អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា អះអាងថា មានបុគ្គល ក្រុម គណបក្ស ឬ ចលនានយោបាយខ្លះនៅតែយកឈ្មោះ និង រូបភាពរបស់លោកទៅភ្ជាប់ពាក់ព័ន្ធជាមួយនឹងសកម្មភាព ដើម្បីបម្រើផលប្រយោជន៍ និង មហិច្ឆិតារបស់ពួកគេ។
កាលពីខែកុម្ភៈ ក្រុមសហមេធាវីការពារក្តីឱ្យលោកកឹម សុខា ធ្លាប់បានចេញសេក្តីថ្លែងការណ៍មួយថា បុគ្គល ឬក្រុមណាដែលមានបំណងបង្កើត ឬបានកំពុងបង្កើត ឬបានបង្កើតគណបក្សនយោបាយ ឬចលនានយោបាយណាមួយ មិនត្រូវយកឈ្មោះលោក កឹម សុខា ទៅភ្ជាប់ពាក់ព័ន្ធជាមួយនោះទេ ហើយអ្នកទាំងនោះត្រូវមានសេចក្តីក្លាហានទទួលខុសត្រូវដោយខ្លួនឯង ។
ទំព័រហ្វេសប៊ុករបស់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរបង្ហោះសារនៅថ្ងៃទី៥ ខែកញ្ញានេះថា ជំហររបស់លោក គឺ ដូចទៅនឹងអ្វីដែលសហមេធាវីរបស់ខ្លួនធ្លាប់បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ឬសេចក្តីប្រកាសកន្លងមក ដោយមិនជាប់ពាក់ព័ន្ធនឹងការបង្កើតបក្ស ឬ ចលនាអ្វីមួយនោះឡើយ។
ករណីនេះលោក កឹម សុខា បញ្ជាក់ថា៖«ដោយសង្កេតឃើញថា មានបុគ្គល ក្រុម គណបក្ស ឬ ចលនានយោបាយខ្លះនៅតែយកឈ្មោះ និង រូបភាពខ្ញុំទៅភ្ជាប់ពាក់ព័ន្ធជាមួយនឹងសកម្មភាពដើម្បីបម្រើផលប្រយោជន៍ និង មហិច្ឆិតារបស់ពួកគេ។ ដូច្នេះខ្ញុំសូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា សេចក្តីថ្លែងការណ៍ ឬសេចក្តីប្រកាសរបស់សហមេធាវី ដែលជាតំណាងស្របច្បាប់របស់ខ្ញុំកន្លងមក គឺធ្វើក្នុងនាមខ្ញុំ និងជាឆន្ទៈរបស់ខ្ញុំ«។
លោកស្រី ម៉េង សុភារី ដែលជាមេធាវីម្នាក់ក្នុងចំណោមសហមេធាវី ការពារក្តីឱ្យលោក កឹម សុខា មានប្រសាសន៍ថាបន្ថែមថា សារដែលកូនក្តីរបស់គាត់បង្ហោះ និងចេញសេចក្តីថ្លែងការណ៍របស់សហមេធាវី ដែលចេញផ្សាយជា សាធារណៈកន្លងមក គ្រប់គ្រាន់នឹងបង្ហាញទៅសាធារណជនកុំឱ្យមានការភាន់ច្រឡំថា លោក កឹម សុខា ជាប់ពាក់ព័ន្ធជាមួយបុគ្គលដែលបង្កើត ឬកំពុងបង្កើត ឬបង្កើតឱ្យមានចលនានយោបាយផ្សេងៗទៀតជាដើម។
នៅពេលសួរថា បើសិនជាមានបុគ្គលណាមួយដែលបង្កើតគណបក្សថ្មី ឬកំពុង ឬបង្កើតរួចហើយក្តី បានយកឈ្មោះលោក កឹម សុខា ផ្សារភ្ជាប់ ដើម្បីកេងចំណេញផ្នែកនយោបាយនោះ តើមេធាវីនឹងមានគម្រោងប្តឹង ឬមានវិធានការអ្វីផ្សេងទៀតដែរឬទេ?
មេធាវីរូបនោះបញ្ជាក់យ៉ាងខ្លីថា បើមានរឿងបែបនេះកើតឡើងទៀត ក្រុមសហមេធាវីនឹងពិភាក្សាជាមួយកូនក្តី ដើម្បីរកវិធីដោះស្រាយជុំវិញបញ្ហានេះ ។
លោកស្រីមានប្រសាសន៍ថា៖ «បន្ទាប់ពីចេញសេចក្តីថ្លែងការណ៍ ឬបន្ទាប់ពីឯកឧត្តម កឹម សុខា គាត់បានធ្វើការផ្សព្វផ្សាយសាររបស់គាត់លើបណ្តាញហ្វេសប៊ុក ហើយបុគ្គលទាំងនោះគាត់នៅតែផ្សារភ្ជាប់ឈ្មោះលោក កឹម សុខា ឬយ៉ាងណានាងខ្ញុំមិនដឹងទេ ហើយការមានវិធានការច្បាប់យ៉ាងណានោះ ពួកខ្ញុំពេលនេះមិនទាន់ដឹងដែរ ព្រោះបច្ចុប្បន្ននេះយើងខ្ញុំមិនទាន់មានវិធានការផ្លូវច្បាប់ណា។ទេ ប៉ុន្តែបើមានរឿងនេះ នៅកើតឡើងបន្តទៀតពួកខ្ញុំនឹងពិភាក្សាជាមួយកូនក្តី ដើម្បីអនុវត្តវិធានការបន្ត »។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចាន់រឿន មានប្រសាសន៍ថា ឈ្មោះ រូបភាព របស់លោក កឹម សុខា ជៀសមិនផុតពីបុគ្គលឬអ្នកនយោបាយមួយចំនួនយកទៅបង្ហោះ ឬផ្សព្វផ្សាយតាមបណ្តាញសង្គមនោះទេ ព្រោះលោក កឹម សុខា ជាបុគ្គលសាធារណៈ ហើយធ្លាប់មានការគាំទ្រពីសាធារណជនច្រើនផងដែរ។
ប៉ុន្តែការប្រគល់សិទ្ធិដល់មេធាវី និងការលើកឡើងរបស់លោក កឹម សុខា ក្នុងបណ្តាញសង្គមក្រើនរំឮកម្តងហើយ ម្តងទៀតថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងបុគ្គលដែលបង្កើត កំពុងបង្កើត ឬបង្កើតគណបក្សនយោបាយ ហើយយកឈ្មោះលោកទៅភ្ជាប់ជាមួយនោះជារឿងល្អ ដើម្បីរក្សាប្រជាប្រិយភាពរបស់លោក ម្យ៉ាងកុំឱ្យជាប់ពាក់ព័ន្ធនឹងបម្រាមរបស់តុលាការជាដើម។
លោកមានប្រសាសន៍ថា៖ «ការបង្ហោះសារនិងការយកលិខិតរបស់មេធាវីលើហ្វេសប៊ុកជាសាធារណៈថាមិនជាប់ពាក់ព័ន្ធនឹងការបង្កើតបក្សថ្មី កំពុងបង្កើត ឬចលនានយោបាយណាមួយ ជាការបញ្ជាក់ពីភាពស្អាតស្អំរបស់គាត់ម្តងហើយម្តងទៀត និងកុំឱ្យមានការចោទប្រកាន់ ប្តឹងផ្តល់ ឬមានក្តីក្តាំដាក់បន្ទុកបន្ថែមពីតុលាការ ពីព្រោះលោក កឹម សុខា កំពុងជាប់ក្នុងបម្រាមតុលាការនៅឡើយ»។
រហូតមកដល់ពេលនេះ មានគណបក្សនយោបាយជាង៤០ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ក្នុងនោះមានគណបក្សចំនួន៥ ដែលបានបង្កើតឡើងដោយអតីតមន្ត្រីគណបក្សប្រឆាំង រួមមាន គណបក្សឆន្ទៈខ្មែរ របស់លោក គង់ មូនីកា កូនប្រុសរបស់លោក គង់ គាំ, គណបក្សខ្មែរអភិរក្ស របស់លោក រៀល ខេមរិន្ទ, គណបក្សខ្មែរស្រឡាញ់ជាតិ របស់លោក ជីវ កត្តា, គណបក្សកំណែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន និងគណបក្សបេះដូងជាតិ ដែលត្រូវបានគេអះអាងថា ជារបស់លោក ថាច់ សេដ្ឋា៕









