ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាដោះលែងកូនប្រុសអតីតមន្ត្រីបក្សប្រឆាំងម្នាក់ចេញពីពន្ធនាគារ ខណៈក្មេងប្រុសរូបនេះមានជំងឺអូទីហ្សឹម។
កុមារា កាក់ សុវណ្ណច្ឆ័យ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះអ្នករាជការសាធារណៈ» បន្ទាប់ពីកុមារអាយុក្រោម១៨ឆ្នាំរូបនេះបានបង្ហោះសាររិះគន់រដ្ឋាភិបាលតាមប្រព័ន្ធតេឡេក្រាម។
សេក្ដីថ្លែងការណ៍របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចេញផ្សាយកាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានលើកឡើងថា ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ដែលជាអនីតិជន ត្រូវបានចាប់ខ្លួនដោយគ្មានដីកា ហើយក្រុមគ្រួសាររបស់គាត់មិនទាន់បានជួបមុខកូនប្រុសរបស់ខ្លួននៅឡើយ ក្នុងអំឡុងពេលក្មេងប្រុសរូបនេះត្រូវបានសមត្ថកិច្ចឃុំនិងចាប់ខ្លួន ហើយកន្លងមក តុលាការក៏បានបដិសេធសំណើសុំនៅក្រៅឃុំថែមទៀត។
ក្រុមអ្នកជំនាញសិទ្ធិមនុស្ស បានបង្ហាញការព្រួយបារម្ភចំពោះការឃុំខ្លួនក្មេងប្រុសរូបនេះនៅក្នុងពន្ធនាគារ ទាំងដែលរូបគេកំពុងមានជំងឺអូទីហ្សឹមផងនោះ ហើយបានចាត់ទុកការចាប់ឃុំខ្លួននិងចោទប្រកាន់នេះថា បានរំលោភអនុសញ្ញា អ.ស.ប ស្តីពីសិទ្ធិកុមារ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅឆ្នាំ១៩៩២ ចែងថា «ការចាប់ខ្លួននិងការឃុំខ្លួនកុមារ គួរតែត្រូវបានប្រើជាជម្រើសចុងក្រោយ និងសម្រាប់រយៈពេលខ្លីបំផុតប៉ុណ្ណោះ»។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (អ.ស.ប) ក៏បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យទម្លាក់ចោលការចោទប្រកាន់និងដោះលែងកុមាររូបនេះឱ្យនៅក្រៅឃុំ ហើយធានាថា សិទ្ធិមនុស្សរបស់គាត់ត្រូវបានការពារស្របតាមគោលការណ៍ឧត្តមផលប្រយោជន៍របស់កុមារ ដោយអនុលោមតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ អនុសញ្ញាស្តីពីសិទ្ធិជនពិការ និងច្បាប់កម្ពុជា ដើម្បីការពារសិទ្ធិកុមារក្នុងការបញ្ចេញមតិនិងការចូលរួមផងដែរ។
ក្រុមអ្នកជំនាញថា៖ «នេះជាការគួរឱ្យព្រួយបារម្ភជាពិសេស ដោយសារអនុសញ្ញា អ.ស.ប ស្តីពីសិទ្ធិជនពិការ ដែលកម្ពុជាជាភាគីផងដែរនោះ តម្រូវឱ្យអាជ្ញាធរគិតគូរពីឧត្តមប្រយោជន៍របស់កុមារដែលមានពិការភាពនិងផ្តល់ជំនួយសមស្រប។ យើងមានការព្រួយបារម្ភខ្លាំងផងដែរ ដែលកុមាររូបនេះត្រូវបានគេសួរចម្លើយដោយគ្មានវត្តមានមេធាវីឬអាណាព្យាបាលរបស់គាត់ ដែលរំលោភលើច្បាប់ស្តីពីយុត្តិធម៌អនីតិជនកម្ពុជា និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ»។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន ចាត់ទុកការលើកឡើងរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិថា មិនយល់ច្បាស់ពីច្បាប់របស់កម្ពុជា។
លោកថា៖ «ដូច្នេះ អ្វីដែលអង្គការសហប្រជាជាតិទាំងអស់នោះ ដែលគាត់ធ្វើការសម្ដែងការព្រួយបារម្ភ ដូចជា ការសម្ដែងនូវព័ត៌មានដែលគាត់ទទួលបានមិនបានច្បាស់លាស់ពីខាងក្នុងប្រទេសបញ្ជូនទៅគាត់ ហើយគាត់ខ្វះការវិនិច្ឆយ ខ្វះការវិភាគ ខ្វះការយល់ដឹងអំពីប្រព័ន្ធច្បាប់នៅតុលាការកម្ពុជា ដែលធ្វើឱ្យគាត់សម្ដែងនូវការព្រួយបារម្ភ។ សម្រាប់ខ្ញុំ គឺខ្ញុំមានការសោកស្ដាយចំពោះការសម្ដែងនូវការបារម្ភហួស ដែលមិនមែនជាការពិតនៅកម្ពុជា»។
ប៉ុន្តែនាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព យល់ថា រដ្ឋាភិបាលកម្ពុជាគួរពិចារណាឡើងវិញ ចំពោះការចាប់និងបន្តឃុំខ្លួនកុមារ កាក់ សុវណ្ណច្ឆ័យ នាពេលនេះ។ លោកស្រីបន្តថា ប្រសិនបើរដ្ឋាភិបាលមិនព្រមដោះលែងក្មេងប្រុសរូបនេះចេញពីពន្ធនាគារនោះ បង្ហាញឱ្យឃើញថា កម្ពុជាបាននិងកំពុងដើរផ្ទុយពីអនុសញ្ញា អ.ស.ប ស្តីពីសិទ្ធិកុមារ ដែលរដ្ឋាភិបាលបានប្ដេជ្ញាចិត្តអនុលោមទៅតាមអនុសញ្ញានេះនាពេលកន្លងមក។
លោកស្រីមានប្រសាសន៍ថា៖ «យើងឃើញគ្រប់ករណីដែលកើតឡើងចំពោះសកម្មជន អ្នកដែលមានមតិរិះគន់អីជាដើម គឺតែងតែប្រឈមត្រូវបានដាក់ស្ថិតនៅក្នុងការឃុំខ្លួនបណ្ដោះអាសន្ន។ ហើយនេះ ផ្ទុយពីវិធានការសិទ្ធិមនុស្សអន្តរជាតិ វិធានការនៃការទទួលបានការជំនុំជម្រះដោយយុត្តិធម៌។ ចំពោះកុមារ កាក់ សុវណ្ណច្ឆ័យ សិទ្ធិទទួលបានការជំនុំជម្រះក៏ត្រូវបានបំពាន សិទ្ធិកុមារក៏ត្រូវបានបំពាន ដែលរដ្ឋាភិបាលត្រូវពិចារណាឡើងវិញ ចំពោះការប្ដេជ្ញាចិត្តរបស់ខ្លួនដែលមាននៅក្នុងច្បាប់ជាតិនិងអន្តរជាតិ»។
កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវបានគ្រួសារអះអាងថាមានជំងឺអូទីហ្សឹមប្រចាំកាយ ធ្លាប់ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួនម្តងរួចមកហើយ កាលពីខែតុលា ឆ្នាំ២០២០ ពីបទ «ចូលទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ» នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ដោយបំពានលើបម្រាមតុលាការ។ ប៉ុន្តែកុមាររូបនោះត្រូវបានសមត្ថកិច្ចដោះលែងវិញ ក្រោយសាកសួរអស់រយៈពេល៤៨ម៉ោង។
ក្រោយពីសមត្ថកិច្ចដោះលែងរួច ប៉ុន្មានខែក្រោយមក កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវបានជនមិនស្គាល់មុខលួចវាយពីក្រោយ បណ្តាលឱ្យបែកក្បាលដេរ២០ថ្នេរ ប៉ុន្តែជាច្រើនខែមកនេះ សមត្ថកិច្ចនៅមិនទាន់រកឃើញមុខជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសនៅឡើយទេ៕









