវត្ថុ​។

លោក​ ប៉ិច ពិសី មានប្រសាសន៍ថា៖ «ខ្ញុំគិតថា មិនបញ្ហានោះទេក្នុងការ​បង្កើតអាជ្ញាធរ​ថ្នាក់ក្រោមជាតិ ដើម្បីឱ្យ​​ពួកគាត់ធ្វើការជាមួយពលរដ្ឋផ្ទាល់។ តែអ្វីដែលយើងចង់លើកទឹកចិត្តបន្ថែមទៀត​នោះ គឺការជំរុញ​ចរន្ត​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិឱ្យ​​ល្អ​ប្រសើរ ដើម្បីបម្រើប្រយោជន៍ដល់​ប្រជាពលរដ្ឋនៅក្នុងតំបន់»។

យ៉ាងហោចណាស់ មានឃុំចំនួន៦ ត្រូវបានរដ្ឋាភិបាលសម្រេចបង្កើតឡើងជាបន្តបន្ទាប់ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២​ខាងមុខ​នេះ ដែលធ្វើឱ្យចំនួ​នឃុំ-សង្កាត់ បានកើនឡើងពី១ ៦៤៦​ឃុំ-សង្កាត់​នៅឆ្នាំ​២០២០ ដល់១ ៦៥២ឃុំ-សង្កាត់ នៅ​ឆ្នាំ​២០២១​នេះ។ ឃុំសង្កាត់ទាំង៦​នោះ រួម​មាន ឃុំយាយម៉ៅពេជ្រនិល ក្នុងខេត្តកំពង់ស្ពឺ, សង្កាត់ចំនួន២ នៅខេត្តបន្ទាយមានជ័យ, ឃុំមួយនៅស្រុកបវេល ខេត្តបាត់ដំបង រួមទាំងឃុំមួយទៀតស្ថិតនៅក្នុងខេត្តក្រចេះ។

លោក សក់ សេដ្ឋា រដ្ឋមន្ត្រីស្តីទី​ក្រសួង​មហាផ្ទៃ បានថ្លែងថា គោលបំណងនៃការបង្កើតឃុំ-សង្កាត់ថ្មីៗនេះ ដោយផ្អែកលើប្រជាសាស្ត្រនៅក្នុងខេត្តនីមួយៗ​មានការកើនឡើង។ លោកបាន​ច្រានចោលចំពោះការរិះគន់ថា ការបង្កើតឃុំ-សង្កាត់​ថ្មី​នេះ គឺដើម្បីគ្រាន់តែចែកអំណាចគ្នានិងខ្ជះខ្ជាយថវិកាជាតិ។

លោក សក់ សេដ្ឋា បានបដិសេធយ៉ាងដូច្នេះថា៖ «អត់ទេ! វាមិនអ៊ីចឹងទេ! វាធាតុពិត​ទៅ​ នៅ​ស្រុកយើង អ្នកដែលមានយោបល់អ៊ីចឹង ទាល់តែគាត់សិក្សាពី​ស្រុកគេទៀតដែរ។ ការបង្កើតឃុំ បង្កើតស្រុក​នៅស្រុកយើង​ បង្កើតតិចមែនទែន ប្រាំ[ទៅ]ប្រាំមួយឆ្នាំ ដោយសារកំណើនប្រជាជន ការតាំងទីលំនៅថ្មីមានការប្រែប្រួល ហើយការបង្កើត​បួន[ឬ]ប្រាំឃុំ មានទៅចុះសោហ៊ុយ​អី! សំខាន់ប្រសិទ្ធភាពនៃការអភិវឌ្ឍ ការគ្រប់គ្រងសន្តិសុខ និងការផ្តល់សេវាផ្សេងៗទៅដល់ប្រជាជន​ដែលយើង​បានគិតគូរហ្មត់ចត់ណាស់»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែសីហា ក៏បានចេញ​អនុក្រឹត្យមួយដោយបាន​កំណត់​ចំនួន​សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់​អាណត្តិ​ទី៥ ដោយ​​ក្នុង​មួយ​​ឃុំ/សង្កាត់ មាន​សមាជិក​ចន្លោះ​ពី៥ ទៅ១១នាក់។ ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ បានធ្វើឡើងខណៈការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ