UN នៅ​កម្ពុជា​ថា​បញ្ហា​វិសម​ភាព​ធ្វើ​ឱ្យ​ជន​មាន​ពិការភាព​រឹត​តែ​ងាយ​រងគ្រោះ​ក្នុង​បរិបទ​កូវីដ-១៩

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ យោធិនពិការ ព្រមទាំងក្រុមគ្រួសារ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ប្រភេទ Astrazeneca នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ស្ថិតនៅក្នុងភូមិតេជោ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ (ហ្វេសប៊ុក៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)

​​អង្គការសហប្រជាជាតិ ឬ UN ប្រចាំកម្ពុជា អះអាងថា ជនមានពិការភាពជាច្រើននាក់ជួបប្រទះនឹងបញ្ហាវិសមភាពដែលធ្វើឱ្យពួកគេរឹតតែងាយរងគ្រោះទៅទៀតក្នុងបរិបទជំងឺកូវីដ-១៩ បើទោះជំងឺនេះបង្កការគំរាមកំហែងដល់ប្រជាជនទាំងអស់នៅក្នុងសង្គមក៏ពិតមែន ដោយថា វិសមភាពទាំងនោះមានកម្រិតរឹតតែធ្ងន់ធ្ងរសម្រាប់ស្រ្តីនិងក្មេងស្រីមានពិការភាព បើធៀបនឹងបុរសដែលមានពិការភាព។

អង្គការសហប្រជាជាតិនៅកម្ពុជា កាលពីថ្ងៃទី០៦ ខែកញ្ញា ម្សិលមិញ បានចេញផ្សាយឯកសារព័ត៌មានស្តីអំពីការគាំទ្រដល់ជនមានពិការភាព និងការឆ្លើយតបចំពោះជំងឺកូវីដ-១៩។ ​ស្ថាប័ននេះបានអះអាងថា ជនមានពិការភាពជាច្រើននាក់ជួបប្រទះនឹងបញ្ហាវិសមភាព ដែលធ្វើឱ្យពួកគេរឹតតែងាយរងគ្រោះ ខណៈគោលនយោបាយផ្តល់សេវានានាជូនពួកគេអំឡុងវិបត្តិជំងឺជាសកលនេះក៏នៅមានភាពខ្វះខាតនៅឡើយ។

តាមរយៈឯកសារព័ត៌មានដដែល អង្គការសហប្រជាជាតិនៅកម្ពុជាបន្ថែមថា៖ «វិសមភាពទាំងនេះមានកម្រិតរឹតតែធ្ងន់ធ្ងរសម្រាប់ស្រ្តី និងក្មេងស្រីមានពិការភាព កើតឡើងដោយសារឧបសគ្គជាច្រើន ដូចជា ការមាក់ងាយ ហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយធ្វើដំណើរ និងសេវាព័ត៌មានពុំបានបង្កភាពងាយស្រួលដល់ពួកគេ និងការខ្វះគោលនយោបាយនិងសេវាសាធារណៈដែលពុំមានលក្ខណៈបរិយាបន្ន»។

UN បន្តថា ជនមានពិការភាពនៅកម្ពុជាជួបប្រទះបញ្ហាប្រឈមច្រើនយ៉ាង ដូចជា វិសមភាពនិងការរើសអើងក្នុងការទទួលបានសេវាអប់រំ សេវាថែទាំសុខភាព មុខរបរនិងការងារ សេវាគាំពារសង្គម សេវាយុត្តិធម៌ និងការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ជាដើម។ ពួកគេក៏ងាយទទួលរងអំពើហិង្សានិងការរំលោភបំពានសិទ្ធិមនុស្សជាមូលដ្ឋានផងដែរ។

អង្គការសហប្រជាជាតិនៅកម្ពុជាថា៖ «ស្រ្តីនិងក្មេងស្រីមានពិការភាពជួបប្រទះនឹងការរើសអើងនិងឧបសគ្គបន្ថែមទៀត នៅពេលដែលពួកគេទៅទទួលសេវា បើធៀបនឹងបុរសដែលមានពិការភាព»។

អ្នកស្រី ម៉ាក់ មូនីកា នាយិកាប្រតិបត្តិអង្គការជនពិការកម្ពុជា មានប្រសាសន៍​នៅថ្ងៃអង្គារនេះថា បរិបទកូវីដ-១៩ ពិតជាបានធ្វើឱ្យជនមានពិការភាពងាយនឹងរងគ្រោះកាន់តែខ្លាំងជាងមុន ជាពិសេសស្រ្តី​។ អ្នកស្រីបន្តថា ស្ត្រីមានពិការភាពអាចរងនូវអំពើហិង្សាជិតទ្វេដងក្នុងគ្រួសារ ខណៈបាត់បង់ប្រាក់ចំណូល ហើយពួកគេមួយចំនួនប្រឈមនឹងការបាត់បង់លទ្ធភាពពេញលេញក្នុងការរកសេវាសង្គមមួយចំនួន ដូចជា សេវាសុខាភិបាល ជាដើម។

អ្នកស្រី ម៉ាក់ មូនីកា បញ្ជាក់ថា៖ «បរិបទកូវីដ-១៩នេះ ហេតុអីបានថាកើនឡើងនូវរឿងអំពើហិង្សាក្នុងគ្រួសារ? ដោយសារបរិបទសង្គម នៅពេលដែលគាត់បាត់បង់ប្រាក់ចំណូល។ អ៊ីចឹងអានេះវាជិតទ្វេដងសម្រាប់ស្ត្រីមានពិការភាព នៅពេលដែលគាត់មានករណី [អំពើហិង្សា] នេះកើតឡើង។ ទី២ អំឡុងពេលនេះដែរ សម្រាប់ស្ត្រីពិការ គឺគាត់មិនសូវទទួលបានលទ្ធភាពពេញលេញទេ ដោយសារបរិបទមួយចំនួនគឺវាផ្អែកលើពិការភាពដែរ គឺពេលខ្លះគាត់បាត់បង់នូវការទទួលបានសេវាគាំទ្ររបស់គាត់។ ឧទាហរណ៍ គាត់មានពិការភាពណាមួយ ហើយត្រូវការការពិនិត្យសុខភាពប្រចាំថ្ងៃ។ អ៊ីចឹងអំឡុងពេលនេះ នៅពេល lockdown គាត់គោរពវិធានការសុខាភិបាលដើម្បីសុវត្ថិភាព គាត់មិនអាចចេញក្រៅដើម្បីរកសេវាបាន ហើយទីតាំង [ផ្តល់សេវា] មួយចំនួនត្រូវផ្អាកមួយរយៈ។ អ៊ីចឹងហើយវាអាចប៉ះពាល់ដល់ជនពិការដែលត្រូវការសេវានោះ»។

អ្នកស្រី ម៉ាក់ មូនីកា សើ្នឱ្យស្ត្រីនិងក្មេងស្រីមានពិការភាពត្រូវមានភាពក្លាហានហ៊ានរកភាគីពាក់ព័ន្ធដើម្បីបញ្ចេញមតិ។ ក្រៅពីនោះ អ្នកស្រីថា ភាគីពាក់ព័ន្ធក៏ត្រូវចូលរួមគាំទ្រ ជំរុញ ជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ផងដែរ។ អ្នកស្រីបន្ថែមថា ក្រុមគ្រួសារពួកគេគប្បីជួយជំរុញ លើកទឹកចិត្ត ផ្តល់ឱកាស ដើម្បីឱ្យពួកគេចូលរួមក្នុងសង្គមដោយគ្មានភាពខ្មាសអៀន។ លើសពីនេះ ស្រ្តីមានពិការភាពខ្លួនឯងក៏ត្រូវ​ស្វែងរកឱកាសចូលរួមក្នុងសង្គមដែរ។

ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក យៀប ម៉ាលីណូ ប្រាប់ វីអូឌី នៅថ្ងៃទី០៧ កញ្ញានេះថា ស្ត្រី ​ពិសេសកុមារីមានពិការភាព ជួបប្រទះផលលំបាកច្រើនជាងបុរសនិងកុមារាដែលមានពិការភាព។ ​

លោក យៀប ម៉ាលីណូ ថា៖ «បរិបទកូវីដ-១៩ កុមារីរឹតតែជួបការលំបាក ជាពិសេសគឺការទទួលបានសម្ភារសម្រាប់ការការពារជំងឺកូវីដ-១៩ ជាដើម។ ក៏ប៉ុន្តែកុមារីពិការ ឪពុកម្តាយមិនសូវជាឱ្យគាត់ចេញទៅក្រៅទេ ព្រោះខ្លាចកូនមានគ្រោះថ្នាក់ដោយកូវីដ-១៩ ឬដោយប្រការណាមួយ។ ក្នុងសង្គមខ្មែរ គាត់ការពារកូនស្រីខ្លាំង […]។ អ៊ីចឹងការហាមប្រាមបានធ្វើឱ្យកូនស្រីខកខានឱកាសចូលរួមក្នុងសកម្មភាពមួយចំនួន ដូចជា សង្គម វប្បធម៌ និងនយោបាយ ជាដើម។ ក្នុងបរិបទកូវីដ-១៩នេះ គឺដូចគ្នា ការហាមប្រាមធ្វើឱ្យគេមានសម្ពាធផ្លូវចិត្តមួយចំនួនទៅលើជនមានពិការភាពទូទៅ ដោយឡែក ទៅលើស្ត្រីមានពិការភាព ដូចគ្នា! តែកូនប្រុស គឺថាគាត់អាចចេញទៅបានខ្លះៗ ដោយជម្នះ ទោះឪពុកម្តាយគាត់ហាមឃាត់ក៏ដោយ។ នេះជាចំណុចមួយដែលធ្វើឱ្យមានអតុល្យភាពរវាងបុរសនិងនារីជាដើម»។

លោក យៀប ម៉ាលីណូ បន្តថា អំពើហិង្សាផ្នែកផ្លូវកាយ ផ្លូវចិត្ត តែងតែកើតមានឡើងចំពោះនារី ​ជាឧទាហរណ៍អំពើរំលោភបំពានផ្លូវភេទ ជាដើម។ លោកថា ក្នុងសង្គម ក្មេងប្រុសមិនសូវជាកើតមានការរងគ្រោះពីបញ្ហានេះទេ តែក្មេងស្រីវិញតែងតែរងអំពើហិង្សានោះ។ លោកថា ចំណែកស្ត្រីមានពិការភាព តែងតែរងអំពើហិង្សាពីគ្រួសារនៅក្រោមរូបភាព៣ប្រភេទ ដូចជា ហិរញ្ញវត្ថុ ផ្លូវកាយ និងផ្លូវចិត្ត។

យ៉ាងណា ជាដំណោះស្រាយ លោក យៀប ម៉ាលីណូ ថាកន្លងមក ក្រសួងសង្គមកិច្ចបានបង្កើតក្រុមការងារឆ្លើយតបរហ័សដើម្បីអន្តរាគមន៍ និងបង្កើតលេខទូរសព្ទ Hotline ដើម្បីផ្តល់ការពិគ្រោះពីចម្ងាយពាក់ព័ន្ធបញ្ហាកូវីដ-១៩ ឬត្រូវការស្បៀងអាហារ សម្ភារការពារកូវីដ-១៩។ បន្ថែមពីនេះ ក្រសួងក៏មានសេវាពិគ្រោះនិងដោះស្រាយអំពើហិង្សាលើជនមានពិការភាព ជាដើម។

បើតាម UN ប្រចាំកម្ពុជា ជនមានពិការភាពចំ​នួន១២៥ ២១៧នាក់ ត្រូវបានកំណត់អត្តសញ្ញាណ ដោយក្នុងនោះជាង៨ម៉ឺននាក់ (៨៦ ៤៧៩) ឬស្មើនឹង ៦៩% ​បានទទួលការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត។ ដោយឡែក ជនមានពិការភាពចំនួន២ម៉ឺននាក់ (១៧ ៤៣៤) ​បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស។

តាមរបាយការណ៍​របស់ក្រ​សួង​សង្គមកិច្ច​កាលពី​ឆ្នាំ២០១៤ បានឱ្យដឹង​ថា​ ជន​មាន​ពិការភាព​នៅ​កម្ពុជា​មានប្រហែល៤% នៃ​ចំនួន​ប្រជាជន​សរុប ឬមានចំនួនជាង៥០ម៉ឺននាក់ (៥២៤ ០០០)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ