មនុស្ស​យ៉ាង​តិច​៤០​​នាក់​បាន​ស្លាប់​ក្នុង​​អគ្គិភ័យ​​ឆេះ​ពន្ធនាគារ​មួយ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី

ក្រុមពន្លត់អគ្គិភ័យខ្នះខ្នែងបាញ់ទឹកពន្លត់អណ្ដាតភ្លើងសន្ធោសន្ធៅនៅពន្ធនាគារមួយក្នុងខេត្ត Banten ប្រទេសឥណ្ឌូនេស៊ី នាអំឡុងម៉ោង១ទៀបភ្លឺថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។ (Kompas TV)

អ្នកនាំពាក្យរដ្ឋាភិបាល និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យ​​ដឹងថា ហេតុការណ៍អគ្គិភ័យ​ឆាបឆេះ​ពន្ធនាគារមួយនៅក្នុងខេត្ត Banten ប្រទេសឥណ្ឌូនេស៊ី នៅយប់ទៀបភ្លឺ​ថ្ងៃ​ពុធ​នេះ បាន​សម្លាប់មនុស្ស​យ៉ាង​តិច​ណាស់៤០​នាក់ ខណៈ​​មនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីអ្នក​នាំពាក្យអគ្គនាយកដ្ឋាន​ពន្ធនាគារ លោកស្រី​ Rika Aprianti មកចុះផ្សាយថា អគ្គិភ័យ​ដែល​បាន​ឆាប​ឆេះ​នៅ​ម៉ោង១ទៀបភ្លឺដល់​ម៉ោង២​ទៀបភ្លឺថ្ងៃពុធនេះ នៅក្នុងប្លុក C នៃពន្ធនាគារ Tangerang ត្រូវបានពន្លត់ហើយ ខណៈអាជ្ញាធរបច្ចុប្បន្នកំពុងបន្តកិច្ចការជម្លៀស​មនុស្សនិងរបស់របរមួយចំនួនចេញពីកន្លែងនេះ។

លោកស្រីថា៖ «មូលហេតុនៃអគ្គិភ័យនេះកំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ»។

លោកស្រីបន្តថា ប្លុកនេះគឺជាទីតាំងសម្រាប់ដាក់អ្នកទោសដែលត្រូវបានឃុំខ្លួនពីបទពាក់ព័ន្ធនឹងគ្រឿង​ញៀន មានសមត្ថភាពផ្ទុកមនុស្ស​បាន​ចំនួន១២២​នាក់។

ទោះជាយ៉ាងណា លោកស្រីមិនបានបញ្ជាក់ថាតើមានមនុស្សប៉ុន្មាននាក់នៅក្នុងទីតាំងនេះ នៅពេល​ដែល​អគ្គិភ័យឆាបឆេះនោះទេ ដោយលោកស្រីគ្រាន់តែលើកឡើងថា ទីតាំងនេះមានមនុស្សច្រើន។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាល គិតត្រឹមខែកញ្ញា ពន្ធនាគារនៅក្នុងទីក្រុង Tangerang មួយនេះ បច្ចុប្បន្នមានអ្នកទោសសរុបជាង២ ០០០​នាក់ ដែលលើសពីសមត្ថភាពផ្ទុករបស់ខ្លួនដែលកំណត់ត្រឹមចំនួន៦០០នាក់។

ទាក់ទិននឹងករណីគ្រោះអគ្គិភ័យនេះ អ្នកនាំពាក្យ​ប៉ូលិស​ឥណ្ឌូណេស៊ី ​លោក Yusri Yunus បានថ្លែង​ប្រាប់ទូរទស្សន៍ក្នុងប្រទេសមួយ​ថា៖ «ការសង្ស័យក្នុងជំហានដំបូងនៃអគ្គិភ័យ​នេះ គឺអាចបណ្តាលមកពីបញ្ហាឆ្លងចរន្តអគ្គិសនី»។

លោកបន្តថា មនុស្សចំនួន៧៣​នាក់ក៏បានរងរបួសស្រាលនៅក្នុងហេតុការណ៍នេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ