រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ គ្រោង​​មក​​ទស្សន​កិច្ច​នៅ​កម្ពុជា​និង​ប្រទេស​៣​ទៀត​ចាប់​ពី​ចុង​សប្តាហ៍​នេះ​

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មកដល់ទីក្រុងប៉េកាំង​ ប្រទេសចិន នៅព្រលានយន្តហោះអន្តរជាតិប៉េកាំង ទទួលស្វាគមន៍ដោយលោក​ វ៉ាង​ យី​ រដ្ឋមន្រ្តីក្រសួងការបរទេសចិន​ និងមន្រ្តីជាន់ខ្ពស់ចិនជាច្រើនរូប​ ព្រមទាំងមន្រ្តីការទូតកម្ពុជាប្រចាំប្រទេសចិនផងដែរ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក​ វ៉ាង យី នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា សិង្ហបុរី វៀតណាម និងកូរ៉េខាងត្បូង ចាប់​ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។ នេះ​បើតាម​ការផ្សព្វផ្សាយ​របស់​ទូរទស្សន៍រដ្ឋចិន CGTN។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានលើកឡើង​នៅ​ក្នុង​សន្និសីទសារព័ត៌មាននាទីក្រុងប៉េកាំងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ច លោក វ៉ាង យី នឹង​ធ្វើការទំនាក់​ទំនង​ជា​យុទ្ធសាស្ត្រស៊ីជម្រៅជាមួយ​គ្រប់ភាគី ដើម្បី​បង្កើនកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់​ និង​ផ្លូវ» និង​ជំរុញការ​កសាង​សហគមន៍​ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។

លោក​បានបន្ថែមថា ប្រទេសទាំង៤ ដែលរដ្ឋមន្ត្រីការបរទេសរូបនេះគ្រោងបំពេញទស្សន​កិច្ច​នេះ សុទ្ធសឹងជា​ប្រទេស​មាន​ភាពជិតស្និទ្ធនឹង​ភូមិសាស្ត្ររបស់ប្រទេសចិន ហើយដំណើររបស់លោក​ វ៉ាង នឹងជជែក​​អំពីភាពស្មោះត្រង់របស់ចិន និងសារៈសំខាន់ដែលខ្លួនបានភ្ជាប់ក្នុង​ការពង្រឹង​ទំនាក់​ទំនង​មិត្តភាពនិងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកកាន់​តែស៊ីជម្រៅ។

លោក​មាន​ប្រសាសន៍​ថា៖ «ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយប្រទេស​ទាំង​៤នេះ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗនៅក្នុងទំនាក់ទំនងទ្វេភាគី និងរួមគ្នាការ​ពារ​ពហុភាគីនិយម និងយុត្តិធម៌​អន្តរជាតិ និងយុត្តិធម៌ ដើម្បីបញ្ចូលថាមពល​វិជ្ជមានបន្ថែមទៀត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍ​នៅក្នុងតំបន់និងពិភពលោក​ទាំង​មូល»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា​ លោក​ កុយ គួង ​មាន​ប្រសាសន៍នៅ​ថ្ងៃពុធនេះថា ជុំវិញ​ដំ​ណើរ​ទស្សនកិច្ចរបស់​​រដ្ឋមន្ត្រីការបរទេសចិន លោក​ វ៉ាង យី មក​កម្ពុជា ​​គឺ​កំពុង​ស្ថិត​ក្នុងការរង់​ចាំពី​​សេចក្ដី​ប្រ​កាស​ជា​ផ្លូវ​ការ ដែលលោកនៅពុំទាន់អាច​បញ្ជាក់​​ព័ត៌​មានលម្អិតជូនបាននៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ