អាជ្ញាធរ​​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ​ ដោយ​មិន​ទាន់​បញ្ជាក់​អំពី​មូលហេតុ​

ព្រះតេជគុណ ប៉ាង សុដា និមន្តអញ្ជើញក្នុងកម្មវិធីមួយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥។ (ហ្វេសប៊ុក៖ សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម)

អង្គការខ្មែរកម្ពុជាក្រោមមួយបានអះអាងថា អាជ្ញាធរកម្ពុជាបានឃាត់ព្រះកាយ​ព្រះ​សង្ឃខ្មែរក្រោម​មួយ​អង្គ​ ព្រះនាម ប៉ាង សុដា ដែល​ជា​ព្រះចៅ​អធិការវត្ត វង្គត់​បុរី​ភ្នំពេញ (ហៅវត្តភ្នំពេញ​ថ្មី) ស្ថិតនៅភូមិដូនបុស ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីម្សិលមិញ ដោយ​មិនទាន់បញ្ជាក់ពីមូលហេតុ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អង្គការមិត្តសមាគមខ្មែរកម្ពុជាក្រោម ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ឱ្យដឹងថា សមត្ថកិច្ច និង​មន្ត្រី​សង្ឃ​ខេត្តកំពង់ចាម​ជាច្រើនអង្គ បានចាប់​ព្រះកាយ​ព្រះអង្គ ប៉ាង សុដា យ៉ាងតក់ក្រហល់ និងមិនមានដីកា ហើយ​សូម្បីតែ​ស្បែក​ជើង​ក៏​គ្មាន​ផង​ដែរ។ ចំណែក​ព្រះសង្ឃ​ក្នុង​វត្ត គណៈកម្មការវត្ត ក៏ត្រូវបានសមត្ថកិច្ចដកហូតទូរសព្ទ​ទាំងអស់ ដើម្បីលុបរូប​​ឬ​វីដេអូ​ដែល​ថត​អំពី​ទិដ្ឋភាព​នៃ​ការ​ចាប់​ព្រះកាយព្រះអង្គ ប៉ាង សុដា ថែមទៀតផង។

សេចក្តីប្រកាសព័ត៌មានបន្តថា លើសពីនេះ បន្ទាប់ពីនាំខ្លួនព្រះអង្គ ប៉ាង សុដា ទៅ គឺកុដិរបស់ព្រះអង្គត្រូវបានសមត្ថកិច្ចចូលទៅឆែកឆេរ និងបានដាក់បម្រាមមិន​ឱ្យអ្នកណា​ចូល​​ជិតឡើយ ខណៈជុំវិញបរិវេណវត្តត្រូវបានសមត្ថកិច្ចពង្រាយកម្លាំងយ៉ាងតឹងរ៉ឹងថែមទៀតផង។

ចំណែក លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក ប៊ុន មុនី បានប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ប្រសិនបើព្រះសង្ឃ ប៉ាង សុដា បានធ្វើខុស គួរតែអនុវត្តទៅតាមវិន័យសង្ឃ មិន​មែន​ម​ក​នាំ​ព្រះកាយ​ព្រះអង្គទៅដោយមិនបានបង្ហាញដីកា និងមិន​ប្រាប់​ពី​មូលហេតុដូច្នេះឡើយ។

លោកបន្ត​ថា៖ «​បើ​តាមខ្ញុំដឹង អាជ្ញាធរមកសាកសួរ៣ដង សកម្មភាពធំៗ! ​ហើយកាលពីខែមុន សកម្មភាពស្រដៀងគ្នាហ្នឹង​ម្ដងដែរ ប៉ុន្តែមិនឈានទៅដល់ការចាប់ខ្លួន គ្រាន់តែមានព័ត៌មានមិន​ប្រក្រតី ហើយអាជ្ញាធរគេមកសាកសួរក៏ចាកចេញទៅ។ ប៉ុន្តែម្សិលមិញ​ ថ្ងៃដែលធ្វើសកម្ម​ភាព​ខ្លាំងមែនទែន មើលទៅដូចជាគ្មានច្បាប់ទម្លាប់​ទេ។ សមត្ថកិច្ចមកច្រើន ទាំងស​មត្ថកិច្ចឃុំ ស្រុក និងខេត្ត ជាដើម»។

លោកបន្ថែមថា៖ «ខ្ញុំមានសេចក្ដីសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើដែលអាជ្ញាធរបានធ្វើទៅលើព្រះសង្ឃ ប៉ាង សុដា ​កាលពីម្សិលមិញ។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ រូបខ្ញុំនិងក្រុមគ្រួសារមិនទាន់ដឹងថា គាត់ស្ថិតនៅកន្លែងណានៅឡើយ។ អ៊ីចឹង បើសិន​ជារឿង​ទោស​កំហុស​អី​ក៏ដោយ ក៏ត្រូវឱ្យយើងខ្ញុំនិងក្រុមគ្រួសារបានដឹងដែរ»។

លោក ប៊ុន មុនី ចាត់ទុកការចាប់ព្រះកាយព្រះតេជគុណ ប៉ាង សុដា កាលពីម្សិលមិញ មិនមែនពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទឡើយ ប៉ុន្តែ​វា​ជា​រឿង​នយោបាយច្រើនជាង។ លោកថា កន្លងមក ព្រះអង្គលោកធ្វើសកម្មភាពការងារច្រើន ដូចជា ជួយដល់ពលរដ្ឋខ្មែរក្រោម ជាដើម។ លើស​ពីនេះ កន្លងមក ព្រះអង្គធ្លាប់ទាក់ទងអ្នកនយោបាយមួយចំនួនរបស់អតីតគណបក្សប្រឆាំងផងដែរ។

លោកថា៖ «តាមធាតុពិត រឿងស្ត្រីគ្រាន់តែជាលេសទេ! ​ប៉ុន្តែចាប់ព្រះកាយព្រះអង្គ ពាក់ព័ន្ធនឹងផ្នែកនយោបាយ​ច្រើនជាង។ ហើយក្នុងហ្នឹងប្រហែលជាមានពាក់ព័ន្ធជាមួយនឹង​​អតីតគណបក្សប្រឆាំង​តែម្ដង។ គាត់ជាព្រះសង្ឃដែលចូលចិត្តធ្វើការងារសង្គម​​​ ហើយគាត់មានកម្មវិធី មានការចែកអំណោយជូនទៅដល់ជនរងគ្រោះកូវីដ-១៩ ​ទាំងនៅកម្ពុជា ទាំងនៅកម្ពុជាក្រោមក៏គាត់ជួយ ជាពិសេសកន្លែងណាមានបញ្ហាកើតឡើង ច្រើនតែមានវត្ត មានគាត់»។

អធិការនគរបាលស្រុកចំការលើ លោក ប៉ែន ទៀងចំរើន សុំមិនធ្វើអត្ថាធិប្បាយឡើយ ដោយថា លោកជាប់​រវល់​ធ្វើ​របាយការណ៍​ឱ្យខាង​ស្នងការ​ខេត្ត។

វីអូឌី ក៏មិនទាន់អាចទាក់ទងស្នងការ​​នគរបាល​ខេត្តកំពង់ចាម លោក ឯម កុសល បាននៅឡើយដែរ ខណៈស្នងការ​រងនគរបាល​ខេត្ត​កំពង់ចាម លោក មិន សុគន្ធវិប៊ុល សុំមិនធ្វើអត្ថាធិប្បាយ ដោយបង្វែសំណួរនេះឱ្យទៅសួរលោក ហេង វុទ្ធី ស្នងការរង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ ដែលជាអ្នកចុះអនុវត្តនីតិវិធីនេះ។

ប៉ុន្តែលោក ហេង វុទ្ធី បានបដិសេធឆ្លើយតប ដោយឱ្យសួរទៅស្នងការ​​នគរបាល​ខេត្តកំពង់ចាម លោក ឯម កុសល វិញ។

ចំណែកអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី នៅមិនទាន់អាចបញ្ជាក់បាន​នៅឡើយទេ ថាតើការឃាត់​ព្រះកាយ​ព្រះ​សង្ឃ ប៉ាង សុដា ក្រោមការចោទ​ពីបទ​អ្វីនោះ​។ ប៉ុន្តែលោក​ថា ព្រះអង្គ ប៉ាង សុដា ត្រូវបានខាងមន្ទីរធម្មការ​ខេត្តផ្សឹក​រួច​ហើយ និងបាន​ប្រគល់ខ្លួនទៅឱ្យខាងតុលាការ​ចាត់ការតាមនីតិវិធីច្បាប់។

លោក សេង សុមុនី បញ្ជាក់ថា៖ «ការងារនេះ ជាការងារពាក់ព័ន្ធនឹងតុលាការ អ៊ីចឹងសមត្ថកិច្ចតុលាការនិងសមត្ថកិច្ចពាក់ព័ន្ធ លោក​បានអនុវត្តតាមនីតិវិធីរបស់លោក។ ដោយឡែក ខាងមន្រ្តីសង្ឃ ខ្ញុំទទួលបានពីមន្ត្រីជំនាញរបស់យើង ខេត្តលោកបានរាយការណ៍ថា សមត្ថកិច្ចសង្ឃបានអនុវត្តនីតិវិធីសាសនា ហើយប្រគល់ជូនតាមនីតិវិធីទៅខាងតុលាការ។ ហើយការងារបន្ទាប់ ជាការងារ​របស់​តុលាការ។ ឥលូវនេះ មិនទាន់ជម្រាបបានទេ រង់ចាំតុលាការលោកអនុវត្តនីតិវិធីរបស់លោកសិន។ បើយើងរាយការណ៍ទៅ មិនទាន់​ដឹង​មូលហេតុជាក់ស្ដែង ហើយលទ្ធផលជាក់ស្ដែង ថាតើតុលាការលោកអនុវត្តតាមនីតិវិធីណា ផ្ទុយគ្នានីតិវិធីអ៊ីចឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ