កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជាង៥០០នាក់បន្ថែមទៀត ខណៈអ្នកជំងឺជាង១០នាក់ទៀតបានស្លាប់ដោយជំងឺនេះ និងមានអ្នកជាសះស្បើយជិត៥០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន១១នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៥១១នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន១៥២នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន៤៨៧នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៩៦ ៣៣៩នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន៩១ ៦១៨នាក់ អ្នកស្លាប់កើនដល់ចំនួន១ ៩៨១នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៦ ១៣៣នាក់៕









