អ្នកជំងឺ៧នាក់ទៀតបានស្លាប់ដោយជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងជាង១៩០០នាក់ ខណៈអ្នកឆ្លងថ្មីមានជាង៤០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង៩៥ ០០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន៧នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៤៦១នាក់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន ៤១១នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៩៥ ៣០០នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន ៩០ ៦៨៤នាក់ និងអ្នកស្លាប់សរុប ១ ៩៥៧នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប ១៥ ៧៩៣នាក់៕









