រដ្ឋាភិបាលគ្រោងជួលដីរដ្ឋជាង៣៦ហិកតាក្នុងតំបន់ការពារមួយ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ទៅឱ្យក្រុមហ៊ុនឯកជនមួយ ដើម្បីវិនិយោគវារីវប្បកម្ម បង្កាត់ពូជត្រី និងចិញ្ចឹមក្ដាមសមុទ្រ។
កាលពីសប្តាហ៍មុន រដ្ឋបាលខេត្តកោះកុងបានផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួនថា អាជ្ញាធរខេត្តនិងមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងស្នើសុំជួលដីរដ្ឋទំហំ៣៦,៨៧ហិកតា រយៈពេល១៥ឆ្នាំ ដើម្បីវិនិយោគវារីវប្បកម្ម បង្កាត់ពូជត្រី និងចិញ្ចឹមក្ដាម ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង។
អភិបាលរងខេត្តកោះកុង លោក អ៊ុក ភ័ក្រ្តា ទទួលបន្ទុកការងារនេះ ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា ទីតាំងដីដែលគ្រោងជួលឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍនេះ ស្ថិតក្នុងតំបន់ការពារដោយក្រសួងឬមន្ទីរបរិស្ថាន។ លោកថា ការសម្រេចយ៉ាងណានោះ គឺក្រសួងបរិស្ថានជាអ្នកសម្រេច ខណៈដែលរដ្ឋាភិបាលបានចេញគោលការណ៍អនុញ្ញាតរួចទៅហើយ។
អភិបាលរងខេត្តរូបនេះបន្តថា ក្រោមគម្រោងជួលដីនេះ រដ្ឋបាលខេត្តបានស្នើឱ្យអ្នកវិនិយោគសិក្សាឱ្យច្បាស់លាស់អំពីបច្ចេកទេសនៃការគ្រប់គ្រងគម្រោងវារីវប្បកម្មនោះឱ្យមានប្រសិទ្ធភាព ដោយចៀសវាងការប៉ះពាល់ដល់បរិស្ថាន សហគមន៍ និងការបំពុលចូលសមុទ្រ។
រដ្ឋបាលខេត្តកោះកុង ក៏ស្នើឱ្យមានការចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិនៅក្នុងនិងក្បែរទីតាំងគម្រោងធ្វើអាជីវកម្មវារីវប្បកម្មនេះផងដែរ ដើម្បីធានាបាននូវនិរន្តរភាពបរិស្ថាននិងជីវចម្រុះ ហើយរាល់ការសាងសង់និងអនុវត្តគម្រោងវារីវប្បកម្ម ត្រូវគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលនិងលិខិតបទដ្ឋានគតិយុត្តនានា។
លោកបន្ថែមថា៖ «រដ្ឋបាលយើងស្នើឱ្យសិក្សាឱ្យបានច្បាស់ពីផលប៉ះពាល់ ហើយគោលការណ៍របស់ខេត្តក៏បានដាក់ដែរប៉ុន្មានចំណុចហ្នឹង ហើយអនុវត្តធ្វើតាមហ្នឹងទៅ មិនអីទេ»។
ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី មានប្រសាសន៍ថា រហូតមកដល់ពេលនេះ ក្រសួងបរិស្ថានមិនទាន់សម្រេចជួលឱ្យក្រុមហ៊ុននៅឡើយទេ ដោយអាជ្ញាធរពាក់ព័ន្ធកំពុងចុះពិនិត្យនិងសិក្សាពីលទ្ធភាពនៅឡើយ។ យ៉ាងណា លោកមិនបញ្ជាក់ឈ្មោះក្រុមហ៊ុនដែលគ្រោងជួលទីតាំងដី និងថ្លៃជួលដីរយៈពេល១៥ឆ្នាំនោះទេ។
ប្រធានមន្ទីរបរិស្ថានរូបនេះលើកឡើងថា ការជួលដីក្នុងតំបន់ការពារទៅឱ្យក្រុមហ៊ុនធ្វើការវិនិយោគគម្រោងវារីវប្បកម្មចិញ្ចឹមគ្រឿងសមុទ្រនេះ មិនជាបញ្ហាអ្វីនោះទេ ប្រសិនក្រុមហ៊ុននោះអនុវត្តតាមគោលការណ៍ណែនាំរបស់អាជ្ញាធរពាក់ព័ន្ធ។
លោកបន្ថែមថា៖ «នេះគ្រាន់តែជាការស្នើសុំទេ ហើយក្រសួងលោកបានចុះទៅពិនិត្យមើលទីតាំងជាក់ស្តែង ថាតើវាអាចសមស្របដែរឬអត់! យើងជួលដីក្នុងតំបន់ការពារ វាអត់បញ្ហាអីទេ ប្រសិនជាការរៀបចំស្នើសុំចិញ្ចឹម ដើម្បីជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ប៉ុន្តែគ្រាន់តែថា ក្រសួងគាត់ចុះពិនិត្យមើលសិនថាធ្វើបានឬមិនបាន»។
មន្រ្តីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន មានប្រសាសន៍ថា ករណីអាជ្ញាធរជួលដីក្នុងតំបន់ការពារទៅឱ្យក្រុមហ៊ុន ដើម្បីអភិវឌ្ឍវារីវប្បកម្មនោះជារឿងល្អមួយ ប្រសិនបើគម្រោងបានផ្តល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋ។ ប៉ុន្តែលោកបារម្ភពីផលប៉ះពាល់បរិស្ថានដែរ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនសិក្សានិងតាមដាននូវការអនុវត្តគម្រោងនោះ។
លោកបន្ថែមថា៖ «ការព្រួយបារម្ភ យើងចេះតែព្រួយបារម្ភហើយ ពីព្រោះថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ច មិនថាតិចឬច្រើនទេ វាតែងតែប៉ះពាល់ហើយ។ ទី១ ប៉ះពាល់ទៅដីប្រជាពលរដ្ឋ ទី២ ប៉ះពាល់បរិស្ថាន បើទីនោះមានព្រៃកោងកាងទៀត វានឹងធ្វើឱ្យប៉ះពាល់ដល់ព្រៃកោងកាង។ អ៊ីចឹងខ្ញុំគិតថា អាជ្ញាធរគួរតែសិក្សាឱ្យបានច្បាស់ទៅផលប៉ះពាល់បរិស្ថាន និងផលប៉ះពាល់ទៅដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់នោះផងដែរ»៕









