ពលរដ្ឋមានជម្លោះដីធ្លីស្រុកកណ្ដាលស្ទឹងព្រមានបិទផ្លូវជាតិលេខ២ បើអាជ្ញាធរមិន​រកដំណោះស្រាយ

ពលរដ្ឋរងគ្រោះក្រោមគម្រោងសាងសង់ព្រលានយន្តហោះជាច្រើននាក់បានជួបជុំគ្នានិងបានធ្វើសន្និសីទកាសែតមួយនាថ្ងៃទី៤ ខែកញ្ញា ដោយប្រឆាំងនឹងលិខិតរបស់អភិបាលខេត្តដែលបានប្រកាសថានឹងបិទទំនប់ទឹក ហើយកាយផ្ដាច់ផ្លូវ​ពលរដ្ឋធ្លាប់ឆ្លងកាត់ទៅកាន់ស្រែរបស់ពួកគេកន្លងមក។ (សុខ ចន្ត្រាវុធ)

ពលរដ្ឋមានជម្លោះដីធ្លីជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ព្រមានជាថ្មីថា​នឹងបិទផ្លូវជាតិលេខ២ ប្រសិនបើ​អាជ្ញាធរមិនព្រមដោះស្រាយជូនពួកគេឱ្យ​បានត្រឹមត្រូវ​ ហើយចេះតែធ្វើសកម្មភាពបំពានលើដីមានជម្លោះដោយមិនទាន់មានសំណងសមរម្យ។

ការព្រមាននេះ ក្រោយពលរដ្ឋជាច្រើននាក់បានជួបជុំគ្នានិងបានធ្វើសន្និសីទកាសែតមួយកាលពីថ្ងៃទី៤ ខែកញ្ញា ដោយប្រឆាំងនឹងលិខិតរបស់អភិបាលខេត្តដែលបានប្រកាសថានឹងបិទទំនប់ទឹក ហើយកាយផ្ដាច់ផ្លូវ​ពលរដ្ឋធ្លាប់ឆ្លងកាត់ទៅកាន់ស្រែរបស់ពួកគេកន្លងមក។

លោក សួង ពៅ ​ពលរដ្ឋមានជម្លោះដីធ្លីជាមួយនឹងគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានលើកឡើងថា នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះ ប្រជាពលរដ្ឋមានគម្រោង​បិទផ្លូវជាតិលេខ២ ប៉ុន្តែអភិបាលស្រុកខេត្តកណ្ដាលបានស្នើពលរដ្ឋកុំឱ្យ​មានការប្រមូលម្ដុំ ដោយហេតុផលថា ថ្ងៃនេះមានការប្រជុំជាមួយនឹងខេត្ត ហើយ​សន្យាថានឹង​លើកសំណើទាំងអស់ទៅដល់ខេត្តរកដំណោះស្រាយ។

លោក​ថា៖ «តាមប្រជាពលរដ្ឋនិយាយថា បើសិនជាអត់មានដំណោះស្រាយទេ ពួកគាត់នឹងធ្វើអ៊ីចឹង [បន្តតវ៉ា] អាចឈានទៅដល់ការប្រមូលម្ដុំដើម្បីតវ៉ាហ្នឹង។ អាហ្នឹងជាការលើកឡើងរបស់ប្រជាពលរដ្ឋ»។

ចំណែកពលរដ្ឋមានជម្លោះដីធ្លីម្នាក់ទៀត អ្នកស្រី ឃឹម ម៉ាលី នៅភូមិកំពុងតាឡុង ឃុំបឹងខ្យាង បានលើកឡើង​ថា ប្រជាពលរដ្ឋមិនអាចឈរមើលនូវអ្វីដែលអាជ្ញាធរបានធ្វើមកលើពួកគេទេ ដោយ​ថា អាជ្ញាធរតែងតែនិយាយដោះសារមិនចង់រកដំណោះស្រាយ​សមរម្យជូនពួកគាត់ឡើយ។

អ្នកស្រីស្នើថា៖ «ខ្ញុំចង់ឱ្យ​ខាងអាជ្ញាធរ ទាំងលោកអភិបាលស្រុក និងអភិបាលខេត្ត កុំឱ្យ​គាត់គិតតែពីព្រលានយន្តហោះ ក្រុមហ៊ុនគាត់ពេក ឱ្យ​បើក​ភ្នែកមើលប្រជារាស្រ្តផង។ គិតតែខ្លាចលិចព្រលាន ចុះស្រូវប្រជាពលរដ្ឋលិចចុងអស់នេះ តើប្រជារាស្រ្តសង្ឃឹមអីគេ? ពួកខ្ញុំសង្ឃឹម​តែលើស្រែ ហើយពួកគាត់គិតសង្ឃឹមតែលើព្រលាន គាត់ចង់ឱ្យ​ប្រជាពលរដ្ឋទាំងអស់នេះងាប់មែន? […] បើសិនជាគាត់ចង់ផ្ដាច់ផ្លូវ ពួកខ្ញុំអត់ឃាត់ទេ សុំឱ្យ​គាត់ [អាជ្ញាធរ] ដោះស្រាយជូនប្រជាពលរដ្ឋឱ្យ​ចប់មក»។

អ្នកស្រីអះអាងថា ប្រជាពលរដ្ឋនៅតែបន្តការទាមទារ បើសិនជាអាជ្ញាធរមិនព្រមយកចិត្តទុកដាក់រកដំណោះស្រាយជូនពួកគេទេ។ អ្នកស្រីមើលឃើញថា ដំណោះស្រាយរបស់អាជ្ញាធរកន្លងមកដែលផ្តល់សំណងជូនប្រជាពលរដ្ឋក្នុងមួយម៉ែត្រការ៉េតម្លៃ៨ដុល្លារនោះ ជាការប្លន់ដីរបស់អ្នកភូមិក្នុងរូបភាពមួយដែលគេមើលឃើញថាជាទង្វើស្របច្បាប់តែប៉ុណ្ណោះ។

ចំណែកអភិបាលស្រុកកណ្ដាលស្ទឹង លោក អ៊ូច សៅរឿន បានលើកឡើងថា ចំពោះក្ដីបារម្ភរបស់ពលរដ្ឋពាក់ព័ន្ធការបិទទំនប់ទឹក ខាងអាជ្ញាធរកំពុងតែចុះដោះស្រាយបានត្រឹមត្រូវហើយ ដោយអាជ្ញាធរមិនទុកឱ្យ​ប្រជាពលរដ្ឋស្លាប់នោះទេ។ ចំណែកការផ្ដាច់ផ្លូវ ឬការទាមទារសំណងតាមការចង់បានកន្លងមករបស់ពលរដ្ឋ គឺអនុវត្តតាមគោលការណ៍របស់រដ្ឋាភិបាល គ្មានការខុសច្បាប់អ្វីនោះទេ បើពលរដ្ឋចង់បន្តទាមទារ នោះជារឿងរបស់ពួកគាត់។

លោកថា៖ «រឿងលុប​ រឿងអ្វីនោះ ខាងស្រុកអនុវត្តតាមគោលការណ៍ខេត្ត​។ តែចេញមក គេអនុវត្តហើយ មានចំណុចណាដែលបញ្ជាក់ថាការ​ធ្វើបែបនេះខុស? ព្រោះអាហ្នឹងជាទ្រព្យរដ្ឋ រដ្ឋមានសិទ្ធិចាត់ចែងតើ!»

នាយក​រង​ទទួលបន្ទុកផ្នែក​ឃ្លាំមើលសិទ្ធិមនុស្សនៃ​អង្គការលីកាដូ លោក អំ សំអាត បានលើកឡើងថា ការបន្តពន្យារពេលមិនព្រមរកដំណោះស្រាយជូនដល់ប្រជាពលរដ្ឋ មិនមានជារឿងដែលត្រឹមត្រូវនោះទេ ហើយ​អាចជាការបង្កជម្លោះរវាងអាជ្ញាធរនិងប្រជាពលរដ្ឋ។ លោកបន្តថា ​បញ្ហាទាំងនេះអាច​ធ្វើឱ្យ​ប្រជាពលរដ្ឋកាន់តែមិន​សប្បាយចិត្តកាន់តែខ្លាំង។

 លោក​លើកឡើងថា៖ «​រឿងទាំងអស់ហ្នឹង​ជាធម្មតាទេ នៅពេលដែលដំណោះស្រាយមិនទទួលយកបាន អ៊ីចឹង​​អាជ្ញាធរនិងក្រុមហ៊ុនគួរតែព្យាយាមដោះស្រាយបន្ថែមទៀត ដើម្បីបញ្ចាប់ទៅលើបញ្ហាដីធ្លី ដើម្បីអាច​ទទួល​យក​ទាំងអស់​គ្នា​។ យើង​ដឹង​ហើយ​កិច្ច​អភិវឌ្ឍន៍គឺក្រុមហ៊ុន​ដើម្បីផលប្រយោជន៍​ ហើយ​រដ្ឋត្រូវ​តែធានាផលប្រយោជន៍​ កុំឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ផ្ទះសម្បែង ដីធ្លី​ អាហ្នឹងរដ្ឋត្រូវតែមានការដោះស្រាយជូនពលរដ្ឋ»។

ប្រជាពលរដ្ឋជិត១០០នាក់ កាលពីថ្ងៃទី០៤ ខែកញ្ញា បានប្រមូលម្ដុំគ្នាធ្វើសន្និសីទកាសែតទាមទារឱ្យ​​អាជ្ញាធរ ក៏ដូចជារដ្ឋាភិបាលត្រូវរកដំណោះស្រាយជូនពួកគេ។ លើសពីនេះ ពលរដ្ឋស្នើឱ្យ​​លុប​ផ្លូវ​ដែល​អាជ្ញាធរ​បាន​សហការ​ជាមួយនឹងក្រុមហ៊ុនព្រលានយន្តហោះថ្មី (OCIC) លួចកាយផ្ដាច់​ទាំងយប់កាលពីពេលថ្មីៗនេះ ដោយមិនបានប្រាប់ពលរដ្ឋជាមុន។ ជាមួយគ្នានេះ ពលរដ្ឋនៅតែប្រកាន់ជំហរថានឹងបន្តទាមទារទ្រង់ទ្រាយធំ បើសិនជាមិនព្រមដោះស្រាយជូនពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ