តារា​ចម្រៀងរ៉េប គា សុគន្ធ មិន​បោះបង់​អាជីព​ជា​អ្នក​ចម្រៀង​រ៉េប ក្រោយ​ចេញ​ពី​ពន្ធនាគារ

តារាចម្រៀងរ៉េប គា សុគន្ធ ស្រោចទឹកលាងជម្រះកាយក្រោយពីចេញពីពន្ធនាគារកាលពីថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០២១។

តារា​ចម្រៀង​រ៉េប​ គា សុគន្ធ បាន​អះអាង​ថា នឹង​មិន​បោះបង់​អាជីព​ជា​អ្នក​ចម្រៀង​រ៉េប​ឡើយ​ បើ​ទោះ​បី​ជា​តារា​ចម្រៀងរ៉េប​វ័យក្មេង​រូប​នេះ បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​១​ឆ្នាំ​ដោយ​សារ​តែ​ច្រៀង​រិះ​គន់​សង្គម​ក្តី។

​កាលពី​ថ្ងៃទី៣ ខែកញ្ញា តារា​ចម្រៀង​រ៉េបវ័យ ២២ ឆ្នាំរូបនេះ បានដោះលែងចេញពីពន្ធនាគារ និង​បាន​ជួប​ជុំក្រុមគ្រួសារឡើងវិញ ក្រោយ​ពី​បាន​​អនុវត្ត​ទោស​​ជាប់​​ពន្ធនាគារ​​អស់​​រយៈពេល​១​ឆ្នាំ ក្នុងចំណោមទោស ១ឆ្នាំ ៨ខែ ដែល​តុលាការ​ខេត្តសៀមរាប​បាន​កាត់​ទោស​យុវជន​រូប​នេះ​ពីបទ «ញុះញង់»។

យុវជន គា សុគន្ធ បាន​ប្រាប់​សារព័ត៌មាន​វីអូឌី​នៅ​ថ្ងៃសៅរ៍នេះ​ពី​គេហដ្ឋាន​របស់​លោក​នៅ​ឯ​ខេត្ត​សៀមរាប បានចាត់​ទុកការ​ចោទ​ប្រកាន់ និង​ការ​​ឃុំខ្លួន​លោក​ក្នុង​រយៈពេល ១ ឆ្នាំមក​នេះថា​ ជារឿង​អយុត្តិធម៌។ ប៉ុន្តែតារាចម្រៀងរ៉េបវ័យ ២២ ឆ្នាំរូបនេះ មិនសោកស្ដាយ​ឡើយ​ ដោយ​លោក​​គិត​​ថា អ្វី​ដែល​ខ្លួន​បាន​ធ្វើ​កន្លង​មក គឺ​មិន​មែន​ជា​ការ​ប្រព្រឹត្ត​ខុស ដូចការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។ តារា​ចម្រៀង​រូបនេះ​បាន​គូស​បញ្ជាក់​ថា អ្វី​ដែល​ខ្លួន​បាន​ច្រៀង និង​សកម្មភាព​ដែល​បាន​ធ្វើកន្លងមក គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង ​ឬ ​អ្នក​នយោបាយ​ណា​មួយ​​ឡើយ។ លើសពី​នេះ លោកថា ទោះ​បី​ខ្លួន​បាន​ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ ដោយ​សារ​ការ​ច្រៀង​ចម្រៀង​រៀបរាប់​ពី​រឿង​សង្គមក្ដី ប៉ុន្តែ​ខ្លួន​នឹង​មិន​បោះបង់​ចំពោះ​អាជីព​ជា​អ្នក​និពន្ធ​បទចម្រៀង និង​បន្តច្រៀង​លើកទឹកចិត្តដល់​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ទៀត។

លោកថា​៖​ «សម្រាប់​ខ្ញុំ​យល់​ថា ចម្រៀង​របស់​ខ្ញុំ​គ្រាន់​តែ​ជា​ការ​យល់ឃើញ​ពី​សិទ្ធិបញ្ចេញ​មតិ​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​បាន​លើក​សិល្បៈមួយ​ហ្នឹង​មក​មាន​ន័យ​ថា សិល្បៈ គឺឆ្លុះ​បញ្ចាំ​ពី​សង្គម អ៊ីចឹង​ទៅ​ខ្ញុំ​មាន​អារម្មណ៍​ថា វាអត់​មានអីត្រូវខុសទេ ​ប៉ុន្តែបើគេ​ចោទ​ថា យើង​ខុស​ ខ្ញុំមិន​សូវយល់​ពី​ចំណុច​នេះ​ដែរ តែ​ចម្រៀង​ដែល​ខ្ញុំ​បាន​ធ្វើខ្ញុំនឹង​មិន​បោះបង់​វា​ទេ​ តែខ្ញុំផ្អាក​មួយ​រយៈ។ ចំពោះ​អារម្មណ៍ ​សម្រាប់​ខ្ញុំ​ហាន​និង​ខ្លាច គឺដើរ​ទន្ទឹមគ្នា ហាន​ក៏​ហាន ខ្លាច​ក៏​ខ្លាច ប៉ុន្តែដើរ​ដល់​ចំណុច​ហ្នឹង​ហើយ មិន​អាច​បកក្រាយ​បាន​ទេ​ គឺ​មាន​តែ​ទៅ​មុខ»។

បទចម្រៀង​រ៉េប​របស់ គា សុគន្ធ ដែល​ល្បីល្បាញ​ក្នុង​បណ្តាញ​សង្គម You Tube និង​នាំឱ្យ​អាជ្ញាធរ​កម្ពុជា​ចោទប្រកាន់​យុវជន​រូប​នេះ​ពី​បទញុះញង់​ រួមមាន​បទ​ «សាសន៍កំសត់, ដីខ្មែរ និង ទឹកភ្នែករាស្ត្រ»​ ដែល​ខ្លួន​បាន​ច្រៀង​កន្លងមក​សុទ្ធតែ​និពន្ធដោយ​ខ្លួនឯង។

យុវជន​រូប​នេះ​បន្តថា មូលហេតុ​ដែល​ជំរុញ​ឱ្យខ្លួន​និពន្ធបទចម្រៀង​នេះ​ឡើង គឺ​ក្នុង​គោល​បំណង​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបការ​លំបាក​ផ្នែក​ជីវភាព និង​ការ​ធ្វើចំណាក​ស្រុក​ទៅក្រៅ​ប្រទេស រួមទាំង​ឱ្យប្រជាពលរដ្ឋខ្មែរ​ចេះស្រឡាញ់​ខ្មែរ​ដូចគ្នា​ជា​ដើម។ លោកបន្ត​ថា បទចម្រៀង​របស់​លោក​គ្មាន​ចេតនា «ញុះញង់» ដូចការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ឡើយ។

លើស​ពី​នេះ បទ​ចម្រៀង​ដែល​ខ្លួន​បាន​និពន្ធនោះ ​ចង់ដាស់​ស្មារតីយុវជន​មួយ​ចំនួន កុំឱ្យ​ប្រើប្រាស់​គ្រឿង​ញៀន និង​កុំឱ្យ​ឈ្លោះប្រកែក​គ្នា ហើយ​ទិដ្ឋភាព​ទាំងអស់​នេះ ​វា​ជា​រឿង​ពិត​ជាក់​ស្ដែង​នៅ​ក្នុង​សង្គម។

លោក​ថា​៖ «ខ្ញុំតែង​សង្កេត​ឃើញ​ហ្វេសប៊ុក​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​អាជ្ញាធរ​អ៊ីចឹង​ខ្ញុំ​ឱ្យ​ថ្នាក់​លើ​ជួយ​ប្រជាពលរដ្ឋផង។ ទី២ ខ្ញុំសង្កេត​ឃើញ​យុវជន​មួយ​ចំនួនគាត់​ដើរ​ភ្លើតភ្លើន​កាប់​ចាក់​គ្នា​ឈ្លោះ​គ្នាអ៊ីចឹង​ខ្ញុំចង់​ស៊កមាន​ទាំង​ជាតិ សាសនា វប្បធម៌​បន្តិចឱ្យគាត់​ស្ដាប់​ទៅ​ជាតិ​ថ្កុំថ្កើងល្អ​យើង​មិន​គួរ​ធ្វើ​អ៊ីចឹង​ទេ។ ទី៣ ខ្ញុំអាណិត​និង​ស្រណោះប្រជាពលរដ្ឋ​មួយ​ចំនួនខ្ញុំមិន​ជួប​បញ្ហា​ដូចពួក​គាត់​ទេប៉ុន្តែ​ខ្ញុំ​អាណិត​ពួកគាត់​អ៊ីចឹង​ខ្ញុំស៊ក​ពាក្យ​ទាំងអស់​នោះ​លើក​ទឹក​ចិត្ត​ពួក​គាត់មួយ​ទៀត​ដូចជា​ការ​ឆ្លង​ស្រុក​ទៅ​ធ្វើការ​នៅ​ឆ្ងាយឃ្លាតពីឪពុក​ម្ដាយអ៊ីចឹង​ខ្ញុំចង់​ផ្ដល់​កម្លាំង​ចិត្តតាម​សំឡេង​ព្រោះ​ខ្ញុំ​យល់​ថា សិល្បៈ​វា​ទូលំទូលាយ​ខ្លាំង​ណាស់ហើយ​ពេល​នេះគាត់​មិន​បាន​ស្តាប់​ពេល​ក្រោយ​គាត់​អាច​បាន​ស្ដាប់​វិញ។អ៊ីចឹង​ខ្ញុំយល់​ថាចម្រៀង​ហ្នឹង​ល្អខ្ញុំក៏​សរសេរ​ចេញ​ទៅ»។

យុវជន គា សុគន្ធ បន្តថា នៅថ្ងៃ​ខាង​មុខ​នេះ ខ្លួន​នឹង​និពន្ធបទចម្រៀង​រៀបរាប់​ពី​បញ្ហា​លំបាក​របស់​ខ្លួន​ឯង​ក្នុង​រយៈពេល​ ១ ឆ្នាំ នៅ​ក្នុង​ពន្ធនាគារ។

លោក ផល គា ដែល​ជា​ឪពុក​របស់​យុវជន គា សុគន្ធ បាន​លើក​ឡើង​ថា គ្រួសារ​របស់​លោក​សប្បាយ​ចិត្ត​ដែល​បាន​ជួបជុំគ្នាឡើងវិញ។ ប៉ុន្តែ​នៅ​ពេល​សួរ​ថា​ តើគាត់​អនុញ្ញាត​ឱ្យ​កូន​ប្រុស​ច្រៀង​រ៉េប​បន្ត​ទៀត​ទេ? លោកថា ​​គ្រួសាររបស់គាត់​មិនហាមឃាត់​ខ្លួន​កូន​ឡើយ​ ប្រសិន​បើ​អ្វី​ដែល​កូន​របស់​គាត់​បាន​ធ្វើជា​រឿង​ត្រឹមត្រូវ​នោះ។ លោក​បន្តថា គាត់​និង​គ្រួសារ​ មិន​នឹក​ស្មានថា ​កូនប្រុស​មាន​ទេពកោសល្យ​ចេះ និពន្ធបទចម្រៀង និងច្រៀង​បែប​នេះ​ទេ។

លោកថា៖ «ខ្ញុំសប្បាយ​ចិត្តនិង​កក់ក្ដៅ​នៅពេល​ដែលកូន​បាន​ចេញ​មកវិញ​ប៉ុណ្ណ​ខាង​ផ្នែក​វិស័យ​បទចម្រៀង​ដែល​កូន​មាន​បំណង​ចង់​ធ្វើអ្វី​ខ្ញុំមិន​ហាមឃាត់​សិទ្ធិកូនទេ​ប៉ុន្តែអ្វីដែលល្អកូន​ធ្វើទៅ​ឱ្យ​តែ​ជា​រឿង​តឹ្រមត្រូវ​»។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូលោក អំ សំអាត បាន​សាទរ​ចំពោះ​ការ​ដោះលែង​យុវជន គា សុគន្ធ ប៉ុន្តែលោក​បាន​បង្ហាញ​ការ​សោកស្ដាយ​ដែលតុលាការ​បាន​ឃុំខ្លួន​យុវជន​នេះ​នៅ​ពន្ធនាគារ​អស់​រយៈពេល ១ ឆ្នាំ ទាំង​ដែលរូប​គេ​មិន​បាន​ធ្វើខុស។ លោកថា បទចម្រៀង​​​ដែល​​យុវជន​ គា សុគន្ធ បាន​និពន្ធដោយ​ស្នាដៃខ្លួនឯងបែប​នេះ រដ្ឋាភិបាល​និង​ក្រសួង​ពាក់ព័ន្ធគួរ​តែ​លើក​ទឹក​ចិត្ត និង​ជំរុញ​បន្ថែម មិន​មែន​មក​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ដល់​អ្នក​ដែល​មាន​ស្នាដៃ​បែប​នេះ​ទេ។

លោក​ថា​៖ «យើងគួរ​ឱ្យ​សោកស្ដាយ​ដែល​លោក គា សុគន្ធ ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១ ឆ្នាំ ៨ ខែ ប៉ុន្តែ​អនុវត្ត​ទោសតែ១ ឆ្នាំបើគិត​ទៅគា​ត់​គ្មាន​កំហុស​សោះគ្រាន់តែ​គាត់​ជា​អ្នក​មាន​ទេពកោសល្យ​ច្រៀង​ចម្រៀង​រ៉េបដើម្បីធ្វើការ​ផ្សព្វផ្សាយ​ទាក់ទង​បញ្ហា​សង្គម​បរិស្ថាន​ផ្សេងៗដើម្បីឱ្យ​ពលរដ្ឋបាន​យល់និង​បាន​ដឹងលឺជាពិសេស​បញ្ហាមួយ​ចំនួន​ដែល​ត្រូវកែ​លម្អ​ក្នុង​ស្ថានភាព​សង្គម»

យុវជន គា សុគន្ធ បាន​ឈប់រៀន​នៅថ្នាក់ទី៩ ហើយ​ឆ្នាំ២០១៥ ខ្លួន​បាន​ចាប់​ផ្ដើម​និពន្ធបទចម្រៀង​ច្រៀង​ដោយ​ខ្លួន​ឯង​រហូត​ដល់​ឆ្នាំ២០១៩ និង២០២០។ ប៉ុន្តែដោយមើល​ឃើញ​បញ្ហា​ដែល​កើត​ឡើង​ក្នុង​សង្គម​ច្រើន​នោះ សុគន្ធ ក៏បាន​និពន្ធបទចម្រៀង​រ៉េប ពាក់ព័ន្ធ​នឹង​រឿងគ្រឿងញៀន​ គ្រោះថ្នាក់​ចរាចណ៍ និង​បញ្ហារបស់សង្គម​ផ្សេងៗ​ទៀត។

យុវជន គា សុគន្ធ ​ត្រូវ​បាន​សមត្ថកិច្ចចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ទំនុក​ច្រៀង​ក្នុង​បទ​ចម្រៀង​រ៉េប​ ដែលយុវជនរូបនេះ​បាន​​ផលិត​ឡើង ដែល​មាន​អត្ថន័យ​រិះ​គន់​ទៅ​លើ​បញ្ហា​សង្គម ​ដូចជា បញ្ហា​សេដ្ឋកិច្ច​ ទឹកដី និងបញ្ហា​ព្រំដែន​ប្រទេស​កម្ពុជា​​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ