ពលរដ្ឋ​ចោទ​អាជ្ញាធរ​ខេត្ត​កោះកុង​​ថា​កាប់​បំផ្លាញ​​ដំណាំ​របស់​ពួកគេ​ដែល​បាន​អាស្រ័យ​ផល​ជាង​១០ឆ្នាំ

ផ្ទះដែលពលរដ្ឋអះអាងថាត្រូវបានអាជ្ញាធរបំផ្លាញដោយចោទថាបានសាងសង់លើដីឧទ្យានបទុមសាគរ ខេត្តកោះកុង។ (ផ្ដល់ឱ្យ)

ពលរដ្ឋមួយចំនួននៅស្រុកបទុមសាគរ ខេត្តកោះកុង ចោទ​អាជ្ញាធរ​ពាក់ព័ន្ធ​ថាបាន​កាប់បំផ្លាញដំណាំរបស់ពួក​គេ​អស់​ជាច្រើនហិកតា ក្រោយពួកគាត់អះអាងថា បានចូលអាស្រ័យផលលើដីនោះជាង១០ឆ្នាំមក​ហើយ​។

លោក ទ្រី ទូច រស់នៅភូមិចម្លងគោ ឃុំថ្មស ស្រុក​បទុមសាគរ ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា គ្រួសាររបស់គាត់​​មាន​ដី​ទំហំ១២ហិកតា ពេញ​ទៅដោយដំណាំ​ស្វាយចន្ទី​ ត្រូវ​បាន​អាជ្ញាធរ​កាប់​​បំផ្លាញអស់៦ហិកតាកាលពីសប្តាហ៍មុន។ លោក​បន្តថា ក្រៅពីដំណាំរបស់គាត់ ដំណាំនិងផ្ទះ​របស់​ពលរដ្ឋមួយចំនួនទៀតក៏រងការបំផ្លាញផងដែរ​ ដោយអាជ្ញាធរ​ចោទពួកគាត់ថា​បានចូលទៅអាស្រ័យផលលើដី«ឧទ្យានជាតិបទុមសាគរ»ដោយ​ខុសច្បាប់​។

ពលរដ្ឋរូបនេះអះអាងថា រូបលោក​បានចូលទៅអាស្រ័យផល​លើដីនោះចាប់តាំងពី​ឆ្នាំ២០០៦​មក ដោយ​ពុំមានការ​ហាមឃាត់ពីសំណាក់អាជ្ញាធរឡើយ ប៉ុន្តែនៅឆ្នាំ២០២១នេះ ស្រាប់តែថា ពួកគាត់​ទៅដាំដំណាំលើដីតំបន់ការពារ​ទៅវិញ​។

លោកបន្ថែមថា៖ «មួយឃុំហ្នឹង ពលរដ្ឋដែលរងគ្រោះប្រហែល១០០គ្រួសារ [អាជ្ញាធរ]កាប់បំផ្លាញរបស់គ្នាអស់ ហើយចោទគ្នាថាអនាធិបតេយ្យទៀត។ សម្តេចធ្លាប់មានប្រសាសន៍ថា បើប្រជាជនរស់នៅអាស្រ័យផលជាក់ស្តែង៥ទៅ១០ឆ្នាំ ឱ្យអាជ្ញាធរកាត់ឆ្វៀលឱ្យប្រជាជន តែអាជ្ញាធរគេមិនកាត់ឱ្យ គេបែរជាកាប់បំផ្លាញដំណាំប្រជាជនទៅវិញ»

ពលរដ្ឋនៅឃុំថ្មសម្នាក់ទៀត អ្នកស្រី វិត ជ្រាង និយាយថា គ្រួសារ​របស់គាត់​បានកាន់កាប់និងអាស្រ័យផលលើដីទំហំ៥ហិកតា អស់​រយៈពេល១៥ឆ្នាំមក​ហើយ ​​​បច្ចុប្បន្នមានដាំដំណាំហូបផ្លែដូចជា ខ្នុរ ស្វាយ ដំឡូង ស្វាយចន្ទី និងដំណាំផ្សេងទៀត។ អ្នក​ស្រីកំពុង​មាន​ក្តី​បារម្ភពីការបាត់បង់ផលដំណាំរបស់ខ្លួន​ ខណៈ​ផ្ទះនិង​ដំណាំចម្ការរបស់អ្នកភូមិក្បែរនោះ​ ត្រូវបានអាជ្ញាធរកាប់បំផ្លាញរួចអស់ទៅហើយ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំភ័យខ្លាំងណាស់ ព្រោះអីខ្ញុំកូនច្រើន គ្មានដីអីណាផ្សេងទៀតទេ! ហើយម៉្យាង​ទៀត ដីយើង​នេះ​កណ្តាល​គេទៀត ហើយ​គេសងខាង គេកាប់អស់ហើយ។ អ៊ីចឹងរឿងអីយើងនៅកណ្តាលហ្នឹងនៅសល់? ចំពោះរឿងនេះ ខ្ញុំសូមអំពាវនាវដល់សម្តេចជួយដល់ប្រជាពលរដ្ឋនៅតំបន់នេះផង ពីព្រោះប្រជាពលរដ្ឋនៅតំបន់នេះក្រីក្រខ្លាំងណាស់»

លោក ឡាំ ឆេន អាយុ៦៨ឆ្នាំ រស់​នៅឃុំថ្មស អះអាង​ថា ដំណាំហូបផ្លែ​របស់គាត់ដែលដាំលើដី​ទំហំ៧ហិកតា ត្រូវបានអាជ្ញាធរកាប់បំផ្លាញអស់៤ហិកតា ដែលធ្វើឱ្យគ្រួសារលោកបានខាតប្រាក់អស់​រាប់​ពាន់ដុល្លារ។

អភិបាលស្រុកបទុមសាគរ លោក ហាក់ ឡេង សុំមិន​អធិប្បាយពាក់ព័ន្ធករណីនេះទេ ដោយបង្វែរឱ្យទៅសួរមន្ទីរបរិស្ថាន​ខេត្តកោះកុងវិញ។

លោកនិយាយថា៖ «សូមសួរមន្ទីរបរិស្ថានវិញ ពីព្រោះគាត់ជាអ្នកដឹកនាំធ្វើកិច្ចការហ្នឹង ពីព្រោះដីហ្នឹងជាដីតំបន់ឧទ្យានជាតិដែលការពារដោយក្រសួងនិងមន្ទីរបរិស្ថាន អាជ្ញាធរគ្រាន់តែជាការចូលរួមទេ»

ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី ប្រាប់ វីអូឌី យ៉ាងខ្លីថា ករណីអាជ្ញាធរចុះកាប់ដំណាំពលរដ្ឋនោះ ដោយសារពួកគេអាស្រ័យផលក្នុងតំបន់ឧទ្យាន​ជាតិបទុមសាគរ។

លោកថា៖ «ដោយពួកគាត់ចូលអាស្រ័យផលក្នុងតំបន់ឧទ្យានជាតិ។ ឥលូវខ្ញុំកំពុងប្រជុំជាមួយខេត្តជុំវិញរឿងនេះ ការកាត់ឆ្វៀលឬដោះស្រាយយ៉ាងណានោះ គឺរដ្ឋាភិបាលជាអ្នកសម្រេច ​ខ្ញុំគ្មាន​សិទ្ធិនោះទេ»។

មន្រ្តីសម្របសម្រួលអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន មានប្រសាសន៍ថា កា​រចុះអនុវត្តកាប់បំផ្លាញដំណាំពលរដ្ឋហាក់មានស្តង់ដារពីរ ដោយលោកថា ក្នុងតំបន់ឧទ្យានជាតិបទុមសាគរនេះក៏មានដីរបស់អ្នកមានលុយមានអំណាចនៅក្នុងនោះដែរ ប៉ុន្តែអាជ្ញាធរមិនបានទៅកាប់បំផ្លាញដូចដំណាំប្រជាពលរដ្ឋធម្មតាឡើយ។

មន្ត្រីសិទ្ធិមនុស្សរូបនេះបានស្នើដល់អាជ្ញាធរឱ្យពិចារណាឡើងវិញក្នុងការដោះស្រាយជូនពលរដ្ឋ ខណៈដែលពួកគាត់បានរស់នៅនិងអាស្រ័យផលយូរឆ្នាំទៅហើយ ដើម្បីចៀសវាងការរិះគន់ពីសំណាក់មហាជននិងផលប៉ះពាល់ប្រជាពលរដ្ឋ។

លោកបន្ថែមថា៖ «អាជ្ញាធរគួរតែធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ តើប្រជាពលរដ្ឋហ្នឹងមកពីណាឬក៏ប្រជាពលរដ្ឋនៅក្នុងភូមិស្ថានដែលកំពុងខ្វះខាតដីទេ? ក្នុងលក្ខខណ្ឌផលដំណាំរបស់ពួកគាត់ហ្នឹងមានដើម​ធំៗ​ទៅហើយ ហើយយើងទៅកាប់បំផ្លាញ ហើយភាគីម្ខាងទៀតដែលមានលុយមានអំណាច មិនត្រូវបានបំផ្លាញ ឃើញថា ការអនុវត្តច្បាប់ហ្នឹងវាមិនមានភាពស្មើគា្ន។ អ៊ីចឹងវាប្រាកដណាស់ឱ្យមានការរិះគន់ទៅលើអាជ្ញាធរ ហើយរូបភាពហ្នឹងវាអាក្រក់មើល ហើយវាក៏ប៉ះពាល់ដល់កិត្តិយសរបស់អាជ្ញាធរខេត្តផងដែរ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ